យន្តហោះរបស់លោកប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចុះចតនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យដើម្បីចាប់ផ្តើមទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ដែលមានគោលបំណងដោះស្រាយការប្រឈមមុខដាក់គ្នារវាងប្រទេសកាតាដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា និងបណ្តាប្រទេសដែលនៅជិតខាងនោះ។
លោក Erdogan បានមានប្រសាសន៍នៅឯអាកាសយានដ្ឋានក្រុងអ៊ីស្តង់ប៊ុលមុនពេលចេញដំណើរថា៖ «គ្មាននរណាម្នាក់ចង់អូសបន្លាយវិបត្តិនេះបន្តទៅទៀតនោះទេ។ ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់យើងនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់នេះ»។
លោក Erdogan បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកក្នុងទីក្រុងកំពង់ផែ Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅទីនោះលោកបានបើកកិច្ចប្រជុំជាមួយនឹងស្តេច Salman bin Abdulaziz និងរាជបុត្រគ្រងរាជ Mohammed bin Salman។
បន្ទាប់មកទៀត ប្រធានាធិបតីតួកគីនឹងបន្តដំណើរទៅកាន់ប្រទេសគុយវេត ដើម្បីជួបប្រជុំជាមួយនឹងមេដឹកនាំប្រទេសនេះ គឺលោក Sheikh Sabah al-Ahmad al-Sabah។ ក្រោយពីជំនួបនេះហើយ លោក Erdogan នឹងបន្តធ្វើដំណើរទៅប្រទេសកាតា ដើម្បីជួបជាមួយនឹងមេដឹកនាំប្រទេសនេះគឺលោក Sheikh Tamim bin Hamad Al-Thani។
ប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអារ៉ាប់រួម និងប្រទេសបារ៉ែនបានកាត់ផ្តាច់ចំណងទាក់ទងជាមួយនឹងប្រទេសកាតា។ ប្រទេសទាំងនេះកំពុងតែដាក់ទណ្ឌកម្មផ្លូវគោកនិងផ្លូវសមុទ្រលើប្រទេសកាតា ដោយចោទប្រកាន់ថា ប្រទេសកាតាដែលសំបូរទៅដោយប្រេងនេះ គាំទ្រដល់ក្រុមជ្រុលនិយមនិងធ្វើឲ្យតំបន់នេះគ្មានស្ថិរភាព ប៉ុន្តែប្រទេសកាតាបានបដិសេធការចោទប្រកាន់នេះ៕