ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines ផ្អាក​ការ​ហោះហើរ​យន្តហោះ​ប្រភេទ Boeing 737-Max 8 បន្ទាប់ពី​មាន​ការ​ធ្លាក់​យន្តហោះ​ដ៏​ប្រល័យ


ក្រុម​អ្នក​ជួយ​សង្គ្រោះ​រើ​សាកសព​ចេញ​ពី​កន្លែង​កើត​ហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines នៅ​ក្បែរ​ក្រុង Bishoftu ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បាន​ផ្អាក​យន្តហោះ​ប្រភេទ Boeing 737-Max 8 របស់​ខ្លួន​មិន​ឲ្យ​ហោះហើរ​បណ្ដោះ​អាសន្ន បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​ប្រល័យ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង ១៥៧ នាក់​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​ស្លាប់​បាត់បង់​ជីវិត។

លោក Tewolde GebreMariam នាយក​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines បាន​និយាយ​ថា អ្នក​បើក​យន្តហោះ​នោះ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ហោះ​មក​កាន់​ប្រលាន​យន្តហោះ​វិញ បន្ទាប់ពី​យន្តហោះ​នោះ​ជួប​បញ្ហា​មួយ​ចំនួន។

នាយ​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines នេះ បាន​បន្ថែម​ថា លោក​មិន​ទាន់​អាច​ស្វែង​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​នៅ​ឡើយ​ទេ។ ការ​ធ្លាក់​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​យន្តហោះ​នេះ​បាន​ហៅ​ចេញ​ពី​ទីក្រុង Addis Ababa ប្រទេស​អេត្យូពី សំដៅ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

បន្ទាប់ពី​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើត​ឡើង​មក រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នានា​ផ្អាក​ការ​ហោះហើរ​យន្តហោះ​ប្រភេទ Boeing 737-Max 8 នេះ​ទាំង​អស់។

ចំណែក​ឯ​ក្រុមហ៊ុន​អាកាសចរណ៍ Cayman Airways ក៏​បាន​ផ្អាក​ការ​ហោះហើរ​យន្តហោះ​ប្រភេទ 737-Max 8 នេះ​ទាំង​អស់​របស់​ខ្លួន​ដែរ។

អ្នក​ជិះ​នៅ​លើ​យន្តហោះ​នោះ​ទាំង​អស់​មក​ពី​ប្រទេស​យ៉ាង​តិច​ចំនួន ៣៥ ដែល​ក្នុង​នោះ​មាន​ទាំង​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​យ៉ាង​តិច​ចំនួន ១៩ នាក់​ផង​ដែរ។

លោក Robert Palladino អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ក្រសួង​ការបរទេស​អាមេរិក​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ខ្លាំង​បំផុត​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​នៃ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ ET302 របស់​ក្រុមហ៊ុន Ethiopia Airlines ដ៏​សោកនាដកម្ម​នេះ‍»៕

XS
SM
MD
LG