ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើ​ឲ្យ​វៀតណាម​​ចាត់​វិធាន​ការ​​តឹងរ៉ឹង​លើ​ការ​នាំ​ចូល​ឈើ​ ​និង​ការ​នេសាទ​ឆ្លងដែន​ខុស​ច្បាប់


រូបឯកសារ៖ អ្នក​នេសាទ​លើក​មង​ចាប់​ត្រីនៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។
រូបឯកសារ៖ អ្នក​នេសាទ​លើក​មង​ចាប់​ត្រីនៅ​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។

​កាលពី​ថ្ងៃសុក្រ​នេះ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​អំពី​ជំនួប​រវាង​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​ ​និង​រដ្ឋ​មន្រ្តី​កសិកម្ម​វៀតណាម​ ​ដោយ​ក្នុង​ជំនួប​នោះ​ ​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​មាន​វិធានការ​ឲ្យបាន​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ​និង​ការ​នេសាទ​ឆ្លង​ដែន​ខុសច្បាប់។​ ​អ្នកឃ្លាំមើល​សង្គម​យល់ថា​ ​ការទប់ស្កាត់​ដែល​មាន​ប្រសិទ្ធភាព​ ​លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការប្រើ​ប្រាស់​យន្តការ​ច្បាប់​មក​អនុវត្ត​ដោយខ្លួនឯង។

រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ ​ចាត់​វិធាន​ការ​ឲ្យបាន​តឹងរ៉ឹង​លើ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​អនុផល​ព្រៃឈើ​ខុស​ច្បាប់​ និង​ការ​នេសាទ​ឆ្លងដែន​ខុស​ច្បាប់។​ ​នេះ​បើ​តាម​ការផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​កសិកម្ម​កម្ពុជា។​

​បើ​តាម​អត្ថបទ​ព័ត៌មាន​របស់​ក្រ​សួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នេះ​ ​បញ្ជាក់​ថា​ ​លោក​ ​វេង សាខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​និង​ជា​គណៈ​ប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​កម្ពុជា​ ​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ ​ជាមួយ​លោក​ ​ង្វៀន សួនគឿង​ ​រដ្ឋមន្រ្តី​កសិកម្ម​ ​និង​អភិវឌ្ឍ​ជនបទ​ប្រទេស​វៀតណាម​ ​នា​ព្រឹក​ថ្ងៃទី១២​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម។

​អត្ថ​បទ​ព័ត៌​នោះ​សរសេរ​ថា​លោក​ ​វេង សាខុន​ ​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ ​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើន​តម្លៃ​កៅស៊ូ​ដែល​ប្រមូល​ទិញ​ពី​កម្ពុជា​ ​និង​ស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​ពង្រឹង​ការ​បង្ការ​ ​និង​ទប់​ស្កាត់​ជំងឺឆ្លង​រាតត្បាត​ ​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​រវាង​ប្រទេស​ទាំងពីរ​ ​ព្រមទាំង​ស្នើ​ឲ្យ​ភាគី​វៀត​ណាម​មាន​វិធានការ​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​នេសាទ​ផង​ដែរ។​

​អត្ថបទ​អម​ដោយ​រូបភាព​ជំនួប​រវាង​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«លោក​រដ្ឋមន្រ្តី​ ​[វេង សាខុន]​ ​បាន​ស្នើ​ដល់​ភាគី​វៀតណាម​ ​ជួយ​មាន​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​ ​ពាក់​ព័ន្ធ​ដល់​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​ ​និង​ការ​នេសាទ​ឆ្លងដែន​ខុស​ច្បាប់​ ​ពុំ​មានការ​អនុញ្ញាត​ ​និង​មិន​មាន​របាយការណ៍​ ​ព្រោះ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ ​រៀបចំ​លិខិត​បទដ្ឋាន​នានា​ ​ដែល​សមស្រប​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​សហ​ភាព​អ៊ឺ​រ៉ុប»។​

​អត្ថបទ​លើ​គេហទំព័រ​ក្រសួង​កសិកម្ម​កម្ពុជា​ដដែល​នោះ​បន្ថែម​ថា ​លោក ​ង្វៀន សួន​គឿង​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​វៀតណាម​បាន​ឆ្លើយត​ប​ប្រកបដោយ​ភាព​វិជ្ជមាន​ និង​បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​រៀបចំ​ក្រុម​ការងារ​កម្រិត​ជំនាញ​ដើម្បី​បន្ត​ពិភាក្សា​ និង​ដោះស្រាយ​បញ្ហា​នានា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ និង​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

​លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ប្រាប់​ ​VOA​ ​ថា​ ​ការ​ស្នើ​ទៅ​វិញ​ទៅមក​រវាង​រដ្ឋមន្រ្តី​ក្រសួង​នៃ​ប្រទេស​ទាំងពីរ​ ​គឺជា​ទំនាក់​ទំនង​បែប​បច្ចេកទេស​ ​ដែល​លោក​ថា​ ​មិន​អាច​មានប្រសិទ្ធភាព​ណាមួយ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ការ​អភិវឌ្ឍ​វិស័យ​ណាមួយ​ ​ឬ​ការ​ចាត់​វិធាន​ការ​ទប់ស្កាត់​បញ្ហា​ណាមួយ​បាន​ ​លុះត្រាតែ​កម្ពុជា​ខ្លួនឯង​ជា​អ្នកប្រើ​ប្រាស់​ផ្លូវច្បាប់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«ការអនុវត្ត​ន៍​ច្បាប់​របស់​កម្ពុជា​ហ្នឹង​ ​ដែល​កម្ពុជា​តែង​អះអាង​ថា​យើង​ជារ​ដ្ឋ​អធិបតេយ្យ​ហ្នឹង។​ ប៉ុន្តែ​សូម្បីតែ​រឿង​កំប៉ិកកំប៉ុក​ ​ការ​នេសាទ​ខុសច្បាប់​អីហ្នឹង ក៏​យើង​មិន​មាន​វិធានការ​អនុវត្ត​ច្បាប់​ឲ្យ​មានប្រសិទ្ធភាព​ផង​ហ្នឹង។​ ​អញ្ចឹង​សួរ​ថា​តើ​គ្រាន់តែ​ការ​ជជែកគ្នា​នៅក្នុង​កម្រិត​មួយ​ កម្រិត​ក្រសួង​ ​តើ​វា​អាច​ទៅរួច​ដែរ​ ​ឬទេ​?​ ​អញ្ចឹង​ខ្ញុំ​នៅតែ​លើកទឹកចិត្ត​ឲ្យ​មានការ​អនុវត្ត​ន៍​ច្បាប់​ដែល​មានស្រាប់ ហើយរឿង​អនុវត្ត​ច្បាប់​ហ្នឹង កុំ​ឲ្យ​យក​រឿង​ជំពាក់ជំពិន​ក្នុង​កម្រិត​នយោបាយ​មក​ពាក់ព័ន្ធ»។​

​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​បាន​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ថា​ ​ទិន្នន័យ​របស់​គយ​វៀតណាម​បង្ហាញ​អំពី​ការ​កើន​ឡើង​ដ៏​គួរឲ្យ​កត់​សម្គាល់​អំពី​ការ​នាំ​ចូល​ឈើហុប​ ​និង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ ២០១៧។​

​ទិន្នន័យ​ដែល​ចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​នោះ​បាន​បង្ហាញ​ថា​ ​ឈើ​ប្រ​មាណ​ជាង១៦ម៉ឺន​ ​(១៦៣,០៧១)​ ​ម៉ែត្រគូប​របស់​កម្ពុជា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ ​២០១៧ ពោល​គឺ​មានការ​កើនឡើង​ចំនួន​១៧​ភាគរយ​ លើស​ពីឆ្នាំ​មុន ហើយ​តម្លៃ​នៃ​ការនាំ​ចេញ​ ​បាន​កើនឡើង​ដល់​ ​២១​ភាគរយ​ ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា​ ​៤០លាន​ដុល្លារ​អាមេរិក។​

​យ៉ាងណា​ក្តី​ ​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​ ​តែង​ប្រកាស​ហាម​ឃាត់​ការ​កាប់​ឈើ​ ​និង​ការ​នាំចេញ​ឈើ​ទៅ​បរទេស​ជាច្រើន​ដង។​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ថា​ការ​កាប់​ឈើ​ខ្នាត​ធំ​ ​លែង​មាននៅ​កម្ពុជា​ជា​ដើម៕

XS
SM
MD
LG