មេដឹកនាំរដ្ឋាភិបាលខ្មែរលោកហ៊ុន សែន បានប្រាប់សមភាគីរបស់លោកគឺលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ឲ្យបង្កើនកិច្ចសហការរវាងប្រទេសទាំងពីរនៅក្នុងការដោះស្រាយបញ្ចប់បញ្ហាព្រំដែននៅតំបន់អូរតាង៉ាវ ដែលជាទីតាំងមានទំនាស់ ដោយមិនឲ្យមានវត្តមានយោធា និងប្រជាជននៅតំបន់នោះ។ នេះបើយោងតាមវីដេអូខ្លីមួយ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ការថ្លែងរបស់លោកហ៊ុន សែន អំពីវិធានការនានាដើម្បីដោះស្រាយទំនាស់ព្រំដែននៅតំបន់អូរតាង៉ាវនោះបានធ្វើឡើង ក្នុងពេលលោកជួបជាលក្ខណៈទេ្វភាគីជាមួយលោកថងលួន ស៊ីសូលីត នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានរៀបចំនៅប្រទេសវៀតណាមពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខប្រមុខរដ្ឋាភិបាលកុម្មុយនីស្តឡាវថា ក្នុងពេលមិនឲ្យមានវត្តមាននៃកងទ័ព និងប្រជាជនក្នុងតំបន់ជម្លោះនោះ ភាគីទាំងពីរត្រូវធ្វើការដើរល្បាតរួមគ្នាក្នុងទីតាំងជម្លោះដើម្បីបង្ការសកម្មភាពឧក្រិដ្ឋផ្សេងៗ។
«និយាយរួមសរុបមកវិញគឺបញ្ជាក់ថា តំបន់អូរតាង៉ាវ ដែលតភ្ជាប់ពីអូរអាឡៃទៅដល់ព្រំដែនជាមួយឡាវ គឺជាតំបន់ដែលមិនទាន់ដោះស្រាយ ហើយដែលចងភ្ជាប់ដោយលក្ខខណ្ឌបីយ៉ាង ដូចដែលត្រូវបានបញ្ជាក់ ទីមួយ អត់មានកងទ័ពទាំងសងខាង ទីពីរអត់មានប្រជាពលរដ្ឋចូលមកធ្វើអាជីវកម្ម ទីបីបើចង់ធ្វើល្បាតគឺល្បាតរួមគ្នា»។
តំបន់អូរតាង៉ាវស្ថិតក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ខេត្ត Attapeu របស់ឡាវ ជាតំបន់ដែលធ្លាប់មានការប្រទាញប្រទង់ផ្នែកយោធារវាងកម្ពុជា និងឡាវកាលពីឆ្នាំកន្លងមក។
បញ្ហាព្រំដែនជាមួយប្រទេសឡាវបានកើតឡើង ខណៈស្ថានភាពនយោបាយកម្ពុជាបានឡើងកំដៅ កាលពីឆ្នាំទៅមិញ ក្នុងពេលមានការបង្រ្កាបជាទូទៅរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញទៅលើក្រុមអ្នកនយោបាយជំទាស់ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលមិនចំណុះរដ្ឋាភិបាល និងការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិ ដែលឈានដល់ការរំលាយចោលគណបក្សនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីឆ្នាំកន្លងទៅ លោកហ៊ុន សែន បានព្រមានរដ្ឋាភិបាលទីក្រុងវៀងច័ន្ទដោយការប្រើកម្លាំងយោធា ប្រសិនបើភាគីឡាវនៅតែគឃ្លើន មិនព្រមដកកងទ័ពខ្លួនចេញពីទឹកដីប្រទេសកម្ពុជា ត្រង់តំបន់អូរតាង៉ាវដែលជាទីតាំងទំនាស់។
ប៉ុន្តែក្រោយការចរចារវាងភាគីទាំងពីរនៅប្រទេសឡាវ កងទ័ពនៃប្រទេសទាំងពីរក៏បានដកចេញពីទីតាំងជម្លោះ ហើយបានឯកភាពគ្នា ស្នើឱ្យប្រទេសបារាំងបញ្ជូនផែនទីបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ បញ្ជូនអ្នកបច្ចេកទេស និងបញ្ជូនឯកសារពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែន និងពន្លឿនការបោះបង្គោលព្រំដែននៃប្រទេសកម្ពុជា-ឡាវ។ នៅចុង ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបង្កើតកងអន្តរាគមន៍មួយប្រចាំនៅខេត្តស្ទឹងត្រែងជាប់នឹងព្រំដែនឡាវ ដែលមានទាហានទៅដល់ជាង៣ពាន់នាក់។
ថ្លែងតាមរយៈអ្នកបកប្រែនៅចំពោះមុខលោកហ៊ុន សែន ក្នុងទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ លោកថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញជំហររបស់ឡាវក្នុងកិច្ចខិតខំធ្វើទៅតាមការស្នើរបស់លោកហ៊ុន សែន ដើម្បីភាពសុខសាន្តរបស់ប្រជាជនទាំងសងខាង។
លោកបានថ្លែងជាភាសាឡាវ ដោយមានការប្រែសម្រួលជាភាសាខ្មែរយ៉ាងដូច្នេះ៖
«ការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រីយើងទាំងពីរ គឺជាការឯកភាពមួយដ៏មានសារៈសំខាន់ និងបង្កការភាពទុកចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យប្រជាជនយើង ប្រទេសទាំងពីរកាន់តែសប្បាយ»។
លោកបានថ្លែងជាភាសាឡាវបន្ថែម ដោយមានការប្រែសម្រួលជាភាសាខ្មែរថា៖
«ខ្លឹមសារដែលសម្តេចតេជោបានបញ្ជាក់មកមិញហ្នឹង គឺយើងនឹងខិតខំអនុវត្តការងារ ឯកភាពគ្នាឲ្យបានទន្ទឹមគ្នា»។
លោកថងលួន ស៊ីសូលីត ក៏បានព្រមព្រៀងជាមួយលោកហ៊ុន សែន ក្នុងការឲ្យក្រសួងការបរទេសប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីទាក់ទងទៅភាគីបារំាង និងជំរុញឲ្យគណៈកម្មាធិការចម្រុះព្រំដែនប្រទេសទាំងពីរ ទៅសិក្សាទីតាំងទំនាស់ជាក់ស្តែងរួមគ្នា។ លោកបានស្នើឲ្យមានការផ្តល់ព័ត៌មានទៅវិញទៅមក ប្រសិនបើមានការប្រព្រឹត្តបទល្មើសលើទីតាំងជម្លោះនោះ។
លោកហ៊ុន សែន បានស្នើឲ្យភាគីឡាវបង្កើនទំនាក់ទំនងរវាងយោធា និងយោធារបស់ភាគីទាំងសងខាង ដើម្បីបើកផ្លូវឲ្យមានការដើរល្បាតរួមគ្នាឆាប់ៗក្នុងទីតាំងដែលមានវិវាទនេះ។
លោកហ៊ុន សែន ថ្លែងថា៖
«ការល្បាតរួមរបស់យើងត្រូវចាប់ផ្តើម ត្រូវធ្វើដោយសារយើងមិនចង់ឲ្យតំបន់ ដែលមិនទាន់ដោះស្រាយដាច់ស្រេចនេះទៅជាជម្រកនៃពួកចោរព្រៃ ឬពួកក្រុមគ្រឿងញៀន ឬពួកបំផ្លាញព្រៃឈើ»។
ជុំវិញបញ្ហារំកាំរកូសនៃការកំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងឡាវនេះ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានថ្លែងកាលពីពេលកន្លងមកថា វាជាបញ្ហាមួយដែលមេដឹកនាំកម្ពុជា បានធ្វើឲ្យវាក្លាយជារឿងក្តៅមួយដើម្បីទាញការគំាទ្រពីពលរដ្ឋខ្មែរសម្រាប់ការបោះឆ្នោតជាតិខែកក្កដាកន្លងទៅ។
លោក Paul Chambers ជាសាស្រ្តាចារ្យ និងជាទីប្រឹក្សាស្តីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានបញ្ជាក់ឲ្យ VOA ដឹងកាលពីពេលកន្លងមកថា លោកហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅតែខ្លាំង និងមានប្រជាប្រិយភាពសម្រាប់ទាហានរបស់កម្ពុជា ដោយសារលោកបានបង្ហាញនូវតួនាទីគាំទ្រយ៉ាងខ្លាំងមួយនៅក្នុងការការពារកម្ពុជា និងក្នុងការដឹកនាំកងកម្លាំងខេមរភូមិន្ទ។
លោកបន្ថែមថា តាមរយៈដំណោះស្រាយព្រំដែនជាមួយប្រទេសឡាវ លោក ហ៊ុន សែន ចង់បង្ហាញទៅសាធារណជនថា លោកនៅតែជាអ្នកការពារនៃអធិបតេយ្យភាពកម្ពុជា។ ដូច្នេះលោកចង់ធានាជាសាធារណៈថា ព្រំដែនជាមួយប្រទេសឡាវគឺត្រូវបានបោះបង្គោលព្រំដែន ដោយឈរលើផលប្រយោជន៍កម្ពុជា។
លោកសាស្ត្រាចារ្យអះអាងថា ឡាវមិនមែនជាប្រទេសដែលគំរាមកំហែងកម្ពុជាទេ ប្រសិនបើរដ្ឋាភិបាលក្រុងវៀងច័ន្ទពិតជាមានភាពអាក់អន់ចិត្តជាមួយលោកហ៊ុន សែន មែននោះ៕