ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ថ្កោលទោស​ប្រទេស​បេឡារុស​អំពី​ការបង្វែរ​ជើង​ហោះហើរ​និង​ការ​ឃុំ​ខ្លួន​​អ្នក​កាសែត


រូបឯកសារ៖ លោក Roman Pratasevich អ្នក​សរសេរ​ប្លុក និង​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​មក​ចូល​រួម​ក្នុងសវនាការ​កាតន់​ក្ដី​លោក ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក Roman Pratasevich អ្នក​សរសេរ​ប្លុក និង​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​មក​ចូល​រួម​ក្នុងសវនាការ​កាតន់​ក្ដី​លោក ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

រដ្ឋាភិបាល​នានា​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ប្រទេស​បេឡារុស​កាល​ពី​ថ្ងៃ​អាទិត្យ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹងភេរវកម្ម​រដ្ឋ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្ខំ​ឲ្យ​យន្តហោះ​ឯកជន​មួយគ្រឿង​ចុះ​ចត​ជា​បន្ទាន់​នៅ​ក្នុង​ទីក្រុង Minskបន្ទាប់ពី​ការ​គំរាម​ដោយ​គ្រាប់​បែក​នៅ​ក្នុង​យន្តហោះ​នោះ ហើយ​បន្ទាប់​មក​បាន​ចាប់​ខ្លួន​អ្នក​សរសរ​ប្លុកម្នាក់​ដែល​បានរិះគន់​ប្រធានាធិបតី​ផ្តាច់ការ​លោក Alexander Lukashenko។

លោក Roman Pratasevich អតីត​ការីនិពន្ធ​ប្រចាំ Channels Telegram ដ៏​មាន​ឥទ្ធិពល​មួយ​មាន​ឈ្មោះ​ថា Nexta និង Nexta Live ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​ប៉ូលិស​ បន្ទាប់​ពី​ជើង​ហោះហើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍ Ryanair របស់​លោក​ពី​ប្រទេស​ក្រិក​ទៅ​កាន់​ប្រទេស​លីទុយអានី​ត្រូវ​បានបង្វែរ​ជើង​ហោះ​ហើរ​ក្នុង​ដែន​អាកាសរបស់​ប្រទេស​បេឡារុស​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ Minsk បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី Lukashenko បាន​បញ្ជា​ឲ្យ​យោធារបស់​លោក​ប្រើ​យន្ត​ហោះ​ចម្បាំងធុន MiG-29 ទៅអម​យន្តហោះ​ឯកជន​ឲ្យ​ចុះ​ចត។

លោក Pratasevichដែល​ស្ថិត​ក្នុង​សភាព​ភ័យញ័រ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ទៅ​កាន់​អ្នក​ដំណើរ​ផ្សេង​ទៀត​មុន​ពេល​ប៉ូលិស​នាំ​ខ្លួន​លោក​ទៅ​ថា «ខ្ញុំ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​នេះ» ។

រដ្ឋាភិបាល​ក្រុងMinsk បាន​ចោទ​លោក Pratasevich ពី​បទ​ភេរវកម្ម​និង​ការ​ញុះញង់​ឲ្យ​មាន​កុបកម្ម​បន្ទាប់​ពី Channel Nexta បាន​ក្លាយ​ជា​វេទិកា​សំខាន់​មួយ​ក្នុង​ការ​រៀបចំ​ការ​តវ៉ាការ​ពី​ឆ្នាំ​មុន​ប្រឆាំង​នឹង​ប្រធានាធិបតី Lukashenko ទាក់ទិន​នឹង​ការលួច​បន្លំ​សន្លឹក​ឆ្នោត។

លោក Lukashenko បាន​ឈ្នះ​ការបោះឆ្នោត​អាណត្ត​ទី៦​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​សីហា​ឆ្នាំ​ទៅ​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត៨០ភាគរយ ថ្វីបើ​ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ប្រទេស​បាន​ចោទប្រកាន់​លោក​ពី​ការលួច​បន្លំ​ការបោះឆ្នោត​ក៏ដោយ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ការបង្វែរ​ជើង​ហោះហើរ​នេះ​និង​ការចាប់​ខ្លួន​លោក Pratasevich៕

XS
SM
MD
LG