ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិន​ទាន់​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ការទូត​រវាង​ប្រទេស​កាតា និង​ក្រុម​ប្រទេស​អារ៉ាប់​ចំនួន ៤ បន្ទាប់ពី​មាន​ការ​ពិភាក្សា​ជាមួយ​លោក Tillerson រួច​មក


A woman and a young girl sit in their flooded house in Sunamganj, Bangladesh.
A woman and a young girl sit in their flooded house in Sunamganj, Bangladesh.

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ដូហា ប្រទេស​កាតា ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ព្រះចៅ​មហាម៉ាត់​នៃ​ប្រទេស​កាតា ព្រះ​មហាក្សត្រ Sheikh Bin Hamad Al-Thani ក្នុង​គោល​បំណង​ដោះស្រាយ​ភាព​ជាប់​គាំង​ការទូត​រវាង​ប្រទេស​កាតា និង​ប្រទេស​អារ៉ាប់​ចំនួន ៤ ដូចជា​អារ៉ាប៊ី​សាអូឌីត អេមីរ៉ាត​អារ៉ាប់​រួម បារ៉ែន និង​អេហ្ស៊ីប។

ក្រុម​ប្រទេស​អារ៉ាប់​ទាំង ៤ ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះ បាន​ចោទ​ប្រកាន់​ប្រទេស​កាតា​ថា​បាន​គាំទ្រ​អំពើ​ភេរវកម្ម និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដូហា​ធ្វើ​តាម​នូវ​ចំណុច​ចំនួន ១៣ បន្ទាប់​ពី​បាន​ផ្ដាច់​ចំណង​ទាក់ទង​ការទូត​ជាមួយ​ប្រទេស​កាតា​កាល​ពី​ដើម​ខែ​មិថុនា​មក។ ប្រទេស​កាតា បាន​បញ្ជាក់​ថា ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា ប៉ុន្តែ​នឹង​មិន​លះបង់​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ទេ។

លោក Tillerson បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​នៃ​ក្រុម​ប្រទេស​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​មិន​បាន​និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​នោះ​បាន​បញ្ចប់​នោះ​ទេ។ នៅ​មុន​ជំនួប​នេះ​ធ្វើ​ឡើង មន្ត្រី​រដ្ឋាភិបាល​អេមីរ៉ាត​អារ៉ាប់​រួម​មួយ​រូប បាន​និយាយ​ថា ដំណោះស្រាយ​ណា​មួយ​ចំពោះ​ជម្លោះ​នេះ ត្រូវតែ​ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​ទាំង​អស់ មិន​ត្រឹមតែ​បញ្ហា​ការឧបត្ថម្ភ​ថវិកា​ដល់​អំពើ​ភេរវកម្ម​តែ​ប៉ុណ្ណោះ​នោះ​ទេ។

បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កាតា លោក Mohammed bin Abdulrahman កាល​ពី​ដើម​សប្ដាហ៍​នេះ​មក លោក Tillerson បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​កាតា បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ដូហា​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​ថវិកា​ដល់​អំពើ​ភេរវកម្ម។

ប៉ុន្តែ ក្រុម​ប្រទេស​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ទោះបីជា​ពួកគេ​សាទរ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ក៏​ដោយ ក៏​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ «គឺ​មិន​គ្រប់គ្រាន់» នោះ​ទេ ហើយ​ពួកគេ​នឹង​តាមដាន​អំពី​ភាព​ម៉ឺងម៉ាត់​របស់​ប្រទេស​កាតា​ដោយ​យក​ចិត្ត​ទុកដាក់​ជា​ទី​បំផុត នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​ថវិកា និង​ការ​គាំទ្រ​អំពើ​ភេរវកម្ម៕

XS
SM
MD
LG