ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​អេត្យូពី​ឈ្នះ​ពាន​រង្វាន់​ណូប៊ែល​សន្តិភាព​ឆ្នាំ​២០១៩


រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Ambo តំបន់ Oromiya ប្រទេស​អេត្យូពី។
រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Ambo តំបន់ Oromiya ប្រទេស​អេត្យូពី។

នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​អេត្យូពី​លោក ​Abiy Ahmed Ali​ បាន​ឈះ​ពាន​រង្វាន់​ណូប៊ែល​សន្តិភាព​សម្រាប់​ស្នាដៃ​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​បង្កើត​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អេរីទ្រេ​ដែល​នៅ​ជិត​ខាង។

លោកស្រី ​Berit Reiss-Andersen​ ប្រធាន​គណកម្មាធិការ​ពាន​រង្វាន់​ណូប៊ែល​សន្តិភាពដែល​មាន​សមាជិក​៥​រូប​ជា​ជនជាតិ​ន័រវេស​បាន​ថ្លែង​ថា​ លោក ​Abiy ​ត្រូវ​បាន​គណៈ​កម្មាធិការ​សម្រេច​ផ្តល់​ពាន​រង្វាន់​នេះ​ជូន ​ដោយសារ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ក្នុង​ការ​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​របស់​លោក​ជាមួយ​នឹង​ប្រទេស​អេរីទ្រេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃ​ការចូល​កាន់​តំណែង​របស់​លោក​កាល​ពី​ឆ្នាំ​២០១៨។

គណៈកម្មាធិការ​ពាន​រង្វាន់​ណូប៊ែល​បាន​គូស​បញ្ជាក់​ថា​ លោក Abiy ​បាន​ប្រើ​ពេល​១០០​ថ្ងៃ​ដំបូង​របស់​លោក​ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ដក​ស្ថានភាព​អាសន្ន​ចេញ​ពី​ប្រទេស​ លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​រាប់​ពាន់​នាក់​ បញ្ឈប់​ការ​ត្រួត​ពិនិត្យ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ដែល​នៅ​ក្រៅ​ច្បាប់​ក្លាយ​ជាក្រុម​ស្រប​ច្បាប់​ បណ្តេញ​មេដឹកនាំ​យោធា​ និង​មេដឹកនាំ​ស៊ីវិល​ណា​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ និង​បង្កើន​ឥទ្ធិពល​ស្រ្តី​នៅក្នុង​ការងារ​នយោបាយ​និង​នៅ​តាម​សហគមន៍​ក្នុង​ប្រទេស​អេត្យូពី។

គណៈ​កម្មាធិការ​បាន​ទទួល​ស្គាល់​ថា​ ស្នាដៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​លោក​ទាំងនេះ​នៅ​តែ​ជួយ​ដល់​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​អេត្យូពី​ ក៏​ដូចជា​មាន​ក្តី​សង្ឃឹម​ថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​អេរីទ្រេ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ទាំង​ពីរ។

គណៈ​កម្មាធិការ​ណូប៊ែល​សន្តិភាព​ក៏​បាន​ទទួល​ស្គាល់​ចំពោះ​កិច្ចប្រឹង​ប្រែង​របស់​លោក ​Abiy ​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាព​និង​ការសម្រប​សម្រួល​នៅ​តំបន់​អាហ្វ្រិក​ខាង​កើត​និង​តំបន់​ភាគឦសាន​នៃ​ទ្វីប​អាហ្វ្រិក​ផង​ដែរ។

ពានរង្វាន់​ណូប៊ែល​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី១៤​ ខែ​តុលា​ ខាង​មុខ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG