ក្រុមអង្គការសង្គមស៊ីវិលចំនួនប្រាំពីរនៅក្នុងប្រទេសកម្ពុជា បានស្នើសហភាពអឺរ៉ុប ផ្អាកកិច្ចសហការជាមួយវៀតណាមក្នុងការនាំឈើចេញពីប្រទេសវៀតណាមដែលហៅថា«កិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្ត» ហៅកាត់ថា (VPA) រវាងប្រទេសវៀតណាម និងសហគមន៍អឺរ៉ុប ដោយបារម្ភពី វិនាសកម្មដែលអាចកើតមានបន្ថែមទៀតទៅលើធនធានព្រៃឈើរបស់កម្ពុជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។
សេចក្តីថ្លែងការណ៍ដែលបានផ្ញើជូនទៅសហភាពអឺរ៉ុបកាលពីថ្ងៃ១០ ខែតុលា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០១៨នេះ សហគមន៍អឺរ៉ុប គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូស្ម័គ្រចិត្តនេះ ជាមួយវៀតណាមក្រោមដំណើរការនៃវិធានគ្រប់គ្រងព្រៃឈើ និងការអនុវត្តន៍ច្បាប់ការគ្រប់គ្រង និងអាជីវកម្មឈើរបស់សហគមន៍អឺរ៉ុប (The EUTR and FLEG/T)។ ទោះបីជាយ៉ាងណាក៏ដោយ មានការខ្វះចន្លោះជាច្រើននៅក្នុងកិច្ចព្រមព្រៀងនោះ ដែលក្នុងនោះ គឺមានលំហូរឈើខុសច្បាប់ជាបន្តបន្ទាប់ចូលទៅទីផ្សារវៀតណាម ពីប្រទេសជិតខាងនានា ក្នុងចំណោមនោះ ភាគច្រើនមកពីកម្ពុជាតែម្តង។
ក្រុមអង្គការសង្គមស៊ីវិលទាំងប្រាំពីរ ដែលមួយចំនួនកំពុងធ្វើការតស៊ូមតិការពារធនធានព្រៃឈើនៅកម្ពុជា បានពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេចុះថ្ងៃទី១០ ខែតុលាថា ឧស្សាហកម្មកែច្នៃឈើខ្នាតធំរបស់វៀតណាមកំពុងកំណត់ទិសដៅធនធានព្រៃឈើដ៏សម្បូរបែបរបស់ចាប់តាំងពីសម័យសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកហើយ។
ក្រុមអង្គការសង្គមស៊ីវិល បានបញ្ជាក់ទៀតថា លំហូរឈើដ៏ធំធេង ដែលភាគច្រើនកើតចេញពីការបំពានច្បាប់ និងបទបញ្ជារបស់កម្ពុជានេះ ត្រូវបានចងក្រងទុកជាឯកសារ ជាច្រើនលើកច្រើនសារ។ ការវិវត្តន៍ថ្មីៗនៃការអនុវត្តច្បាប់ព្រៃឈើនៅក្នុងប្រទេសឡាវ បានបង្កើនសម្ពាធរបស់វៀតណាមមកលើព្រៃឈើកម្ពុជាកាន់តែច្រើនថែមទៀត។ ឈ្មួញឈើវៀតណាមកំពុងតែសកម្មក្នុងការបំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជា ដោយសូកប៉ាន់មន្ត្រីរដ្ឋនៅគ្រប់កម្រិតនៅតាមបណ្តាខេត្តនានាដើម្បីរកស៊ីឈើដែលមានតម្លៃទាំងនេះ ក្រៅពីក្របខណ្ឌច្បាប់។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការស៊ីវិលបានបញ្ជាក់ថា៖
«ជារឿយៗ ប្រជាជនជនជាតិដើមភាគតិចត្រូវបានគេបង្ខិតបង្ខំ និងធ្វើបាបឲ្យយល់ព្រមលក់ដីព្រៃដូនតារបស់ពួកគេដោយតម្លៃតិចតួច»។
លោក អ៊ូច ឡេង អ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងជាប្រធាន អង្គការកិច្ចការពិសេសសិទ្ធិមនុស្ស (CHRTF) បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកបានស្នើដល់ភាគីសហគមន៍អឺរ៉ុប និងភាគីវៀតណាមជាច្រើនដងមកហើយអំពីភាពមិនប្រក្រតីនៃការនាំឈើពីកម្ពុជាទៅវៀតណាម នៅមុនភាគីទាំងពីរគ្រោងចុះកិច្ចព្រមព្រៀង VPA នៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ។
លោកមានប្រសាសន៍ថា ប្រសិនបើសហភាពអឺរ៉ុបគឃ្លើនចុះកិច្ចព្រមព្រៀងនេះជាមួយភាគី វៀតណាមមែននោះ នោះលោកនឹងប្រមូលការគាំទ្រជាលក្ខណៈអន្តរជាតិដាក់សម្ពាធលើសហភាពអឺរ៉ុប និងវៀតណាម ឲ្យមានការកែលម្អកិច្ចព្រមព្រៀងនោះ។
«ខ្ញុំនឹងតស៊ូក្រាញននៀលរហូតដល់សហគមន៍អឺរ៉ុប គាត់ធ្វើការផ្លាស់ប្តូរចិត្តហើយទោះបីយ៉ាងណា ទោះបីជាសហគមន៍អឺរ៉ុបគាត់បានចុះហត្ថលេខាយ៉ាងណាក៏ដោយ ក៏យើងអាចនឹងគៀងគរពិភពលោកទាំងអស់ ដើម្បីស្តីបន្ទោសទៅសហគមន៍អឺរ៉ុបដែលគាត់ធ្វើការ ការពារព្រៃឈើក៏ដូចជាបរិស្ថាន សំឡឹងមើលឃើញតែផលប្រយោជន៍រាប់កោដិដុល្លារពីព្រៃឈើ ដែលសុំឲ្យគាត់ផ្លាស់ប្តូរចិត្ត ព្រោះថា អ្វីដែលយើងរកឃើញ គឺថា បើមិនមានអ្នកទិញទេ ក៏អត់មានអ្នកលក់ ហើយក៏អត់មាន អ្នកកាប់ដែរ មកពីអាអ្នកទិញហ្នឹងហើយ បានធ្វើឲ្យមាន វិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា»។
លោកអ៊ូច ឡេង អះអាងថា លោក និងអង្គការសង្គមស៊ីវិល ក៏ដូចជាអាជ្ញាធរកម្ពុជា និងអ្នកកាសែត មានភស្តុតាងគ្រប់គ្រាន់បញ្ជក់ថា មានការរត់ពន្ធឈើពីកម្ពុជាទៅវៀតណាម។
លោកនិយាយបន្ថែមថា៖
«អ្នកកាសែតក្នុងស្រុកក៏មានភស្តុតាង អ្នកកាសែតអន្តរជាតិក៏មានភស្តុតាង មន្ត្រីរដ្ឋាភិបាលក៏មានភស្តុតាង មន្ត្រីកងរាជអាវុធហត្ថរបស់ឯកឧត្តមសៅ សុខា ក៏គាត់មានភស្តុតាង មន្ត្រី ឯកឧត្តម សម្តេចក្រឡាហោម ក៏លោកមានភស្តុតាង ដែលលោកបាននិយាយកន្លងមកហើយ បើលោកអត់មានភស្តុតាងលោកក៏លោកអត់បាន អត់ហ៊ាននិយាយដែរ គឺយើងមានភស្តុតាងគ្រប់គ្រាន់អំពីការរត់ពន្ធឈើទៅប្រទេសវៀតណាម»។
កាលពីថ្ងៃទី២៥ ខែកញ្ញា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ក្រុមមន្ត្រីលោក ក្នុងពិធីជួបជុំមួយនៅខេត្តបាត់ដំបងថា មានភស្តុតាងបញ្ជាក់ពីការបំផ្លាញឈើ ដែលភស្តុតាងត្រូវបានប្រមូលពីប្រព័ន្ធផ្កាយរណប។
លោកមានប្រសាសន៍ថា៖
«ទាក់ទងនឹងការគេថតពីផ្កាយរណប អត់មានលាក់អីជិតទេ គេ live [ផ្សាយបន្តផ្ទាល់] ឲ្យយើងមើលហ្មង អាដឹកឈើទៅណា ចេញទៅណាៗអី គេlive ឲ្យយើងមើលហ្មង ហើយតាមដឹងដូចជាមណ្ឌលគិរី ឥឡូវសុំផ្តាំទៅអភិបាលខេត្តមណ្ឌលគិរីសុំឲ្យមើល បើមិនមើលទេ ចៅហ្វាយខេត្តហ្នឹងក៏មានរឿងដែរ មិនត្រឹមតែមើលទេ ដោះស្រាយ»។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងប្រាំពីរដែលបានផ្ញើទៅកាន់សហភាពអឺរ៉ុប និងវៀតណាមផងនោះ បានបន្តឲ្យដឹងថា «អភិបាលកិច្ចទន់ខ្សោយ និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ នៅតែជាឧបសគ្គដ៏ចម្បងមួយនៅក្នុងការលើកស្ទួយការគ្រប់គ្រងព្រៃឈើនេះដដែល»។
លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើប្រាប់ VOA នៅថ្ងៃច័ន្ទ ថាមានការឆកល្វែងនៅតាមពំ្រដែន ដែលបង្កឲ្យមានការរត់ពន្ធព្រៃឈើ ពីកម្ពុជាទៅប្រទេសវៀតណាម។ លោកឲ្យដឹងថា នៅថ្ងៃអង្គារស្អែកនេះ នឹងមានការជួបប្រជុំជាមួយប្រតិភូវៀតណាមទទួលបន្ទុកព្រៃឈើ ដើម្បីពិភាក្សាអំពីបទល្មើសព្រៃឈើនេះ។
«ថ្ងៃស្អែកហ្នឹង គឺប្រហែលខ្ញុំត្រូវជួបជាមួយប្រតិភូខាងវៀតណាមហើយ ប៉ុន្តែគេអត់ទាន់ដឹងថា ម៉ោងប៉ុន្មាន ហើយយើងក៏ ក៏នឹងពិភាក្សាជាមួយខាងភាគីប្រតិភូវៀតណាមដែរ ដើម្បីធ្វើម៉េច រួមគ្នាទប់ស្កាត់កុំឲ្យមានលំហូរឈើ ខុសច្បាប់ នៅតាមព្រំដែនហ្នឹងបាទ»។
លោក កែវ អូម៉ាលីស្ស បានឲ្យដឹងទៀតថា លោកមិនទាន់ឃើញលិខិតរបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ជូនសហភាពអឺរ៉ុបនោះទេ។ ប៉ុន្តែលោកថា សហភាពអឺរ៉ុបមានតួនាទីមួយក្នុងការរួមចំណែកជួយទប់ស្កាត់បទល្មើសព្រៃឈើទាំងនៅកម្ពុជា និងវៀតណាម។
VOA ព្យាយាមសុំការអធិប្បាយពីស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តែមិនទាន់មានការឆ្លើយតបមកទល់នឹងល្ងាចថ្ងៃច័ន្ទ។
ក្រុមអង្គការសង្គមស៊ីវិលដែលបានផ្ញើសេចក្តីថ្លែងការណ៍របស់ខ្លួនទៅស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមថាសហភាពអឺរ៉ុប មានមោទនភាពក្នុងការលើកកម្ពស់បទដ្ឋានអន្តរជាតិនៅក្នុងការចរចាពាណិជ្ជកម្មរបស់ខ្លួន។ VPA ជាមួយវៀតណាម នៅមានការខ្វះខាតបទប្បញ្ញត្តិសំខាន់ៗមួយចំនួនទៀត ដែលអ្នកសង្កេតការណ៍ចាត់ទុកថាមានសារៈសំខាន់សម្រាប់ VPA ដើម្បីបំពេញគោលបំណងរបស់ខ្លួន។
ពួកគេបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ការទទួលយកនូវលំហូរឈើខុសច្បាប់ជាបន្តបន្ទាប់ ពីកម្ពុជាបានដាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមឲ្យស្ថិតក្នុងការសង្ស័យ និងលទ្ធភាពនៃការបង្កើត VPA ដោយខ្លួនឯង»។
ក្រុមអង្គការសង្គមស៊ីវិលបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសកម្ពុជា និងវៀតណាម មិនមែនជាបញ្ហាបច្ចេកទេសដែលត្រូវទុកឱ្យមន្រ្តី ព្រៃឈើធ្វើការនោះទេ។ វាគឺជាការលួចទ្រព្យ សម្បត្តិរបស់រដ្ឋទ្រង់ទ្រាយធំ ដែលមានតម្លៃរាប់រយលានអឺរ៉ូជារៀង រាល់ឆ្នាំ។ ហើយ ក៏មិនមែនជាបទល្មើសដែលគ្មានជនរងគ្រោះនោះដែរ។ ក្រៅពីការធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល នៃប្រទេសកម្ពុជា កាន់តែក្រទៅៗនោះ ឧទ្យានុរក្សខ្លះ អ្នកអភិរក្សខ្លះ និងអ្នកកាសែតជាច្រើននាក់ ត្រូវបាន សម្លាប់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ ទាក់ទងទៅនឹងការជួញដូរខុសច្បាប់នេះទៀតសោត។
ក្រុមអង្គការសង្គមស៊ីវិលដដែល បានលើកជាអនុសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង VPA «គួរតែត្រូវបានពន្យារពេល»។ វាគួរតែដាក់លក្ខខណ្ឌលើប្រទេសវៀតណាម ដោយប្រកាសឲ្យផ្អាកការនាំឈើចេញទាំងអស់ ពីព្រៃធម្មជាតិនៃប្រទេសកម្ពុជា រហូតមកដល់មានការកំណត់តួនាទីលើប្រព័ន្ធធានារ៉ាប់រងឈើស្របច្បាប់ (TLAS) នានា ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងVPA នេះ ឲ្យបានច្បាស់លាស់ជាមុនសិន។
អង្គការឃ្លាំមើលព្រៃឈើ Forest Trends បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០១៨ បានបញ្ជាក់ថា ទិន្នន័យរបស់គយវៀតណាមបង្ហាញអំពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់អំពីការនាំចូលឈើហុប និងឈើអារពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧។
ទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើ Forest Trends នោះបានបង្ហាញថា ឈើប្រមាណជាង១៦ម៉ឺន (១៦៣.០៧១) ម៉ែត្រគូបរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ ពោលគឺមានការកើនឡើងចំនួន១៧ភាគរយ លើសពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញ បានកើនឡើងដល់ ២១ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក៕