ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន៖ លោក Flynn ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​ត្រូវ​បាន​សុំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ពី​ព្រោះ​តែ​បញ្ហា​​ទំនុក​ចិត្ត​មិន​មែន​បញ្ហា​ផ្លូវច្បាប់​ទេ


លោក Michael Flynn (រូប​ស្តាំ) ត្រូវ​បាន​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ស្នើសុំ​ឲ្យ​លា​លែង​ពី​តំណែង។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​សុំ​ឲ្យ​លោក Michael Flynn លា​ចេញ​ពី​តំណែង​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ពីព្រោះ​តែ​លោក​ប្រធានាធិបតី​លែង​ទុក​ចិត្ត​លោក ​មិន​មែន​ពីព្រោះ​តែ​លោក​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។ រដ្ឋបាល​របស់​លោក​ត្រាំ​ឥឡូវ​នេះ​ទទួល​ស្គាល់​ថា ​លោក Flynn ​បាន​បំភ័ណ្ឌ​លោក​អនុ​ប្រធានាធិបតី​អំពី​ការ​ពិភាក្សា​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។ សមាជិក​សភា​ខ្លះ​កំពុង​សន្យា​ចាប់​ផ្តើម​​ស៊ើបអង្កេត​ក្នុង​បញ្ហា​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​សុំ​ឲ្យ​លោក Michael Flynn​ ចុះ​ចេញ​ពី​តំណែង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សន្និសីទ​កាសែត​រួមគ្នា​មួយកាល​ពី​ថ្ងៃ​ច័ន្ទ។ រដ្ឋបាល​របស់​លោក​ត្រាំ ​បាន​វាយ​តម្លៃ​លោក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍។

បញ្ហា​ជាក់​លាក់​គឺ​អំពី​ហេតុ​អ្វី​បាន​ជា​លោក Flynn បំភ័ណ្ឌ​លោក​អនុប្រធានា​ធិបតី Mike Pence អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ។ លោក Sean Spicer អ្នកនាំពាក្យ​សេតវិមាន​បាន​និយាយថា៖ «យើង​បាន​សម្រេច​ចិត្ត មិនមែន​ផ្អែក​លើ​បញ្ហា​ច្បាប់​ទេ ក៏ប៉ុន្តែ ​ផ្អែក​លើ​ការ​ទុក​ចិត្ត ​ដែល​កម្រិត​នៃ​ការ​ទុកចិត្ត​រវាង​លោក​ប្រធានាធិបតី​ និង​ឧត្តមសេ​នីយ៍ Flynn បាន​ធ្លាក់​ចុះ​ទៅ​ដល់​ចំណុច​មួយ​ដែល​លោក​ប្រធានាធិបតី​គិតថា លោក​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ‍»។

លោក Flynn ​កាល​ពី​ដំបូង​បាន​អះអាង​ថា ​លោក​មិន​បាន​និយាយ​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​អំពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ីទេ។

ក៏ប៉ុន្តែ ​កាល​ពី​ចុង​ខែ​មករា ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​សេតវិមាន​ថា ​លោក Flynn ​បាន​និយាយ​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​អំពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។

ហើយ​មាន​បញ្ហា​ច្រើន​ទៀត ក៏ប៉ុន្តែ ​អ្នកនាំ​ពាក្យ Spicer មិន​បាន​និយាយ​លម្អិត​ទេ។

«កម្រិតនៃការ​វិវឌ្ឍ​ និង​ការ​បាត់​បង់​ការ​ទុក​ចិត្ត​ដោយ​សារ​ស្ថានភាព​នេះ​ ហើយ​និង​ រឿង​មន្ទិល​សង្ស័យ​ឯ​ទៀត​ជា​អ្វី​ដែល​បាន​នាំ​ឲ្យ​លោក​ប្រធានា​ធិបតី​សុំ​ឲ្យ​ឧត្តមសេនីយ៍ Flynn លា​ចេញ​ពី​តំណែង‍»។

សេតវិមាន​បាន​និយាយ​ថា ទីប្រឹក្សា​របស់​ខ្លួន​មិន​បាន​រក​ឃើញ​អ្វី​ខុស​ទេហើយ​ថា ប្រធានា​ធិបតី​ត្រាំ ​មិន​បាន​ដឹង​ពី​ការ​ពិភាក្សា​របស់​លោក Flynn ​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​អំពី​ការ​ដាក់​ទណ្ឌកម្ម។

លោក Flynn បាន​ត្រូវ​គេ​រិះគន់​ចំពោះ​ការទាក់​ទង​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ និង​ប្រធានាធិបតី Vladimir Putin។

សមាជិក​សភា​ខ្លះ​របស់​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ។​ អ្នក​យក​ព័ត៌មាន​សួរថា៖ «តើ​គួរ​មាន​ការ​ស៊ើបអង្កេត​ដែរ​ឬ​ទេ?»។ លោក Peter King តំណាង​រាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​គិតថា ​មាន​សំណួរច្រើន​ទៀត។​ យើង​ត្រូវ​រង់ចាំ​មើល​សិន។ ប្រសិនបើ​មាន​ការ​ស៊ើបអង្កេតផ្លូវការ ​ខ្ញុំ​ដឹង​ថា ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​នឹង​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី‍»។

លោក Charlie Dent ​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា៖ «ទស្សនៈ​របស់​ខ្ញុំ​តាំង​ពី​ដើម​មក​គឺ​ថា ​រដ្ឋបាល​នេះ​មាន​ភាព​កក់​ក្តៅ​ និង​សម្របសម្រួល​ខ្លាំង​ពេក​ជាមួយ​រុស្ស៊ី។ ​ប្រធានាធិបតី​រុស្ស៊ី Putin កំពុង​ព្យា​យាម​បំបែក​អង្គការ​អូតង់។ លោក Putin កំពុង​ព្យាយាម​ផ្តួល​រំលំ​សហភាព​អឺរ៉ុប។​ លោក Putin ​ចង់​ធ្វើ​ឲ្យស្ថាប័ន​ប្រជាធិបតេយ្យ‍​ទន់​ខ្សោយ»។

សេតវិមាន ​និយាយ​ថា ​ខ្លួន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​រុស្ស៊ី។​ អ្នកនាំ​ពាក្យ​សេតវិមាន Sean Spicer និយាយ​ថា៖ «លោក​ប្រធានាធិបតី​ត្រាំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​លោក​រំពឹង​ថា ​រដ្ឋាភិបាល​រុស្ស៊ី ​នឹង​បន្ធូរបន្ថយ​អំពើ​ហិង្សា​នៅ​ក្នុងប្រទេស​អ៊ុយក្រែន​ ហើយ​និង​ប្រគល់​តំបន់ Crimeaទៅ​ឲ្យ​អ៊ុយក្រែន​វិញ។ ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​លោក​ប្រធានា​ធិបតី​រំពឹង​យ៉ាង​ពេញ​ទំហឹង ​និង​ចង់​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រុស្ស៊ី‍»។

លោក​ប្រធានា​ធិបតី​ត្រាំ ឥឡូវ​នេះ ​កំពុង​ពិនិត្យ​មើល​បេក្ខជន​៣​នាក់​ដើម្បី​ជំនួស​លោក Flynn។

ខណៈ​នោះ​ដែរ ពួក​មេដឹកនាំ​ព្រឹទ្ធសភា និយាយ​ថា គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់ ​នឹង​ចាប់​ផ្តើម​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG