ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson បញ្ចប់​ទស្សនកិច្ច​ដោយ​មិន​បាន​ទទួល​បាន​ជោគជ័យ​ជា​ដុំ​កំភួន​លើ​បញ្ហា​ប្រទេស​កាតា​


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ Rex Tillerson ជួប​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​កាតា​គឺ​លោក Sheikh Tamim Bin Hamad Al Thani នៅ​វិមាន Sea Palace ក្នុង​ក្រុង Doha ប្រទេស​កាតា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ Rex Tillerson ជួប​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​កាតា​គឺ​លោក Sheikh Tamim Bin Hamad Al Thani នៅ​វិមាន Sea Palace ក្នុង​ក្រុង Doha ប្រទេស​កាតា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ Rex Tillerson បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កាតារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ជាមួយ​ការ​ជឿនលឿន​បន្តិចបន្តួច​នៅ​ក្នុង​ការទូត​ចុះ​ឡើង​ទៅវិញ​ទៅ​មក​របស់​លោក​ដែល​មាន​គោលដៅ​បញ្ឈប់​ភាព​មិន​ឈ្នះ​មិន​ចាញ់​ខាង​ការទូត​របស់​រដ្ឋាភិបាល​ក្រុង Doha ជាមួយ​ប្រទេស​អារ៉ាប់​ចំនួន​បួន។

លោក Tillerson បាន​ប្រកែក​មិនព្រម​ឆ្លើយ​នឹង​សំណួរ​នៅ​ក្រោយ​ជំនួប​ចុងក្រោយ​បង្អស់​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​កាតា Qatar គឺ​ លោក Sheikh Tamim bin Hamad al-Thani នៅ​មុន​លោក​ធ្វើ​ដំណើរ​ត្រឡប់មក​កាន់​រដ្ឋធានី Washington វិញ។​ ប្អូន​ប្រុស​របស់​មេដឹកនាំ​កាតា​រូប​នេះ គឺ​លោក Sheikh ​Mohammad bin Hamad al-Thani បាន​ជម្រាបលោក Tillerson ថា​«សង្ឃឹម​ថា​នឹង​ជួប​លោក​ទៀត​នៅ​ក្នុង​កាលៈទេសៈល្អ​ប្រសើរ​ជាង​នេះ»។

លោក Tillerson បាន​និយាយ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កាតា​នៅ​ក្រោយ​លោក​បាន​ចំណាយ​ពេលវេលា​កាលពី​ថ្ងៃពុធ​នៅ​ក្នុង​ក្រុង Jeddah នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ក្រហម​ដើម្បី​ជួប​ជាមួយ​ពួក​អ្នក​ការទូត​មក​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ អេហ្ស៊ីប បារ៉ែន និង​អេតមីរ៉ាត​អារ៉ាប់​រួម។ ពួក​ប្រទេស​ទាំង​នេះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​កាត់​ផ្តាច់​ចំណង​ទាក់ទង​ខាង​ការទូត​ជាមួយ​ប្រទេស​កាតារ កាលពី​ខែមុន​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ Doha ថា​បាន​ផ្តល់​ប្រាក់​កាស​ឱ្យ​ពួក​ភេរវជន​ក្នុង​តំបន់ និង​ថា​ជិតស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ប្រទេស​កាតារ​បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំង​នេះ​ហើយ៕

XS
SM
MD
LG