មន្ត្រីរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងកិច្ចខិតខំប្រឹងប្រែងបន្តការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។
ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានរារាំងការនាំចេញរបស់អ៊ុយក្រែន ហើយវាដំឡើងតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីជាសកល។ ប្រទេសតួកគី និងអង្គការសហប្រជាជាតិបាននិងកំពុងធ្វើការសម្របសម្រួលកិច្ចព្រមព្រៀងកាត់បន្ថយវិបត្តិនេះ។
រុស្ស៊ីបានបង្ហាញការព្រួយបារម្ភខ្លាចកប៉ាល់អាចត្រូវបានប្រើដើម្បីនាំសព្វាវុធចូលក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឲ្យឆែកកប៉ាល់។ អ៊ុយក្រែនបាននិយាយថា កិច្ចព្រមព្រៀងមិនអាចគំរាមកំហែងដល់សន្តិសុខនៃទឹកដីរបស់ខ្លួនតាមបណ្តោយសមុទ្រខ្មៅនោះទេ។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនរំពឹងថាកងកម្លាំងរុស្ស៊ីនឹងផ្តោតលើការដណ្តើមយកទីក្រុងតូចៗនៅជិតទីក្រុង Slovyansk និង Kramatorsk ខណៈរុស្ស៊ីព្យាយាមដណ្តើមកាន់កាប់តំបន់ Donbas ភាគខាងកើត។ ក្រសួងនេះបាននិយាយថា «តំបន់ជាយក្រុងSlovyansk និង Kramatorsk ទំនងជានៅតែជាគោលដៅចម្បងសម្រាប់ប្រតិបត្តិការនេះ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃអង្គារថា «ការបាញ់ផ្លោងរបស់រុស្ស៊ីមិនឈប់ឈរសូម្បីមួយថ្ងៃ។ នៅ Donbas ការប៉ុនប៉ងវាយលុកមិនឈប់ទេ ស្ថានភាពនៅទីនោះមិនធូរស្រាលទេ ហើយការខាតបង់ក៏មិនថយដែរ។ យើងត្រូវតែចងចាំរឿងនេះ។ យើងត្រូវតែមើលឃើញនិងទាក់ទាញការយកចិត្តទុកដាក់ទៅលើបញ្ហានេះ»។
អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ទាហានរុស្ស៊ី៥២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចរយៈចម្ងាយឆ្ងាយលើទីតាំងគ្រាប់រំសេវនៅភាគខាងត្បូងអ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងមូស្គូបានបដិសេធការអះអាងនេះ ដោយនិយាយថា ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់។ រដ្ឋាភិបាលក្រុងកៀវ បាននិយាយថា ការវាយប្រហារនៅទីក្រុង Nova Kakhovka ក្នុងតំបន់ Kherson បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ប្រព័ន្ធកាំភ្លើងធំចល័ត HIMARS កម្រិតខ្ពស់ឱ្យអ៊ុយក្រែនដែលអ៊ុយក្រែនថា មានភាពជាក់លាក់ក្នុងការវាយប្រហារចំគោលដៅ។
រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានសម្លាប់ជនស៊ីវិលដោយមិនរើសមុខក្នុងសង្រ្គាម។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលចំនួន៥0២៤នាក់ត្រូវបានរាយការណ៍ថា ស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការលុកលុយបានចាប់ផ្តើមប៉ុន្តែចំនួនពិតទំនងជាច្រើនជាងនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters)