ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា លោកសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះដើម្បីឱ្យប្រទេសរុស្ស៊ីបើកច្រកសម្រាប់កំពង់ផែអ៊ុយក្រែននៅទីក្រុង Odesa និងកន្លែងផ្សេងទៀតដែលជីវិតមនុស្សរាប់ម៉ឺននាក់ពឹងលើកិច្ចព្រមព្រៀងនេះ ចំពេលមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសជាច្រើន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក លោក Borrell បាននិយាយថា រុស្ស៊ីត្រូវតែអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បើមិនដូច្នេះទេ សហគមន៍អន្តរជាតិនឹងនិយាយថា រុស្ស៊ីកំពុងប្រើប្រាស់អាហារជាអាវុធដោយមិនគិតពីអាយុជីវិតមនុស្ស។ លោក Borrell បាននិយាយថា «វាមិនមែនជាល្បែងការទូតទេ។ វាជាបញ្ហាអាយុជីវិត និងការស្លាប់រស់របស់មនុស្សជាច្រើន»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីសប្តាហ៍មុនថា មាន«កិច្ចព្រមព្រៀងទូលំទូលាយ»លើកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែនជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនរាប់លានតោនដែលជាប់គាំងនៅក្នុងឃ្លាំងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងជួបប្រជុំនៅទីក្រុងប្រ៊ុចសែលដើម្បីពិចារណារកការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងការគាំទ្រផ្នែកយោធា និងការធ្វើឱ្យប្រសើរឡើងការអនុវត្តទណ្ឌកម្មបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ី និងសំណើហាមការទិញមាសពីរុស្ស៊ី។
លោក Borrell បាននិយាយថា ប្រទេសរុស្ស៊ីបាននិងកំពុងប្រឆាំងនឹងបណ្តាប្រទេសសហភាពអឺរ៉ុប ដោយប្រើប្រាស់ការពឹងផ្អែករបស់អឺរ៉ុបលើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីប៉ុន្តែថា មេដឹកនាំសហភាពអឺរ៉ុបកំពុងរៀបចំផែនការដើម្បី«ប្រឈមនឹងស្ថានភាពដែលអាចកើតមាន» ហើយនឹងមិនបញ្ឈប់ការគាំទ្រអ៊ុយក្រែនឡើយ។ លោកបានបន្ថែមថា សមាជិកសហភាពអឺរ៉ុបត្រូវតែអត់ធ្មត់ និងធន់ក្នុងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
លោក Borrell បាននិយាយថា រដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពនៅអ៊ុយក្រែនពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba។ នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងទទួលភរិយាប្រធានាធិបតីអ៊ុយក្រែនលោកស្រី Olena Zelenska សម្រាប់កិច្ចប្រជុំនៅក្រសួងការបរទេស។ នៅអ៊ុយក្រែន យោធារបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការបាញ់ផ្លោងរបស់រុស្ស៊ីកំពុងបន្តនៅក្នុងតំបន់ជាច្រើន រួមទាំង Slovyansk និង Kharkiv ផងដែរ។
នៅក្នុងតំបន់ Donetsk ដែលជាគោលដៅសំខាន់របស់រុស្ស៊ីនោះ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមវាយប្រហារនៅជិតតំបន់ Hryhorivka។ ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយថា យោធារុស្ស៊ីកំពុងប្រើប្រាស់ក្រុមហ៊ុនយោធាឯកជនឈ្មោះ Wagner ដើម្បីពង្រឹងកងកម្លាំងជួរមុខរបស់ខ្លួន និងជំនួសកម្លាំងរុស្ស៊ីដែលស្លាប់តាំងពីមានការឈ្លានពានមក។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញបញ្ជានីតិប្រតិបត្តិកាលពីល្ងាចថ្ងៃអាទិត្យដកប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុកដ៏មានឥទ្ធិពលរបស់អ៊ុយក្រែននិងអគ្គរដ្ឋអាជ្ញា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បទបញ្ជាដកប្រធានទីភ្នាក់ងារសន្តិសុខលោក Ivan Bakanov ដែលជាមិត្តភក្តិរបស់លោកZelenskyy ពីកុមារភាព និងអគ្គរដ្ឋអាជ្ញាអ្នកស្រី Iryna Venediktova ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់លោកប្រធានាធិបតី។ នៅក្នុងការបង្ហោះតាម Telegram ដាច់ដោយឡែក លោក Zelenskyy បាននិយាយថា លោកបានដកមន្ត្រីកំពូល ដោយសារតែករណីជាច្រើនបង្ហាញថា សមាជិកទីភ្នាក់ងាររបស់ពួកគេសហការជាមួយរុស្ស៊ី។
លោកបាននិយាយថា សំណុំរឿងក្បត់ជាតិ និងការសហការចំនួន៦៥១ត្រូវបានដំណើរការប្រឆាំងនឹងមន្ត្រីរដ្ឋអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ ហើយថា មន្ត្រីជាង៦០នាក់មកពីទីភ្នាក់ងាររបស់លោក Bakanov និង អ្នកស្រី Venediktova ឥឡូវនេះកំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែននៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។ លោក Zelenskyy បាននិយាយថា «ឧក្រិដ្ឋកម្មបែបនេះដែលប្រឆាំងនឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់រដ្ឋ ... បង្កឱ្យមានសំណួរធ្ងន់ធ្ងរចំពោះមេដឹកនាំដែលពាក់ព័ន្ធ»។
លោកបានបន្តថា៖ «សំណួរនីមួយៗនៃសំណួរទាំងនេះត្រូវមានចម្លើយត្រឹមត្រូវ»។
លោក Zelenskyy បានតែងតាំងលោក Oleksiy Symonenko ជាអគ្គរដ្ឋអាជ្ញាថ្មីនៅបទបញ្ជានីតិប្រតិបត្តិដោយឡែកមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីផងដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។