អ្នកការទូតកម្ពុជា បានប្រាប់ដល់អង្គសវនាការនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សភាសហភាពអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយនិងការប្តេជ្ញាចិត្តដើម្បីកែលម្អស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុបបានថ្លែងដូចនេះក្រោយពីគណៈកម្មការរបស់សហភាពអឺរ៉ុបបានរកឃើញថា ស្ថានភាពសិទ្ធិនយោបាយ សិទ្ធិការងារនិងសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាបានរងការរំលោភបំពាន«យ៉ាងធ្ងន់ធ្ងរ»និង«ជាប្រព័ន្ធ» ហើយបានស្នើឱ្យកម្ពុជាកែលម្អបើមិនដូច្នេះទេសហភាពអឺរ៉ុបនឹងព្យួរឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»(EBA) ដែលកម្ពុជាទទួលបាន។
លោកឯកអគ្គរាជទូតណុំ ពិសិដ្ឋបានបន្ថែមថា៖
«តើរដ្ឋាភិបាលមានឆន្ទៈឬអត់ក្នុងការធ្វើកិច្ចការទាំងអស់នេះ? ជាការពិតយើងប្តេជ្ញាចិត្តនឹងធ្វើឱ្យស្ថានការណ៍បានល្អប្រសើរឡើង»។
អ្នកការទូតរូបនេះបានហៅរបាយការណ៍វាយតម្លៃរបស់សហភាពអឺរ៉ុបថា«ដើរយឺត»ជាងសភាពការណ៍ដោយសារតែតុលាការបានដោះលែងលោកកឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិរយៈពេល២ថ្ងៃមុនពេលដែលរបាយការណ៍នោះបានទៅដល់ដៃរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកា។
លោកកឹម សុខាត្រូវបានដោះលែងដោយមានលក្ខខណ្ឌមិនឱ្យធ្វើនយោបាយនិងចាកចេញពីប្រទេសកម្ពុជាហើយតុលាការរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃច័ន្ទបញ្ជូនសំណុំរឿងលោក ទៅជំនុំជម្រះបើទោះបីជាមិនទាន់ប្រកាសពីកាលបរិច្ឆេទពិតប្រាកដក៏ដោយ។
លោកណុំ ពិសិដ្ឋបានសម្តែងក្តីសង្ឃឹមថាសំណុំរឿងរបស់លោកកឹមសុខានឹងត្រូវតុលាការកំណត់ថ្ងៃកាត់ក្តីនៅក្នុងពេលឆាប់ៗនេះ។
លោកបានបន្ថែមថា៖
«ករណីលោកកឹម សុខា គឺមានការអំពាវនាវឱ្យដោះលែងទាំងស្រុង ប៉ុន្តែគាត់ត្រូវឆ្លងកាត់ដំណើរការកាត់ក្តី ក្រោយពីនោះការដោះលែងទាំងស្រុងនឹងអាចធ្វើបានក្រោយពីទទួលបានការលើកលែងពីព្រះមហាក្សត្រប្រសិនបើតុលាការរកឃើញថាគាត់ពិតជាមានកំហុសមែន»។
ការត្រួតពិនិត្យលើការរំលោភលក្ខខណ្ឌឋានៈអនុគ្រោះពន្ ធEBA បានចាប់ផ្តើមដំណើរការក្រោយពីមានការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិលនិងបណ្តាញសារព័ត៌មានឯករាជ្យក្នុងយៈពេល៣ឆ្នាំចុងក្រោយនេះ។
មានអ្នកតំណាងរាស្ត្រសហភាពអឺរ៉ុបខ្លះបានស្នើឱ្យព្យួរផ្នែកខ្លះដោយផ្តោតលើទំនិញមួយចំនួនជាជាងព្យួរទាំងស្រុងក្នុងពេលដែលអ្នកតំណាងរាស្ត្រខ្លះស្នើឱ្យអនុវត្តតាមការលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដោយគ្មានការលើកលែង។
លោក ហែលមុត ស្កូល (Helmut Scholz) អ្នកតំណាងរាស្រ្តសហភាពអឺរ៉ុបដែលមកពីប្រទេសអាល្លឺម៉ង់បានលើកឡើងថា៖
«សហភាពអឺរ៉ុបមិនគួរទទួលយកការកែប្រែតិចតួចឡើយ។ បញ្ហាសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាមិនមែនទើបតែកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែគឺវាមានលក្ខណៈជាប្រព័ន្ធ»។
អ្នកស្រី អេឡែនណា កូនិក (Helena Konig) អគ្គនាយករងនៃ អគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានប្រាប់ដល់អង្គសវនាការនោះថាបើទោះបីជាសហភាពអឺរ៉ុបនៅមិនទាន់សម្រេចចិត្តជាចុងក្រោយលើឋានៈអនុគ្រោះពន្ធ ក៏ប៉ុន្តែគណៈកម្មការកំពុងតែវិភាគលើផលប៉ះពាល់សេដ្ឋកិច្ច សង្គមកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាក្នុងគ្រាដែលត្រូវដកហូតឋានៈអនុគ្រោះពន្ធបើទោះជាត្រូវព្យួរតែមួយចំនួនឬត្រូវព្យួរទាំងស្រុងក៏ដោយ។ អ្នកស្រីបានបន្ថែមថាគណៈកម្មការក៏គិតគូរយ៉ាងខ្លាំងដល់សិទ្ធិស្ត្រីធ្វើការនៅតាមរោងចក្រទាំងនោះផងដែរ។
អ្នកស្រីអេឡែនណា កូនិកបានបន្ថែមថា៖
«ចំណុចសំខាន់គឺថាយើងចង់ឃើញប្រទេសកម្ពុជាគោរពតាមការទទួលខុសត្រូវរបស់ខ្លួនដែលមាននៅក្នុងកតិការសញ្ញាអន្តរជាតិ។ យើងចង់ឃើញដំណើរការទៅមុខ។ ឱកាសនៅមាននៅឡើយ។ ការដកឋានៈអនុគ្រោះពន្ធគឺជាវិធានការចុងក្រោយ។ យើងចង់ឱ្យជៀសផុតពីជម្រើសនេះដោយសារតែការអនុគ្រោះពន្ធគឺជាយន្តការជួយអភិវឌ្ឍ។ ការទទួលខុសត្រូវតាមច្បាប់នៃឋានៈអនុគ្រោះពន្ធគឺស្ថិតនៅលើដៃរដ្ឋាភិបាលកម្ពុជា»។
អ្នកស្រីបានបន្ថែមថាផលប៉ះពាល់គឺមិនមែនតែលើកម្មករ កម្មការិនីដោយផ្ទាល់ទេគឺនឹងមានលើសមាជិកក្រុមគ្រួសាររបស់ពួកគេផងដែរ៖
«យើងនិយាយអំពីមនុស្ស៤ទៅ៥នាក់នៅក្នុងគ្រួសារមួយដែលរស់បានដោយសារប្រាក់ខែស្ត្រីទាំងនោះ។ នេះគឺជាការវាយតម្លៃដ៏រសើបបំផុតដោយពិចារណាលើផលប៉ះពាល់ខាងសង្គមកិច្ច»។
អ្នកស្រី Paola Pampoloni នាយិការរងគ្រប់គ្រង ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរច្បាប់គណបក្សនយោបាយ ច្បាប់គ្រប់គ្រងសមាគមនិងអង្គការសង្គមស៊ីវិល និងច្បាប់ស្តីពីសហជីពដើម្បីធានាឱ្យមានស្ថិរភាពនិងភាពចម្រុងចម្រើននៅកម្ពុជា។
អ្នកស្រីបន្ថែមថា៖
«យើងមានជំនឿជាក់ថាការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមានសារៈសំខាន់ក្នុងការធានាស្ថិរភាពទាំងនោះ»។
ប្រទេសកម្ពុជានាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបជិត៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលកើនឡើងចំនួនទ្វេដងបើប្រៀបធៀបនឹងរយៈពេល៥ឆ្នាំមុន។ ក្នុងចំនួននេះគឺទំនិញ៩៥ភាគរយរួចពន្ធ។ ទំនិញដែលនាំចូលភាគច្រើនគឺស្បែកជើង សម្លៀកបំពាក់ កង់ សម្ភារៈបម្រើដល់ការធ្វើដំណើរ ស្ករស និងអង្ករ។
លោកឯកអគ្គរាជទូតកម្ពុជា ណុំ ពិសិដ្ឋបានបន្ថែមថាអ្វីៗនឹងដំណើរការជាជំហានៗ ដោយសារតែនីតិវិធីក្នុងការតាក់តែងច្បាប់ត្រូវការពេលវេលាយូរ។
«យើងនឹងធ្វើកិច្ចការទាំងនេះជាជំហានៗដើម្បីធ្វើឱ្យប្រសើរឡើងនូវលំហរនយោបាយនិងលំហរអង្គការសង្គមស៊ីវិល»។
ប្រទេសកម្ពុជាមានពេលរហូតដល់ថ្ងៃទី១២ខែធ្នូ ដើម្បីដោះស្រាយនិងឆ្លើយតបតាមការចង់បានរបស់សហភាពអឺរ៉ុប។ យ៉ាងណាក៏ដោយ បើមានការព្យួរឋានៈអនុគ្រោះពន្ធមែនគឺនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១២ខែសីហា ឆ្នាំ២០២០៕