ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ​នៅ​កម្ពុជា​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​បញ្ចេញ​មតិ​កាន់តែ​ត្រូវ​រឹតត្បិត


រូបឯកសារ៖ កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិស្តី​ពី «តម្រូវ​ការ​អាទិភាព​របស់​ស្រ្តី»នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

មុន​ពេល​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​នឹងប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ដែល​ត្រូវបាន​តាក់តែង​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​កម្ពុជា បាន​កត់​សម្គាល់​ថា ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​សកម្មជន​នយោបាយ​ពី​គណបក្ស​ប្រឆាំង ការ​តស៊ូ​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​របស់​ប្រជាពលរដ្ឋ​ ​ត្រូវ​បាន​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ឡើង​នៅ​កម្ពុជា។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ឲ្យ​ដឹង​ថា លំហរ​នៃ​ការ​បំពេញ​ការងារ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាន់​តែ​ចង្អៀត​ជាង​មុន។

លោក​បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ កាន់តែបង្កើន​ការ​រឹត​បន្តឹង។ សព្វថ្ងៃ​នេះ អាជ្ញាធរ​គាត់​ចាប់ផ្តើម​តាក់តិច​ថ្មី​នៅ​ក្នុង​ការ​គំរាម​កំហែង​ហ្នឹង​ណា ហើយ​ជា​ពិសេស​គឺ​អាជ្ញាធរ​បង្កើន​នូវ​ការ​គ្រប់គ្រង​និង​ការ​ជ្រៀត​ជ្រែក​ខ្លាំង​ជាង​មុន សូម្បី​តែ​ការងារ​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​អាជ្ញាធរ​មិន​ដែល​ធ្វើ​ពី​មុន ឥឡូវ​ចាប់​ផ្តើម​លូក​ដៃ ចាប់​ផ្តើម​ជ្រៀត​ជ្រែក»។

លោក ប៉ា ងួនទៀង ក៏​បាន​គូស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ ក្នុង​នោះ​រួម​មាន​ការ​តាមដាន​អត់​ឈប់ឈរ និង​ការ​គំរាម​កំហែង​លើ​សកម្មជន​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ភាគច្រើន​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ។ ជាក់​ស្តែង​រូប​លោក​ផ្ទាល់ រួម​ជាមួយ​នឹង​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ដូចជា​លោក ធន់ សារាយ ស្ថាបនិក​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក លោក គល់ បញ្ញា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល ត្រូវ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​ដោយសារ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​កម្ពុជា។

លោក​បាន​លើក​ឡើង​ថា៖ «‍អាជ្ញាធរ​មូលដ្ឋាន​សួរនាំ បង្កើត​ភាព​ស្មុគស្មាញ​តែ​ម្តង។ សួរនាំ អ្នក​ឯង​មាន​ច្បាប់​ទម្លាប់​ទេ? ហើយ​មាន​ច្បាប់​ហើយ សួរ​ថា អ្នក​ឯង​បាន​ជូន​ដំណឹង​ទេ? អ្នក​ឯង​មាន​ឯកសារ​នេះ​ទេ ឬ​នោះ​ទេ? សុំ​មើល​របៀប​វារៈ​ប្រជុំ​ ល។ល។ ឧទាហរណ៍ ដូច​សមាគម​កសិករ​មួយ ​គ្រាន់តែ​គាត់​បង្រៀន​កសិករ​ឲ្យ​ចិញ្ចឹម​មាន់​ហ្នឹង ក៏​ត្រូវបាន​អាជ្ញាធរ​ហាម​ឃាត់​ដែរ»។

រូបឯកសារ៖ កងសន្តិសុខ​ខណ្ឌចំការមន​ របស់​ទីក្រុងភ្នំពេញ​ ទប់ស្កាត់​អ្នកតវ៉ា​មិន​ឲ្យ​បិទ​ផ្លូវ​នៅជាប់​ក្រសួង​រៀបចំ​ដែន​ដី ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
រូបឯកសារ៖ កងសន្តិសុខ​ខណ្ឌចំការមន​ របស់​ទីក្រុងភ្នំពេញ​ ទប់ស្កាត់​អ្នកតវ៉ា​មិន​ឲ្យ​បិទ​ផ្លូវ​នៅជាប់​ក្រសួង​រៀបចំ​ដែន​ដី ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

យោង​តាម​សលាកបត្រ​ព័ត៌មាន​ចុះ​កាលពី​ចុង​ខែ​សីហា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឬ​ហៅកាត់​ថា (CCHR) ​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិភាព​នៅ​កម្ពុជា​ត្រូវបាន​បំពាន ដោយ​ការ​ប្រើប្រាស់​កង​កម្លាំង និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ។ សលាកបត្រ​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ខែ​មេសា ​ឆ្នាំ​២០១៨ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា​បាន​រំលោភការ​អនុវត្ត​សិទ្ធិ​របស់​សកម្មជន និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព ចំនួន​៩៩​ករណី។

ក្រៅ​ពី​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិភាព ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ត្រូវបាន​រឹត​បន្តឹង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ជាពិសេស​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨​មក។

ជាក់ស្តែង អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ចាប់​ខ្លួន និង​សួរ​នាំ ​បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចេញ​មតិ​នយោបាយ​ដែល​ខុស​ពី​និន្នាការ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។ កាលពី​ខែមីនា​កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ គង់ ម៉ាស់ ត្រូវបាន​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន បន្ទាប់​ពី​លោក​បាន​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន​រិះគន់​រដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស់​នៃ​ការ​ដកឋានៈ​អនុគ្រោះ​ពន្ធ EBA។

លោកស្រី មូ សុខហួរ អនុប្រធាន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ បាន​ប្រាប់​ VOA ថា៖ «ការ​បញ្ចេញ​មតិ ទោះ​បី​ជា​មតិ​នោះ​គាំទ្រ មតិ​ផ្ទុយ មតិ​ប្រឆាំង គឺជា​សិទ្ធិ ហើយ​សិទ្ធិ​នេះ​គឺជា​សិទ្ធិ​នៃ​មនុស្ស​ដែល​កើត​មក​ត្រូវ​តែ​មាន​មតិ។ ពេល​ណា​យើង​អត់​បញ្ចេញ​មតិ អារម្មណ៍​យើង​នឹង​ស្លាប់។ បើសិន​ជា​អារម្មណ៍​យើង​នឹង​ស្លាប់ ប្រជាធិបតេយ្យ​នឹង​ស្លាប់‍»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អង្គការ​សហប្រជាជាតិ​កំពុង​តែ​ឃ្លាំ​មើល និង​កត់​សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ជាពិសេស​សិទ្ធិ​នយោបាយ។

នា​ឱកាស​បើក​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​ក្នុង​សប្តាហ៍​នេះ លោកស្រី Michelle Bachelet ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក៏​បាន​លើក​ឡើង​ថា​ លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ពីសិទ្ធិ​នយោបាយ​របស់​អតីត​សកម្មជន​នយោបាយ​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ កាលពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ។

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ ចូលរួម​ក្នុងកិច្ចប្រជុំមួយស្តីពីក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ ចូលរួម​ក្នុងកិច្ចប្រជុំមួយស្តីពីក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក​ស្រី​បាន​ថ្លែងជា​ភាសា​អង់គ្លេស​និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «‍នៅ​កម្ពុជា ស្រប​ពេល​ដែល​យើង​ទទួល​ស្គាល់​ការ​សហការ​ពី​អាជ្ញាធរ​កម្ពុជា​ជាមួយ​នឹង​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់​ជា​បន្តបន្ទាប់​លើ​សមាជិក និង​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង ដែល​ត្រូវបាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧»។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «សិទ្ធិ​ដើម្បី​ការ​អភិឌ្ឍន៍​ចាំបាច់​ត្រូវ​ផ្តោត​លើ​ការ​ចូលរួម​របស់​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ដំណើរការសេចក្តី​សម្រេចចិត្ត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ដែល​ផ្តល់​មតិ​រិះ​គន់​ផងដែរ ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល [កម្ពុជា] ចាត់​វិធានការ​នានា​ដើម្បី​ធានា​ឲ្យ​មានការ​ចរចា​គ្នា​ដ៏​ពិតប្រាកដ និង​ការ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន‍»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី Bachelet ក៏​បាន​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក ប៉ូលិស​និង​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ខ្លួន​សួរនាំ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៣០នាក់ ហើយយ៉ាងតិច​សកម្មជន​នយោបាយ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន​ ២២នាក់ ​កំពុង​ជាប់​ឃុំ ​ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​នយោបាយ​របស់​ពួកគេ។

ថ្មីៗ​នេះ លោក ហ៊ុន សុខគង់ សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់​ចាម ដែល​ជា​អតីត​មេឃុំ​បុសខ្នុរ ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន ​ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បទ​សម​គំនិត​ក្នុង​អំពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បីនាក់​ទៀត​នៅ​ខេត្ត​កំពង​ធំ ក៏​ត្រូវបាន​ចាប់​ខ្លួន​សួរ​នាំ និង​ឃុំ​ខ្លួន​ពី​ប្រមាថ​នាយក​រដ្ឋមន្ត្រី និង​ឃោសនា​នយោបាយ​ឲ្យ​រង់ចាំ​ទទួល​ការ​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី។

លោកស្រី មូ សុខហួរ អនុប្រធាន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​ បាន​ថ្កោល​ទោស​ការ​បន្ត​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​អះអាង​ថា អ្នក​ទាំង​អស់​នេះ​ជា​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ការ​ឈឺចាប់ ​និង​ចង់​បង្ហាញ​ក្តី​កង្វល់​របស់​ពួកគេ​ពី​អនាគត​ប្រទេស​ជាតិ។

លោក​ស្រី​បាន​ប្រាប់ VOA ថា៖ «​ចំពោះ​ខ្ញុំ​ដែល​ជា​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​អាច​ទទួល​យក និង​អនុញ្ញាត​បាន​ជា​ដាច់​ខាត​នូវ​ការ​ចាប់ចង​សកម្មជន​ ទោះ​បីជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។ ដូច្នេះ ការ​ចាប់ចង​ឪពុក​ ការ​ចាប់​ចង​ម្តាយ​ដែល​ជា​មេ​គ្រួសារ​ វា​ធ្វើ​ឲ្យ​មាន​ការ​បាក់បែក​ទៅ​ដល់​កូន​ចៅ ទៅ​ដល់​គ្រួសារ ការ​បាត់បង់​ការ​អប់រំ​ដល់​កុមារ រហូត​ដល់​ត្រូវ​បង្ខំ​ខ្លួន​រត់​ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ។ នេះ​គឺជា​សោកនាដកម្ម​ដ៏​ធំធេង​សម្រាប់​គ្រួសារ​ខ្មែរយើង​ណាស់»។

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨។

យ៉ាងណាមិញ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ត្រូវបាន​បំផ្លាញ ហើយ​ក៏​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ពី​ការ​រឹតបន្តឹង​របស់​អាជ្ញាធរ​កម្ពុជា​លើ​ការ​អនុវត្តសិទ្ធិ​មូលដ្ឋាន​នៅ​កម្ពុជា។

លោក សុខ ឥសាន សមាជិក​រដ្ឋ​សភា​ជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បានអះអាង​ថា ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​«កំពុង​តែ​បន្ត​ជីវភាព​រស់នៅ​ដោយ​សន្តិភាព និង​ដោយ​ភាពសម្បូរសប្បាយ​ មិន​មាន​ភាព​ចលាចល​អ្វី‍»​ ដូចដែល​ការ​អះអាង​ថា កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ក៏​បាន​អះអាង​បន្ថែម​ទៀតថា ​រដ្ឋាភិបាល​ស្វាគមន៍​រាល់​ការ​អនុវត្តសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ អំពី​សកម្មភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា​របស់​មន្ត្រី​រដ្ឋាភិបាល។

លោក​បាន​ប្រាប់ VOA ថា៖ «‍គឺ​ថា​រាជរដ្ឋាភិបាល​លោក​ស្វាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​មតិ ហើយ​ផ្តល់​ព័ត៌មាន​បាន​ទាន់​ពេល​វេលា​ចំពោះ​បាតុភាព​អសកម្ម​ទាំង​ឡាយ​ណា​ដែល​កើត​ឡើង​ចេញ​ពី​មន្ត្រី ពីព្រោះ​មន្ត្រី​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ក៏​ដូចជា​គណបក្ស​កាន់​អំណាច​ហ្នឹង គឺ​ចង់​ឲ្យ​គាត់ ឲ្យ​មន្ត្រី​នីមួយៗ​ ម្នាក់ៗ​ហ្នឹង បម្រើ​ប្រជាជន​ដោយ​ស្មោះស្ម័គ្រ​នៅ​ក្នុង​ដួង​ចិត្ត ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ មិន​ឲ្យ​ប៉ះពាល់​អ្វី​ដល់​ផល​ប្រយោជន៍​ ក៏​ដូច​ជា​សតិ​អារម្មណ៍​ប្រជាជន​ទេ»។

ប៉ុន្តែ​លោក​ថា ការ​បញ្ចេញ​មតិ​ទាំង​នោះ​ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅ​តាម​មាត្រា​ដែល​មាន​ចែង​ក្នុង​ច្បាប់​កម្ពុជា។

លោក សុខ ឥសាន បាន​បន្ត​ថា៖ «‍ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​ ក៏​ប៉ុន្តែ​លើកលែង​តែ​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ សេចក្តី​ថ្លៃថ្នូរ ឬ​មួយ​កិត្តិយស​របស់​អ្នក​ដទៃ។ អាហ្នឹង​បើ​ប៉ះពាល់​ហ្នឹង វា​គង​គ្នា កាលណា​គង​គ្នា វា​នាំ​ឲ្យ​មាន​បដិវាទកម្ម​ មាន​ទំនាស់​ហើយ។ អីចឹង​រដ្ឋធម្មនុញ្ញ​លោក​ចែង​ច្បាស់​ណាស់»។

នៅ​ឆ្នាំ​២០១៩​នេះ អង្គការ​ Freedom House ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​«មិន​មាន​សេរីភាព»។ អ្នក​នាង Olivia Enos អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​នៃ​មូលនិធិ Heritage ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​កត់សម្គាល់​ថា តាំងពី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ត្រូវបាន​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អ្នក​នាង​បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​យល់​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង្គោះ​រង្គើ។ ហើយ​ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់​ដែល​សហរដ្ឋ​អាមេរិក​បង្កើត​គោលនយោបាយ​នានា ដែល​អាច​ជួយ​ពង្រីក​លំហរ​សេរីភាព​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ជួយ​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ជា​អកុសល ខ្ញុំ​គិត​ថា នាពេល​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ទេ»។

ទោះ​ជា​យ៉ាង​ណា​មិញ នា​ឱកាស​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​ឆ្នាំ​២០១៩​នេះ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​តែ​បន្ត​សង្ឃឹម​ថា កម្ពុជា​អាច​នឹង​វិល​ទៅ​រក​ការ​បើក​ចំហរ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ពេញលេញ​ជាង​ពេល​បច្ចុប្បន្ន​នេះ ហើយ​រំពឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ការ​អំពាវនាវ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​អាច​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG