កងកម្លាំងយោធាប្រតិព័ទ្ធរុស្ស៊ីបានចាប់ផ្តើមយាមល្បាតនៅតាមទីក្រុងសំខាន់ៗ និងទីប្រជុំជនរបស់កងជីវពលឃឺតនៅព្រំដែនរវាងស៊ីរីនិងតួកគី។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកនានាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
អ្នករាយការណ៍ព័ត៌មានក្នុងស្រុកម្នាក់បានប្រាប់ VOA ថា គេឃើញរថយន្តយោធារុស្ស៊ី បើកក្បែរគ្នាជាមួយនឹងរថយន្តរបស់កងកម្លាំងឃឺត នៅតាមទីក្រុងជាច្រើននៅភាគឦសានប្រទេសស៊ីរី។
លោក Ivan Hasib អ្នកសារព័ត៌មានម្នាក់មកពីតំបន់ភាគឦសានប្រទេសស៊ីរីបាននិយាយថា «ខ្ញុំបានបើកតាមរថយន្តរបស់ពួកគេតាំងពីក្រុង Qamishli រហូតដល់ក្រុង Amuda។ រថយន្តរបស់យោធារុស្ស៊ីត្រូវបានអមដោយកងកម្លាំងសន្តិសុខរបស់កងជីវពលឃឺតក្នុងតំបន់»។
ការបើករថយន្តល្បាតរបស់កងកម្លាំងរុស្ស៊ីទាំងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីតួកគីរបស់លោក គឺលោកប្រធានាធិបតី Recep Tayyip Erdogan បានឈានដល់កិច្ចព្រមព្រៀងគ្នាបញ្ចប់ការលុកលុយរបស់យោធាតួកគីប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF ជាសម្ព័ន្ធដឹកនាំដោយយុទ្ធជនឃឺតដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅប្រទេសស៊ីរី។
កិច្ចព្រមព្រៀងរវាងរុស្ស៊ី និងតួកគីបានផ្អាកការលុកលុយរបស់តួកគីប្រឆាំងនឹងពួកយុទ្ធជនឃឺតនៅភាគឦសានប្រទេសស៊ីរី ដែលបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន បន្ទាប់ពីការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកទាហានអាមេរិកចេញពីតំបន់នោះ។
នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានយល់ព្រមដើរល្បាតរួមគ្នានៅក្នុងតំបន់ដើម្បីធានាថា កងកម្លាំង SDF បានចេញពីព្រំដែននៅក្នុងតំបន់។
ប៉ុន្តែប្រភពនានាក្នុងតំបន់បានរាយការណ៍ថា កងកម្លាំងតួកគីមិនទាន់បានចូលរួមនៅក្នុងបេសកកម្មយាមល្បាតនេះទេ និងបានរាយការណ៍ទៀតថា កងកម្លាំង SDF មិនបានយល់ព្រមទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងតួកគីនេះទេ៕