ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson ចុះ​ហត្ថេលខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កាតា​ដើម្បី​គ្រប់គ្រង​ការ​ផ្តល់​ប្រាក់​ដល់​ភេរវជន


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson និង​លោកSheikh Mohammed bin Abdulrahman Al Thani រដ្ឋ​មន្ត្រី​ការបរទេស​កាតា​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ​នៅ​ក្នុង​ក្រុង Doha ប្រទេស​កាតា កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

កិច្ច​ខិតខំប្រឹងប្រែង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ក្នុង​ការ​ដោះស្រាយ​ជម្លោះមួយរវាង​ប្រទេស​កាតា និង​ប្រទេស​បួន​នៅ​ជិត​ខាង​ខ្លួន​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ត្រូវ​បាន​គេ​ប្តូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​មន្ត្រី​មក​ពីប្រទេស​ជាតិ​នានា​ដែល​បាន​ចោទ​ប្រកាន់​ប្រទេស​កាតា​ថា​បាន​គាំទ្រ​ភេរវកម្ម។

កិច្ចចរចា​នៅ​ក្នុង​ប្រទេស​កាតា​ធ្វើ​ឡើង​មួយ​ថ្ងៃ​នៅ​ក្រោយ​លោក Tillerson បាន​ប្រកាស​ថាស.រ.អា. និង​ប្រទេស​កាតា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ Doha ចាត់វិធានការ​បង្ក្រាប​ការ​ផ្តល់​ប្រាក់កាស​ឱ្យ​ពួក​ភេរវជន។​

លោក Tillerson បាន​មាន​ប្រសាសន៍​ថា «ខ្ញុំនៅ​ក្នុង​ប្រទេស​កាតា​នៅថ្ងៃ​នេះ​ដោយ​នាំ​មក​ជាមួយខ្ញុំ​នូវ​ស្មារតី​ដូច​ដែល​ប្រធានាធិបតី​ Trump បាន​នាំ​មក​ជា​មួយ​លោក​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង Riyadh កាលពី​ខែ​ឧសភា​ដែរ។ ​ស.រ.អា.​មាន​គោលដៅ​តែ​មួយ​គឺ​កម្ចាត់​ភេរវកម្ម​ពី​ផែនដី»។

ក៏​ប៉ុន្តែ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម បារ៉ែន និង​ប្រទេស​អេហ្ស៊ីប​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ទោះណា​ជា​ពួក​គេ​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស.រ.អា.​ប្រឆាំង​នឹង​ភេរកម្ម​ក៏​ដោយ​ ក៏​កិច្ចព្រមព្រៀង​ដែល​បាន​ត្រូវ​ចុះហត្ថលេខា​កាល​ពី​ថ្ងៃអង្គារ «មិន​គ្រប់គ្រាន់​ទេ»

ហើយ​ពួក​គេ​នឹង​តាម​ឃ្លាំមើល​អំពី «ភាព​ហ្មត់ចត់» របស់​ប្រទេស​កាតា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ប្រាក់ និង​ការ​គាំទ្រ​ដល់​ភេរវកម្ម៕

XS
SM
MD
LG