ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Erdogan នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាន់​អំណាច​បន្ត​ទៀត​នៅ​តួកគី


លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី ថ្លែង​សុន្ទរកថា​ទៅ​កាន់​រដ្ឋបាល​ថា្នក់​ក្រោម​ជាតិ​នៅ​និវេសនដ្ឋាន​របស់​លោក នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី ថ្លែង​សុន្ទរកថា​ទៅ​កាន់​រដ្ឋបាល​ថា្នក់​ក្រោម​ជាតិ​នៅ​និវេសនដ្ឋាន​របស់​លោក នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ការ​តាំង​ចិត្ត​របស់​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី​ ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​សភា​របស់​តួកគី​ឲ្យ​ក្លាយ​ទៅ​ជា​នីតិប្រតិបត្តិ​តាម​របប​ប្រធានាធិបតី​ កំពុង​រង​ការ​រិះគន់​ចំពោះ​បរាជ័យ​នៃ​ការ​ពិភាក្សា​ដើម្បី​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ។

ការ​តាំង​ចិត្ត​របស់​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី​ ដើម្បី​ផ្លាស់ប្តូរ​ប្រព័ន្ធ​សភា​របស់​តួកគី​ឲ្យ​ក្លាយ​ទៅ​ជា​នីតិប្រតិបត្តិ​តាម​របប​ប្រធានាធិបតី​ កំពុង​រង​ការ​រិះគន់​ចំពោះ​បរាជ័យ​នៃ​ការ​ពិភាក្សា​ដើម្បី​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ។ លោក​ប្រធានាធិបតី Erdogan បាន​ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​ពី​នីតិប្រតិបត្តិ​តាម​របប​ប្រធានាធិបតី​រួច​ទៅ​ហើយ ប៉ុន្តែ​ការ​ខ្វះ​ការ​គាំទ្រ​ពី​សភា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ។

ការ​ដួល​រលំ​នៃ​គណៈកម្មាការ​រដ្ឋ​ធម្មនុញ្ញ​តាម​សភា​ដែល​មាន​គណបក្ស​ចំនួន​ពីរ​បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី៣​របស់​ខ្លួន ក្នុង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី Erdogan នៅ​តែ​ខ្វះ​សំឡេង​៣ភាគ៥​ដែល​ជា​សំឡេង​ក្នុង​សភា​ចាំបាច់​ដើម្បី​អនុម័ត​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ដែល​នឹង​ត្រូវ​ធ្វើ​សច្ចាប័ន​តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ។

លោក Kadri Gursel អ្នក​សរសេរ​ព័ត៌មាន​នយោបាយ​របស់​គេហទំព័រ al-Monitor និយាយ​ថា លោក​ប្រធានាធិបតី​អាច​នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​មុន​ពេល​កំណត់។

«ប្រសិន​បើ​គាត់ [លោក​ប្រធានាធិបតី] មិន​អាច​ស្វែងរក​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​២០នាក់​នៅ​ក្នុង​សភា​ដើម្បី​គាំទ្រ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​សម្រាប់​ការ​ដឹកនាំ​តាម​របប​ប្រធានាធិបតី​នោះ​ទេ គាត់​នឹង​នាំ​ប្រទេស​ឲ្យ​មាន​ការ​បោះឆ្នោត​ភ្លាមៗ​ ដោយ​ធ្វើ​ការ​ចោទប្រកាន់​គណបក្ស​ប្រឆាំង​ថា​បាន​បិទ​ផ្លូវ​របស់​តួកគី និង​គឺដើម្បី​រារាំង​តួកគី​ក្នុង​ការ​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់​នានា»។

លោក​ប្រធានាធិបតី​Erdogan បាន​ចាប់​ផ្តើម​យុទ្ធនាការ​ទូទាំង​ប្រទេស​រួច​ទៅ​ហើយ។ យុទ្ធនាការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដែល​បាន​អំពាវនាវ​ឲ្យ​ប្រើប្រាស់​របប​ប្រធានាធិបតី​ជំនួស​របប​សភា​នា​ពេល​បច្ចុប្បន្ន នៅ​ក្រោម​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៨២ ដែល​តាក់តែង​ដោយ​មេ​ដឹកនាំ​យោធា​របស់​តួកគី។

លោក​ប្រធានាធិបតី Erdogan បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​តួកគី​មាន​កំណើន​សេដ្ឋកិច្ច​លឿន របប​ប្រធានាធិបតី​ថ្មី​មិន​គួរ​ត្រូវ​បាន​រារាំង​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្រើន (check and balance) នោះ​ទេ។ អ្នក​រិះគន់​និយាយ​ថា ប្រព័ន្ធ​ថ្មី​នោះ​អាច​នឹង​ជា​របប​ផ្តាច់​ការ​ ប៉ុន្តែ​ដោយ​តួកគី​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម Kurd ថ្មីៗ​នេះ បូក​រួម​ទាំង​សង្រ្គាម​ស៊ីវិល​ស៊ីរី​នៅ​តាម​បណ្តោយ​ព្រំដែន​ផង លោក Gursel និយាយ​ថា លោក​ប្រធានាធិបតី​ និង​អ្នក​គាំទ្រ​របស់​លោក​ស្ថិត​ក្នុង​ជំហរ​ដ៏​រឹងមាំ។

«ជា​ឧទាហរណ៍​ យើង​ឃើញ​មាន​កាសែត​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ខ្លាំង ដោយ​បាន​ដាក់​ចំណង​ជើង​កាសែត​ថា «របប​ប្រធានាធិបតី ឬ​ភាព​វឹកវរ»។ ឥឡូវ​នេះ ជាមួយ​នឹងអំណាច​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ភាព​ពេញ​ចិត្ត​លើ​ឥរិយាបថ​របស់​លោក សមត្ថភាព​ដឹកនាំ​របស់​លោក លោក​នឹង​ព្យាយាម​បង្កើត​ការ​យល់​ឃើញ​មួយ។ ប្រសិនបើ​មិន​មាន​របប​ប្រធានាធិបតី​ដែល​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី​នោះ​ទេ ប្រទេស​តួកគី​នឹង​ជួប​គ្រោះ​មហន្តរាយ»។

ដោយ​មាន​ការ​ទទូច​របស់​លោក Erdogan ដែល​ថា​ប្រទេស​នេះ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​មួយ មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​ថា ការ​បោះឆ្នោត​ជា​សកល​អាច​នឹង​ធ្វើ​កាន់​តែ​ឆាប់​នៅ​ដើម​ឆ្នាំ​នេះ។ ប៉ុន្តែ លោក Atilla Yesilada ដែល​ជា​ទីប្រឹក្សា​ផ្នែក​នយោបាយ​របស់​ក្រុមហ៊ុន Global Source Partners និយាយ​ថា ខណៈដែល​លោក​ប្រធានាធិបតី​នៅ​តែ​ជា​តួអង្គ​នយោបាយ​ដ៏​សំខាន់ លោក​នឹង​លេង​ល្បែង​ដ៏​ធំ​មួយ ប្រសិន​បើ​លោក​ទៅ​បោះឆ្នោត​ជា​លើក​ទី៣ ក្នុង​រយៈពេល​២ឆ្នាំ។

«ពេល​មាន​បញ្ហា មនុស្ស​ម្នា​តែងតែ​ចង់​បាន​ភាព​ជា​អ្នក​ដឹកនាំ​ល្អ ប៉ុន្តែ​ វា​អាច​ដល់​ចំណុច​មួយ​ដែល​បញ្ហា​ហ្នឹង​អូស​បន្លាយ​យូរ​ពេក​ ហើយ​មនុស្ស​ម្នា​ចាប់​ផ្តើម​ឆ្ងល់​ពី​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​នោះ​ជា​មិន​ខាន។ ប្រសិន​បើ​លោក Erdogan ជ្រើសរើស​ការ​បោះឆ្នោត​មុន​អាណត្តិ​លើក​នេះ លោក​អាច​នឹង​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​ទន់​ខ្សោយ ព្រម​ទាំង​ភាព​តានតឹង​ និង​អំពើ​ហិង្សា​ដែល​មិន​ចេះ​ចប់​ចេះ​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ បើ​សិន​ជា​ការ​បោះឆ្នោត​មាន​ឯករាជ្យ មនុស្ស​ជាច្រើន​នឹង​មិន​ជ្រើស​យក​របប​ប្រធានាធិបតី​នោះ​ទេ»។

មាន​ការ​ប្រកែក​គ្នា​ជាច្រើន​លើក​ក្នុង​គណបក្ស​របស់​លោក Erdogan អំពី​របប​ប្រធានាធិបតី​ដែល​មាន​អំណាច​នីតិប្រតិបត្តិ។ ប៉ុន្តែ​ដោយ​លោក​ Erdogan មាន​ការ​គ្រប់គ្រង​តឹងរឹង​លើ​គណបក្ស​លោក និង​មាន​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​ជាច្រើន​និយាយ​ថា លោក​នៅ​តែ​អាច​សម្រេច​គោលបំណង​របស់​លោក៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG