ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អ្នក​ជំនួញ​នៅ​កម្ពុជា​ប្រកាស​ថា​ ពន្ធ​គយ​សហភាព​អឺរ៉ុប​លើអង្ករ​កម្ពុជា​ប៉ះពាល់​កសិករ​ខ្មែរ


រូប​​ឯកសារ៖ កសិករ​ក្នុង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ស្ទូង​ស្រែ​របស់​ពួក​គាត់ នាថ្ងៃ​ទី០២​ ខែសីហាឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូប​​ឯកសារ៖ កសិករ​ក្នុង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ស្ទូង​ស្រែ​របស់​ពួក​គាត់ នាថ្ងៃ​ទី០២​ ខែសីហាឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អំពាវ​នាវ​កុំឲ្យ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA សម្រាប់​កម្ពុជា​ដែល​ប៉ះពាល់​កម្មករ​និង​គ្រួសារ​រាប់​សែន​គ្រួសារ ​​បន្ថែម​លើ​​ពន្ធគយ​លើ​អង្ករ​កម្ពុជា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កសិករច្រើនម៉ឺន​គ្រួសារជាស្រេច​ទៅហើយនោះ។​​​

ប្រទេស​កម្ពុជា​បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​អង្ករ​របស់​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​កន្លះ​លាន​នាក់​ដោយ​សារ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប ​ខណៈ​អឺរ៉ុប​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ប្រទេស​នេះដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ។​

កាលពី​ខែ​មករា ​សហគមន៍​អឺរ៉ុប​បាន​កំណត់​ពន្ធ​រយៈ​ពេល​៣​ឆ្នាំ​លើ​អង្ករ​ពី​កម្ពុជា​និង​ភូមា​ក្នុង​គោល​បំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហគមន៍​អឺរ៉ុប​ដូចជា​អ៊ីតាលី ​បន្ទាប់ពីមាន​ការ​កើនឡើង​នៃការនាំអង្ករ​ចូល​ពីប្រទេសនៅ​អាស៊ីទាំងពីរ​នេះ។​

សហព័ន្ធស្រូវ​អង្ករកម្ពុជា​ឲ្យ​ដឹង​ថា​រយៈពេល​៦​ខែ​ដំបូង​ ​បន្ទាប់​ពី​មាន​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​នោះ​ ​ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​សហ​ភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​គឺ​ចុះ​មក​ត្រឹម​៩៣.០០០​តោន។ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ការធ្លាក់​ចុះ​នេះ​ប៉ះ​ពាល់​ភាគច្រើន​ដល់​ពលរដ្ឋ​ចំនួន​៥០​ម៉ឺន​គ្រួសារ​ ​ដែល​ដំណាំ​ស្រូវ​ផ្កាម្លិះ​ និង​ស្រូវ​អង្ករ​ក្រអូប​គ្រាប់​វែង ទោះ​ជា​អង្ករ​ទាំង​នេះ​មិន​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ផ្ទាល់​ជាមួយ​ផលិត​ផល​ដាំ​នៅ​សហភាព​អឺរ៉ុប​ក៏​ដោយ។ ​

សហគមន៍​អឺរ៉ុប​កាលពី​ខែ​កុម្ភៈ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​១៨​ខែ​ ដែល​អាច​ឈាន​ដល់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់លើក​លែង​តែ​អាវុធ ​(EBA) ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​វិបត្តិ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ។ ​ការ​ត្រួត​ពិនិត្យ​នេះ​គឺដាច់​ដោយ​ឡែក​ពី​ការ​យក​ពន្ធអង្ករ។​

សហភាព​អឺរ៉ុប​ជាទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ជាង​១​ភាគ​៣​ ​រួមមាន​សម្លៀក​បំពាក់ ​ស្បែកជើង​និង​កង់។​

កាលពី​ខែ​មេសា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​នឹង​ជួយ​ប្រទេស​កម្ពុជា ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ​EBA ។ ​ប្រទេស​ចិន​ក៏​បាន​យល់​ព្រម​ទិញ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺនតោន។ ​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុនសែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG