ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​​រវាង​​អ៊ីរ៉ង់​​និង​សហភាព​អឺរ៉ុប​បាន​​ផ្អាក​ដោយសារ​ការប្រឆាំង​​ការប្រហារ​ជីវិត


រូបឯកសារ៖ លោក Ruhollah Zam បានដំណើរការគណនីបណ្តាញសង្គមដែលមានប្រជាប្រិយភាពក្នុងអំឡុងពេលតវ៉ានៅអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៧។ (AFP)
រូបឯកសារ៖ លោក Ruhollah Zam បានដំណើរការគណនីបណ្តាញសង្គមដែលមានប្រជាប្រិយភាពក្នុងអំឡុងពេលតវ៉ានៅអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៧។ (AFP)

អ្នករៀបចំ​កិច្ចប្រជុំបាន​សម្រេច​ផ្អាក​វេទិការ​នៃ​កិច្ច​ប្រជុំ​ធុរកិច្ច​ដ៏​សំខាន់​មួយរវាង​សហភាព​អឺរ៉ុប​និង​អ៊ីរ៉ង់​ដែល​បាន​គ្រោង​បើក​នៅ​ថ្ងៃចន្ទ​នេះ​ ដោយសារតែ​មាន​ការប្រឆាំង​តវ៉ា​ជា​ខ្លាំង​ចំពោះ​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ប្រហារ​ជីវិតអ្នកប្រឆាំង​គឺ​ លោក Ruhollah Zam កាលពីចុង​សប្តាហ៍នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AFP។

វេទិការ​ធុរកិច្ច​អឺរ៉ុប-អ៊ីរ៉ង់​ដែលមាន​រយៈពេល​៣​ថ្ងៃ​ មាន​គម្រោងប្រព្រឹត្តទៅដោយ​មានការថ្លែង​សុន្ទរកថាពី​វាគ្មិន​សំខាន់ៗ​ ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ លោក Mohammad Javad Zarif​ និង​ប្រធាន​សហភាព​អ៊ឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស​ លោក Josep Borrell​ហើយ​បន្ទាប់​មក​នឹង​មាន​វេទិការ​ពិភាក្សាជាមួយ​ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផង​ដែរ។​

ប៉ុន្តែ​ការផ្អាក​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ពីរថ្ងៃ​បន្ទាប់​ពីអ៊ីរ៉ង់​បាន​ប្រហារជីវិត​លោក Ruhollah Zam​ដែល​បាន​ផ្សព្វផ្សាយពី​ការប្រឆាំង​តវ៉ាក្នុង​ឆ្នាំ​២០១៧​នៅ​លើ​បណ្តាញ​សង្គម​ដ៏មាន​ប្រជា​ប្រិយភាព​របស់​លោក។

​អ្នករៀបចំ​កម្មវិធីកិច្ចប្រជុំ​នេះ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​យប់​ថ្ងៃ​អាទិត្យ​ថា៖ «គណៈកម្មាធិការ​រៀបចំ​កិច្ច​ប្រជុំ​វេទិការ​ធុរកិច្ច​អឺរ៉ុប-អ៊ីរ៉ង់បាន​សម្រេច​ជំហរ​ដ៏​សំខាន់​ដើម្បី​ផ្អាក​កិច្ចប្រជុំ​នេះ»។​

ក្រសួង​ការបរទេស​បារាំង​បានបង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ Twitter ​ថា​ បន្ទាប់​«ពី​ការប្រហារ​ជីវិត​ដ៏​ឃោរឃៅ​និង​មិន​អាច​ទទួលយក​បាន»ចំពោះ​លោក Zam​ មក ឯកអគ្គរដ្ឋ​ទូត​របស់​បារាំង​ក្នុង​ទីក្រុង​តេហេរ៉ង់​ក៏​ដូច​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ផ្សេងៗ​ទៀត​ដែល​រួមមាន​ ប្រទេស​អាល្លឺម៉ង់​ អូទ្រីស​ និងអ៊ីតាលី​ផង​ដែរ​ បាន​លុបចោល​គម្រោង​ចូលរួម​វេទិការ​នោះ។

លោក Zam​ ត្រូវ​បាន​ព្យួរ​កនៅ​ថ្ងៃសៅរ៍​ បន្ទាប់ពី​តុលាការ​កំពូលអ៊ីរ៉ង់​បាន​រក្សាទុក​សាលក្រម​ប្រហារ​ជីវិត​ដែល​សម្រេច​ដោយ​តុលាការ​ជាន់ទាប​កាលពី​ខែ​មិថុនា ​ជុំ​វិញ​តួនាទីរបស់​លោក​ក្នុងព្រឹត្តិការណ៍​ប្រឆាំង​តវ៉ា​ក្នុង​អំឡុង​ពេលរដូវ​ត្រជាក់​ក្នុងឆ្នាំ​២០១៧​-២០១៨​ និងបទ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត៕

XS
SM
MD
LG