ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក៖ សកម្មភាព​ខាង​រាងកាយ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​៥លាននាក់​ក្នុង​មួយ​ឆ្នាំ


រូបឯកសារ៖ ស្ត្រី​អ៊ីតាលី រត់​ហាត់ប្រាណ នៅពេលដែល​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅតែ​បន្ត​កើត​មាន​ឡើង ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​ WHO បង្ហាញ​ថា ​មនុស្សពេញ​វ័យ​ម្នាក់ ​ក្នុង​បណ្តា​បួន​នាក់​ និង​មនុស្ស​ជំទង់៨០% មិន​បានធ្វើ​សកម្មភាពខាង​រាងកាយឱ្យ​បានគ្រប់គ្រាន់ទេ​ ហើយ​ថា ជា​ទូទៅ កុមារី​និងស្រ្តី ​ធ្វើ​សកម្មភាព​ខាង​រាង​កាយ តិច​ជាង​កុមារានិងបុរស។ ទីភ្នាក់​ងារនេះ​និយាយ​ថា ​ការណ៍នេះ ធ្វើ​ឱ្យ​មានផលមិន​ល្អដល់​សុខភាព​មនុស្ស និងសេដ្ឋកិច្ច​ពិភព​លោក​ផង​ដែរ។

ទីភ្នាក់ងារ​ WHO រាយការណ៍ថា​ សកម្មភាព​ខាង​រាង​កាយអាចជួយបញ្ចៀសកុំ​ឱ្យ​មានជំងឺ​បេះដូង​ ជំងឺទឹក​នោមផ្អែម​ប្រភេទទី២ និង​ជំងឺ​មហា​រីក ព្រមទាំង​កាត់​បន្ថយការចុះថយ​ខាង​ការចងចាំ​ដូច​ជា​ជំងឺ Alzheimer ជា​ដើម។ អង្គការ WHO ថ្លែង​ថា​ការ​គ្មាន​សកម្មភាព​ខាងរាងកាយ ក៏​អាច​នាំ​ឱ្យ​សង្គមមានបញ្ហា​សេដ្ឋកិច្ច​ដែរ។ ការចាយវាយ​ក្នុងពិភពលោក​លើ​ការថែទាំ​សុខភាព​ដោយ​ផ្ទាល់​ មាន​ប្រមាណ​៥៤ពាន់​លាន​ដុល្លារ ហើយមាន​ការ​ខាត​បង់​ផលិតផល​ចំនួន​១៤ពាន់​លាន​ដុល្លារ​ថែម​ទៀត។

លោក Ruediger Krech ដែលជា​នាយកខាង​ការឧបត្ថម្ភ​សុខភាព​នៃអង្គការ WHO ​និយាយ​ថា​ មិន​យ៉ឺត​ពេលទេ​ក្នុងចាប់ផ្តើម​ធ្វើចលនា។ លោក​ថ្លែង​ថា សកម្មភាព​ខាង​រាងកាយ​ណា​មួយ​ក៏ដោយ មិនថា​ការ​ដើរ ការជិះ​កង់ ការ​រាំ ការ​ធ្វើកិច្ចការ​ក្នុង​ផ្ទះ និង​កិច្ចការថែ​សួន​ច្បារ ​អាច​ទប់ទល់​នឹង​ផល​អាក្រក់នៃ​ការ​អង្គុយ​យូរ។

«អង្គការ WHO អំពាវនាវ​ឱ្យ​មនុស្សគ្រប់គ្នាធ្វើ​សកម្មភាព​ខាង​រាង​កាយ​ត​ទៅ​ទៀត​នៅ​ពេល​មានការរាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩។​ ប្រសិន​បើ​លោក​អ្នកមិន​ធ្វើ​សកម្មភាព​រាង​កាយ​ទេ​ យើង​អាចប្រឈម​នឹង​ការបង្កើត​ការរាតត្បាតមួយទៀត ​គឺ​សុខភាពមិន​ល្អ​ដោយសារ​លទ្ធផលនៃការអង្គុយ​ច្រើន»។

គោលការណ៍​ណែនាំថ្មី​របស់​អង្គការ​ WHO ​ផ្តល់អនុសាសន៍​ឱ្យមនុស្ស​ពេញ​វ័យ ហាត់ប្រាណ​ដែល​ចាប់​ពីការ​ចេញ​កម្លាំង​ល្មមៗ​ រហូត​ដល់​ការ​ចេញកម្លាំង​ខ្លាំង​ក្លា​យ៉ាង​តិចណាស់​១៥០ ទៅ៣០០នាទី ក្នុង​មួយអាទិត្យ ​និងជា​មធ្យម​ចំនួន​៦០នាទីក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ និង​មនុស្ស​វ័យជំទង់។

អ្នក​ស្រី Fiona Bull ប្រធាន​ផ្នែក​សកម្មភាពខាង​រាងកាយ​នៃអង្គការ WHO និយាយ​ថា​ ជា​លើក​ដំបូងហើយ​ ដែល​គោលការណ៍​ណែនាំទាំង​នេះ ពិនិត្យស៊ីជម្រៅ​អំពី​ផល​ប៉ះពាល់នៃ​ការអង្គុយច្រើន​លើសុខភាព។

«ភ័ស្តុតាង​បង្ហាញ​ថា​ ការអង្គុយ​ច្រើន​នាំ​ឱ្យ​មានផល​អាក្រក់​ចំពោះ​សុខភាព។ វា​អាច​បង្កើន​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​មិន​ឆ្លង ​ដូច​ជា​ជំងឺបេះដូង​ជា​ដើម...ហើយភ័ស្តុតាង​បង្ហាញ​ថា បើលោកអ្នក​ធ្វើ​សកម្មភាព​ខាងរាងកាយច្រើន​ជាង​មុន​ លោកអ្នកអាចទប់ទល់​នឹងផលប៉ះពាល់​អាក្រក់​នៃ​ការអង្គុយ​យូរ»។

គោលការណ៍​ណែនាំនៃ​អង្គការ​ WHO ​ក៏គូស​បញ្ជាក់​អំពី​អត្ថប្រយោជន៍នៃការ​ធ្វើ​សកម្មភាព​ខាង​រាង​កាយសម្រាប់​ពួក​ជន​កាយវិកល​ដែរ។ គោលការណ៍​ណែនាំ​ផ្តល់ការ​ទូន្មាន​ដល់​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំឱ្យធ្វើ​សកម្មភាពដែល​ជួយ​ពង្រឹង​សាច់​ដុំ ​និង​ធ្វើ​សកម្មភាព​ដែលជួយ​ឲ្យ​មាន​លំនឹង​ ដែល​អាច​ជួយ​បញ្ចៀស​កុំឱ្យ​ដួល​ព្រមទាំង​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ល្អ​ប្រសើរឡើង​ផង​ដែរ។

ប្រែសម្រួលដោយលោក ឈឹម​ សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG