សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃអង្គារនេះបានព្រមានថាការដកការអនុគ្រោះពន្ធសម្រាប់នាំទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបហៅថា«គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» នឹងធ្វើឲ្យអន្តរាយដល់ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា ធ្វើឲ្យខូចខាតដល់សហគមន៍ធុរកិច្ចសហភាពអឺរ៉ុប ខូចដល់គំនិតផ្តួចផ្តើមអភិវឌ្ឍរបស់អឺរ៉ុបនៅកម្ពុជានិងខូចខាតដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣៥០មកពីសហភាពអឺរ៉ុប កំពុងវិនិយោគទុននៅកម្ពុជា។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា«ការដកការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅកាន់អឺរ៉ុប ឬ EBA នឹងបំផ្លាញការខិតខំប្រឹងប្រែង»របស់ខ្លួន និងបំផ្លាញការខិតខំប្រឹងប្រែងរបស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបផងដែរ។
ការខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មនៃប្រទេសចំនួន២៨នេះបង្ហាញពីការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងផ្នែកច្បាប់និងលិខិតបទដ្ឋាននានា ដូចដែលខ្លួនខិតខំជំរុញផលប្រយោជន៍ពាណិជ្ជកម្មរបស់អឺរ៉ុបដូច្នេះដែរ។
លោក Blaise Kilian នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាដែលនិយាយភាសាខ្មែរយ៉ាងរត់មាត់ ប្រាប់VOA ថា ការដក EBA ពីកម្ពុជានឹងធ្វើឲ្យប៉ះពាល់ជាពិសេសដល់ជីវភាពកម្មករនៅកម្ពុជា។
«បើសិនមានការដក EBA វានឹងមានផលលំបាកយ៉ាងខ្លាំងទៅលើឥទ្ធិពលអឺរ៉ុបនៅកម្ពុជាក៏ដូចជាទៅលើជីវភាពរបស់កម្មករដែលគាត់រាល់ថ្ងៃកំពុងទទួលផលល្អពីEBA»។
ជាងនេះទៅទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សភាពាណិជ្ជកម្មអឺរ៉ុប រំលឹកថា «ការបង្ខិតបង្ខំខ្លាំងពេក ប្រហែលមិនអាចទទួលបានលទ្ធផលដែលខ្លួនចង់បាននោះទេ។ យើងបានឃើញហើយថាកម្ពុជាអាចនឹងទទួលបានការគាំទ្រពីប្រទេសមហាអំណាចដែលជាគូប្រជែងរបស់អឺរ៉ុបបើសិនជាកម្ពុជាទទួលសម្ពាធខ្លាំងពេក»។
សហភាពអឺរ៉ុបបានចាប់ផ្តើមសិក្សាលើលទ្ធភាពព្យួរ EBA ដល់កម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩ ដោយដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើឲ្យប្រសើរឡើងវិញនូវសិទ្ធិមនុស្សនិងសិទ្ធិការងារ រួមទាំងស្តារលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ដុនដាបចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិឡើងវិញ។ ការសិក្សាដែលមានរយៈពេលប្រាំមួយខែទើបតែបញ្ចប់កាលពីខែសីហា ហើយសហភាពអឺរ៉ុបនឹងត្រូវធ្វើការសម្រេចចិត្តជាចុងក្រោយនៅខែកុម្ភៈឆ្នាំ២០២០។
អ្នកជំនាញការរបស់ធនាគារពិភពលោកធ្លាប់បានវាយតម្លៃថាកម្ពុជាអាចនឹងបាត់បង់ចំណូលប្រមាណជា៦០០ ទៅ៧០០លានដុល្លារអាមេរិក ប្រសិនបើសហភាពអឺរ៉ុបព្យួរ EBA មែននោះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយប្រាប់VOAកាលពីល្ងាចថ្ងៃអង្គារនេះថា ភាគីអឺរ៉ុបនិងកម្ពុជាកំពុងធ្វើការពិភាក្សាស្វែងរកដំណោះស្រាយមួយដែលមិនប៉ះពាល់ភាគីណាមួយ។
«ភាគីទាំងពីរទាំងអឺរ៉ុប ក៏ដូចជាកម្ពុជាកំពុងតែជជែកគ្នាដើម្បបន្តការដោះស្រាយដើម្បីរកជ្រុងចំណេញរួមដែលឈ្នះទាំងសងខាង»។
លោកខេន លូ អគ្គលេខាធិការនិងជាអ្នកនាំពាក្យសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
យ៉ាងណាក៏ដោយ GMAC ធ្លាប់បានអំពាវនាវឲ្យសហភាពអឺរ៉ុប ពិចារណាជាថ្មីម្តងទៀត ចំពោះការព្យួរ EBA មកលើកម្ពុជា។ GMAC ក៏បានបកស្រាយដែរថាការព្យួរEBA នេះនឹងធ្វើឲ្យកម្មកររោងចក្ររាប់សែននាក់បាត់បង់ការងារ និងក្រុមគ្រួសាររបស់ពួកគេប្រមាណបីលាននាក់ត្រូវរងផលប៉ះពាល់៕