ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​កម្ពុជា​ថ្លែង​ការពារ​សមមិត្ត​ចិន​ក្នុង​ជំនួប​ជាមួយ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​អឺរ៉ុប


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍អ្នកគាំទ្ររបស់លោកនៅក្នុងកិច្ច​សំណេះសំណាលមួយជាមួយពលរដ្ឋខ្មែរ​រស់នៅតំបន់អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែកហ្សិក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍អ្នកគាំទ្ររបស់លោកនៅក្នុងកិច្ច​សំណេះសំណាលមួយជាមួយពលរដ្ឋខ្មែរ​រស់នៅតំបន់អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែកហ្សិក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ ការ​បណ្ដាក់​ទុន​របស់​ចិន​នៅ​កម្ពុជា​ នឹង​​មិន​បង្ក​បញ្ហា​ប្រឈម​ណា​មួយ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​របស់​លោក​នោះ​ទេ។ លោក​ ហ៊ុន សែន​ ក៏បាន​បញ្ជាក់​ថា​​ប្រទេស​ចិន​ ក៏​គ្មាន​បំណង​វាតទី​យក​ទឹកដី​ប្រទេស​ណា​ដែរ។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​បាន​ប្រាប់​ក្រុម​ប្រជា​រាស្ត្រ​ខ្មែរ​រស់​នៅ​ប៉ែក​អឺរ៉ុប​ថា​ប្រទេស​ចិន​ដែល​បាន​កំពុង​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ គ្មាន​ចេតនា​វាតទី​ប្រទេស​ណា​នោះ​ឡើយ។​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថាលំហូរ​ជនជាតិ​ចិន​ដែល​បន្ត​ហូរ​ចូល​កម្ពុជានឹង​ស្រក​ចុះ​ទៅវិញពេល​ដែល​គម្រោង​សាងសង់​សំណង់​នា​នា​បាន​បញ្ចប់។​

​ការ​អធិប្បាយ​របស់​លោក ហ៊ុន សែន​ ផ្ទុយ​គ្នា​ទៅ​នឹង​ការ​សង្កេត​របស់​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​បាន​យល់​ឃើញ​ថា ​វត្តមាន​ជនជាតិ​ចិន​កំពុង​បង្ក​ការ​លំបាក​ខាង​សង្គម និង​សេដ្ឋកិច្ច​ដល់​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ស្រុក ជាពិសេស​រាស្ត្រ​ខ្មែរ​រស់នៅ​ខេត្ត​ព្រះសីហនុ។​

ថ្លែង​ក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​សហគមន៍​ខ្មែរ​រស់​នៅ​តំបន់​អឺរ៉ុប​ក្នុង​ទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស​ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​តាម​ស្ថានីយ៍​ទូរទស្សន៍​ក្នុងស្រុក​ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ លោក​ ​ហ៊ុន សែន​ ​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​របស់​កម្ពុជា​ផង​នោះ​ មាន​ប្រសាសន៍​ពី​ការ​បារម្ភ​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​អំពី​ការ​ចូល​មក​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ​ជា​ទី​ដែល​លោក​អះអាង​ថា​ អ្នក​វិនិយោគ​ចិន​ ​ខ្វះ​កម្លាំង​ពលកម្ម​ ​ដើម្បី​កសាង​សំណង់​ដែល​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​សាងសង់​កម្រិត​ខ្ពស់​មួយ។​ ​

លោក​បញ្ជាក់​ទៀត​ថា​ប្រជាជន​ចិន​ ​ដែល​មក​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចាកចេញ​ទៅ​វិញ ​ពេល​ពួក​គេ​បាន​បញ្ចប់​ការងារ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បងប្អូន​ខ្លះ​កង្វល់​ពី​ចិន​នៅ​កំពង់សោម។ បង​ប្អូន​អ្ហើយ! សំណង់​ច្រើន​ណាស់​ យើង​ផ្ដល់​កម្មករ​ឲ្យ​គេ​អត់​គ្រប់​ ផ្ដល់​កម្មករ​ឲ្យ​គេ​អត់​គ្រប់​ ​ជំនាញ​អត់​គ្រប់​ អ៊ីចឹង​ តើ​ត្រូវ​ធ្វើ​ម៉េច​ ត្រូវ​បើក​ឱកាស​ដើម្បី​ឲ្យ​គេ​យក​ កម្មករ​មក​សាងសង់​ ទៅលើ​សំណង់​ដូចជា​ស្ពាន​ ដូចជា​ស្អី​មួយ​ចំនួន​ ​នៃ​បច្ចេកទេស​ ដែល​យើង​មិន​ទាន់​ទៅដល់។​ តែ​គេ​កសាង​ហើយ​ គេ​មិន​នៅ​ស្រុក​ខ្មែរ​ទេ​ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ​ កុំ​ឆ្ងល់​ កុំ​ឆ្ងល់​ពេក​ ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​គេ​នៅ​ដែរ​ ឲ្យ​គេ​នៅ​ដែរ»។​

រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)

លោក​ ​ហ៊ុន សែន​ ​ក៏​មាន​ប្រសាសន៍​រិះ​គន់អ្នកនយោបាយ​ដែល​មានគំនិត​ផ្ទុយ​ពី​រដ្ឋាភិបាល ថា​តែងតែ​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​វត្តមាន​ជនជាតិ​ចិន​ ដែល​មិន​ទាន់​បង្កើត​បាន​ទីក្រុង​ចិន ដូច​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ មាន​ដូចជា​សហរដ្ឋ​អាមេរិក និង​បារាំង​នោះ​ឡើយ។ ​

ក្នុង​បញ្ហា​យោធា​ និង​ការឈ្លានពាន​ទឹកដី​ លោក ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ចិន​មិន​ដែល​នាំ​ទ័ព​ចូល​ឈ្លានពាន​ ​ប្រទេស​ដទៃ ដូច​ប្រទេស​ផ្សេងទៀត​ ដែល​លើក​ទ័ព​ចូល​ប្រទេស​កម្ពុជា​កាល​ពី​ពេល​កន្លង​មក​នោះ​ទេ។​

«ខ្ញុំ​និយាយ​ដោយ​ត្រង់​ ចិន​មិន​ដែល​នាំ​កង​ទ័ព​ ​ចេញ​ផុត​ពី​ទល់ដែន​របស់​ខ្លួន​ទេ។ប្រទេស​ដទៃ ​នាំ​កង​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា​ប៉ុន្មាន​ហើយ​ មើល​ទៅ​ឃើញ​ហើយ។ តែ​ក្របខ័ណ្ឌ​វិនិយោគ​ ដែល​យើង​ផ្គត់ផ្គង់​ កម្មករ​ អ៊ីចឹង​ទេ​ បាន​ជា​បញ្ហា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ វា​ជា​ ក្លាយទៅ​ជា​ចំណុច​សំខាន់»។​

ជនជាតិ​ចិន ត្រូវ​គេ​សង្កេត​ឃើញ​ថា ​បាន​សម្រុក​ចូល​មក​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ​ការ​ចូល​មក​របស់​ជនជាតិ​ចិន បាន​កើន​ឡើង​កាន់តែ​ច្រើន​ នៅ​ពេល​ប្រទេស​កម្ពុជា​បាន​ងាក​ទៅ​រឹត​ចំណង​ការទូត​ និង​កងទ័ព​កាន់តែ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​បាន​ផ្តល់​ជំនួយ​ឥតសំណង​ និង​យោធា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា។

វត្តមាន​ជនជាតិ​ចិន កាន់​តែ​ច្រើន​ឡើងៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​ បាន​បង្ក​ទុក្ខ​លំបាក​ដល់​ប្រជា​រាស្ត្រ​ខ្មែរ ក្នុង​ការ​រស់នៅ​ និង​រក​ចំណូល​ចិញ្ចឹម​ជីវិត​ក្នុង​ទឹកដី​កំណើត​ខ្លួន​ផង​ដែរ។​ នេះ​បើ​តាម​ការ​អះអាង របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ ​យូ វាសនា​ ​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​CCFC បាន​លើក​ឡើង​ពី​ការ​ក្រឡុក​ហាង​ឆេង​ដី​ធ្លី​ នៅ​ខេត្ត​ព្រះសីហនុ​ ពេល​ដែល​ជនជាតិ​ចិន​បាន​មក​ប្រមូល​ផ្តុំ​ក្នុង​ខេត្ត​ព្រះសីហនុ។​ ​

លោក យូ វាសនា​ ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ នៅ​ពេល​លោក​ចូលរួមសិក្ខា​សាលា​ស្តី ពី​បញ្ហា​ដីធ្លី និង​ការ​អភិវឌ្ឍ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទី​ក្រុងភ្នំពេញ​ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី២៣​ ខែ​តុលា។​

​«កំណើន​នៃ​សេដ្ឋកិច្ច​របស់​ជនជាតិ​ហ្នឹង​ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ ដល់​ប្រជាជន​គឺ​តម្លៃ​ដី​ឡើង​ថ្លៃ​បាទ។​ តម្លៃ​ដី​ឡើង​ថ្លៃ​នេះ​ ធ្វើ​ឲ្យ​ការ​វិនិយោគ​ ក៏​ដូច​ជា​ការ​ទិញ​នូវ​ដីធ្លី​ ក៏​ដូច​ជា​របស់​អ្នកមាន​អំណាច​ គឺ​គាត់​បាន ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ គឺ​គាត់​គ្មាន​ដំណោះ​ស្រាយ​ទេ។​ គាត់​ និយាយ​រួម​ទៅ​ គាត់​កាន់តែ​ផែន​ទី​ ចង្អុល​កន្លែងណា​ គូស​កន្លែង​ហ្នឹង​ យក​កន្លែង​ហ្នឹង​តែ​ម្តង។​ អា​នេះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ផ្ទាល់»។

លោក​បាន​លើក​ឡើង​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង​សកម្មភាព​ជន​ជាតិ​ចិន​ឲ្យ​រស់នៅ​មាន​របៀបរបប​ និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ខ្មែរ។

លោក​បាន​បញ្ជាក់​ថា​មាន​គណៈកម្មការ​ចំនួន​ពីរត្រូវ​បាន​បង្កើត​រួច​មក​ហើយ​ តែ​ជនជាតិ​ចិន​ នៅ​តែ​បង្ក​សកម្ម​ភាព​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ​ដដែល។​

​«ឥឡូវ​បង្កើត​គណៈកម្មការ​ពីរ​ ដើម្បី​គ្រប់​គ្រង​ជនជាតិចិន​ ទី​មួយ​លោក​ ស ខេង​ ណា៎!គណៈកម្មការ​របស់​ក្រសួង​មហាផ្ទៃ​ មួយ​ទៀត​ ខាង​ឯកឧត្ដម ​ជា​ សុផារ៉ា​ នែ៎! ក្រសួង​ដែនដី​ទៀត។ អ៊ីចឹង​បង្កើត​ពីរ​ផ្ទួន​គ្នា​ ដើម្បី​អី​គេ?​ គ្រាន់​តែ​យក​ទៅ​ហ្នឹង​មាន​មុខ​មាន​មាត់​ គាប​ចិន​តែប៉ុណ្ណោះ​ មិន​មាន​ការ​ផលប្រយោជន៍​ ប៉ះពាល់​អីណា​ណី​គ្រាន់តែ​គាប​គេ​យក​តែ​លុយ​បាទចប់​បាត់​ហើយ​មក​វិញ​បាត់​ ស្ងាត់​ជ្រាប​ ខេត្ត​ព្រះសីហនុ។ អ៊ីចឹង​ ហើយ​យប់​ឡើង​ ឮ​តែ​បាញ់​បោះ វាយគ្នា​ កាប់​ចាក់​គ្នា​ មើល​តែ​ហ្វេសប៊ុក​ គឺ​ខេត្ត​ព្រះសីហនុ​ខ្ញុំ​ហើយ​បាទ»។​

នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ឯ​វេទិកា​វិនិយោគ​ពិភពលោក​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)
នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ឯ​វេទិកា​វិនិយោគ​ពិភពលោក​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

នៅ​ក្នុង​ខែ​តុលា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​របស់​លោក​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​សកល និង​តំបន់​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក ប៉ែក​អឺរ៉ុប និង​ប្រទេស​តួកគី។​ នៅ​ឯ​ប្រទេស​តួកគី​ឯណោះ​ លោក ហ៊ុន​ សែន​ បាន​បញ្ជាក់​ពី​ចេតនា​របស់​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ទិញ​ដី​សង់​អគារ ដើម្បី​ដំណើរ​ការ​ស្ថានទូត​កម្ពុជា​នៅ​រដ្ឋធានី អង់ការ៉ា​ប្រទេស​តួកគី។​

លោក បញ្ជាក់​ថា​ការ​សម្រេច​ទិញ​ដី​សង់​អគារ​នេះ​ ​ឆ្លុះបញ្ចាំង​ពី​សេចក្ដី​ប្រាថ្នា​របស់​កម្ពុជា ក្នុង​ការ​រឹត​ចំណង​ការទូត​ជ្រាលជ្រៅ​ជាមួយ​នឹង​តួកគី។​

អ្នកវិភាគ​មួយ​ចំនួន​យល់ថា ​បំណង​នៅ​ពី​ក្រោយ​ការ​បើក​ស្ថានទូត​នៅ​តួកគី​នេះ​ គឺជា​ចំណុច​ចាប់​ផ្ដើម​មួយ​ផ្សេង​ទៀតរបស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដែល​បាន​ប្រុងប្រៀប​ខ្លួន​នាំ​កម្ពុជា​ ទៅ​រក​ប្លុក​កុម្មុយនីស្ត ដោយសារ​ថា​នា​ពេល​នេះ​ ប្រទេស​តួកគី​កំពុង​កសាង​ទំនាក់ទំនង​ស្និទ្ធស្នាល​ជា​មួយ​ប្រទេស​រុស្ស៊ី ដើម្បី​ទប់ទល់​នឹង​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក។​

ការប្រកាស​របស់​លោក​ ​ហ៊ុន សែន​ ​កើតមាន​ឡើង​ផង​ដែរ នៅ​ពេល​រដ្ឋាភិបាល​របស់​លោក​មិនទាន់​អាច​រក​ច្រក​ចេញ​បាន​ ដើម្បី​រក្សា​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​គេ​ស្គាល់​ថា «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ» ហៅ​កាត់​ថា​ (EBAs) ដែល​អាច​រ៉ាប់រង​ការ​នាំ​ចូល​របស់​កម្ពុជា​ក្នុង​ចំនួន​ជាង ៤៦​ភាគរយ​នៃ​ទំនិញ​កាត់ដេរ ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។

លោក​បណ្ឌិត​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ប្រាប់​ ​VOA​ ​កាល​ពី​ពេល​ថ្មីៗ​ នេះ​ថា មេដឹកនាំ​កម្ពុជា កំពុង​ទាញ​ប្រទេស​នេះ ទៅ​រក​ប្លុក​កុម្មុយនីស្ត​ដែល​មាន​ចិន និង រុស្ស៊ី ដែល​អាច​ជួយ​រក្សា​អំណាចយូរ​ឆ្នាំ​របស់​ខ្លួន។

លោក​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ទៅ​កាន់​បណ្ដា​ប្រទេស​នានា​នា​ពេល​ចុងក្រោយ​នេះ​ គឺជា​ជោគជ័យ​របស់រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​និង​គណ​បក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​ មិនមែន​ដើម្បី​ការពារ​ប្រយោជន៍​ប្រជារាស្ត្រ​ខ្លួន​នោះ​ឡើយ។​ ​

លោក​ថា​ប្រសិន​បើ​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ក្នុង​ពេល​កំពុង​ចាប់​ចិន​ និង​ប្លុក​កុម្មុយនីស្តនោះ អ្នក​វេទនា​គឺ​រាស្ត្រ​ខ្មែរ​តែ​ម្តង។​

«ខ្ញុំ​គិត​ថា​ វាជា​ជោគ​ជ័យ​ដូច​គាត់ អះអាង​ ប៉ុន្តែ​បាន​ជោគ​ជ័យ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ជោគជ័យ​សម្រាប់​ខ្លួន​គាត់​ ប៉ុន្តែ​សម្រាប់​សង្គម​ជាតិ​របស់​ខ្មែរ​វិញ នៅ​ពេល​ខាង​មុខ​នេះ​ គឺ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ទស្សន៍ទាយ​ថា​ យើង​នឹង​បាន​ទទួល​ជោគ​ជ័យ​ បើ​សិន​ជា​ EBA​នេះ​ បាន​ត្រូវ​គេ​លុបចោល​មែន​នោះ​ កម្ពុជានឹង​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន។ រដ្ឋាភិបាល ​អាច​រស់​បាន ក៏ប៉ុន្តែ​សង្គម​ជាតិ​មួយ​នេះ​ អាច​ពិបាក​រស់»។​

ទាក់​ទិន​នឹង​លំហូរ​របស់ជនជាតិ​ចិន​ចូល​មក​កម្ពុជា​ លោក មាស​ នី​ បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា រដ្ឋាភិបាល​ខ្មែរ ត្រូវ​មាន​យន្តការ​ហ្មត់ចត់​ក្នុង​ការ​អនុវត្តន៍ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដើម្បី​ទាញ​យក​ប្រយោជន៍ ពី​ក្រុម​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ជៀសវាង​កុំ​ឲ្យ​ជនជាតិ​នេះ​មក​រក​ស៊ី​នៅស្រុក​ខ្មែរ​ហើយ កើប​លុយ​ទៅ​ប្រទេស​ផង​ខ្លួន​វិញ រួច​បន្សល់​ទុក​ផលវិបាក​ខាង​សង្គម​ដល់​កម្ពុជា។​

ទោះ​ណា​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ លោក​ ហ៊ុន​ សែន បាន​ថ្លែង​ការពារ​ថា ចិន​មិនមែន​ជា​ប្រទេស​ដឹក​នាំ​ទ័ព​ចូល​លុកលុយ​ប្រ​ទេស​ផ្សេងទៀត​ក្តី តែ​ប្រទេស​នេះ​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចូល​វាតទី​ទឹកដី​មួយ​ផ្នែក​របស់​វៀតណាម​ ​និង​តំបន់​ទីបេ ហើយ​ប្រទេស​នេះ​ទៀតសោតក៏​កំពុង​ចូល​លុកលុយ​ក្នុង​កោះ​ដែល​មាន​ទំនាស់​ជាច្រើន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​ឃ្លាំ​មើល​កិច្ចការ​តំបន់​អាស៊ី ជាច្រើន​បាន​ឲ្យ​ដឹង​ថា ចិន​ក៏​កំពុង​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​សង្កត់​លើ​ប្រទេស​តូចៗ​នានា ដែល​កំពុង​ក្លាយ​ជា​អាណានិគម​បែប​ថ្មី​ ក្នុង​សតវត្ស​ទី​២១​នេះ។

រដ្ឋាភិបាល​ចិន ​បាន​បង្កើន​ប្រាក់​កម្ចី​បរទេស​និង​ការ​វិនិយោគ​ឯកជន​ដែល​គាំទ្រ​ដោយ​រដ្ឋ នៅ​ទូទាំង​តំបន់​អាស៊ី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដោត​លើ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​គម្រោង​ផ្លូវ​ក្រវាត់​មួយ ឬ Belt & Road Initiative និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ​ ​Asian Infrastructure Investment Bank ហៅ​កាត់​ថា (AIIB) ដែល​ទាញ​យក​គម្រោង​ពី​បណ្ដា​ស្ថាប័ន​ហិរញ្ញប្បទាន​ពហុភាគី​គាំទ្រ​ចម្បង​ដោយ​អាមេរិក​ដូចជា ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(ADB)។​

​ប្រទេស​ក្រីក្រ​ជា​ច្រើន​ដែល​បាន​បង្កើត​ចំណង​ទាក់ទង​ការ​ទូត​រឹងមាំ​ជាមួយ​ប្រទេស​ចិន​បាន​ទទួល​ប្រាក់​កម្ចី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ស្រីលង្កា​ ​បំណុល​កាន់​តែ​ច្រើន​ឡើង​ហើយ​ក្រោយ​មក​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​កាន់​កាប់​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​កំពុង​ផែ​ទៅ​ឲ្យ​ចិន ឬ​ក៏​សង​បំណុល​ទាំង​នោះ​ ដោយ​បើក​ឲ្យ​ចិន​ចូល​ទាញ​យក​ធនធាន​ធម្មជាតិ​ផ្សេងៗ៕​

XS
SM
MD
LG