ប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃសៅរ៍ថា កងយោធាប្រទេសលោកនឹង«បណ្តេញពួកភេរវជន»ពីព្រំដែនខ្លួនក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរី ប្រសិនបើពួកជីវពល YPG Kurd មិនចាកចេញពីទីនោះមិនឱ្យហួសពីពេលកំណត់ចុងក្រោយបង្អស់ដែលប្រទេសតួកគី និងប្រទេសរុស្ស៊ីបានយល់ស្របគ្នាកាលពីដើមសប្តាហ៍នេះ។
ពេលកំណត់ចុងក្រោយបង្អស់នៅម៉ោងមួយរសៀលម៉ោងសាកលនៅថ្ងៃអង្គារបានត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងមួយដោយលោក Erdogan និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅឯក្រុងសម្រាកកាយ Sochi ជាប់នឹងឆ្នេរសមុទ្រខ្មៅ។ប្រទេសរុស្ស៊ីបាននិយាយថា ពួកប៉ូលិស យោធារបស់ពួកគេនិងកងឆ្មាំព្រំដែនស៊ីរីនឹង«សម្រួលការបញ្ជូន»ពួកជនអំបូរ Kurd ចេញពីចម្ងាយ៣០គ.ម.ពីព្រំដែន។
រដ្ឋាភិបាលក្រុងអង់ការ៉ា បានពោលអះអាងថា ពួក YPG ជាក្រុមភេរវជនហើយបានរិះគន់ខ្លាំងដល់ស.រ.អា.ដែលបានគាំទ្រកងជីវពលនេះដែលមានសារៈសំខាន់នៅក្រោមកងកម្លាំងប្រជាធិបតេយ្យស៊ីរីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម។ លោក Erdogan ក៏បានដាស់តឿនដល់វិស័យសន្តិសុខអន្តរជាតិឱ្យគាំទ្រការផ្តើមគំនិតរបស់តួកគី ក្នុងការបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរីជាង៣លាន៥សែននាក់ដែលនៅពេលនេះកំពុងរស់នៅក្នុងប្រទេសតួកគី។
នៅពេលជាមួយគ្នានេះ ស.រ.អា.នឹងបង្កើនកងកម្លាំងខ្លួនដែលការពារវាលប្រេងនិងកន្លែងបូមប្រេងនៅក្នុងផ្នែកខាងកើតនៃប្រទេសស៊ីរីពីពួកភេរវជនរដ្ឋឥស្លាមទោះណាជាទាហានភាគច្រើនរបស់ខ្លួនកំពុងត្រូវដកចេញពីស៊ីរីក៏ដោយ៕