ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តួកគី​កាត់​ទោស​ឈ្មួញ​ជួញ​ដូរ​មនុស្ស​ឲ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ


ប៉ូលិស​នាំ​ខ្លួន​ឈ្មួញ​ជួញ​ដូរ​មនុស្ស​ទៅ​សវនការ​នៅ​ក្នុង​ក្រុង Bodrum ប្រទេស​តួកគី កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។

អាជ្ញាធរ​ប្រទេស​តួកគី​បាន​កាត់ទោស​ជនជាតិ​ស៊ីរី​ពីរ​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​ដោយសារ​ការ​ស្លាប់​នៃកូន​ក្មេង​ម្នាក់​អាយុ​បី​ឆ្នាំ​ និង​គ្រួសារ​របស់​ក្មេង​នេះ​ដែល​បាន​លង់​ទឹក​ស្លាប់​នៅ​ពេល​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​តួកគី។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​តួកគី​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ឈ្មោះ​ Muwafaka Alabash និង​ឈ្មោះ​ Asem Alfrhad បាន​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ជួញ​ដូរ​មនុស្ស​ហើយ​បាន​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​និង​ពីរ​ខែ។​

នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​លង់​ទឹក​ស្លាប់​មាន​កុមារា​ Aylan Kurdi អាយុ៣ឆ្នាំ​ដែល​ជា​និមិត្តរូប​មួយ​នៃ​វិបត្តិ​ជន​ភៀស​ខ្លួននៅ​ពេល​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​បោះពុម្ព​ផ្សាយ​រូប​ថត​មួយ​នៃ​រាងកាយ​តូច​គ្មាន​ជីវិត​របស់​កុមារា​នេះ​អណ្តែត​ទៅ​ដល់​ឆ្នេរ​ខ្សាច់​នៅ​មាត់​សមុទ្រ​មួយ​នៃ​ប្រទេស​តួកគី។​ ជន​ភៀស​ខ្លួន​ឯទៀតៗ​ដែល​បាន​បាត់​បង់​ជីវិត​មាន​រួម​មាន​ម្តាយ​ និង​បង​ប្រុស​របស់​ Aylan។​

ការ​កាត់​ក្តី​ជន​ជាតិ​ស៊ីរី​ពីរ​នាក់​នេះ​បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃទី​១១កុម្ភៈនៅ​ក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​មួយ​នៅ​ក្នុង​ក្រុង​លំហែ​កាយ​ Bodrum នៅ​ភាគ​ខាង​លិចនៃ​ប្រទេស​តួកគី។​ ​សមាជិក​គ្រួសារ​របស់ Aylan Kurdi ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​សែន​នាក់​ដែល​ធ្វើ​ដំណើរ​ដោយ​ប្រថុយ​ប្រថាន​ទៅ​ដល់​ប្រទេស​ក្រិក​នៅ​ក្នុង​សេចក្តី​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​ថែម​ទៀត​ដើម្បី​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ប្រទេស​សម្បូរ​ធន​ធាន​ក្នុង​ប៉ែក​ខាង​ជើង ​និង​ខាង​លិច​នៃ​ទ្វីប​អឺរ៉ុប។​

ទីភ្នាក់ងារ​ស្ថិតិ​ Eurostat បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រថា​ មាន​អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​១លាន២សែន​៥ម៉ឺន​នាក់​បាន​ទៅ​ដល់​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៥​ដែល​មាន​ជាង​ពីរ​ដង​ចំនួន​កាល​ពី​ឆ្នាំ២០១៤។ ទី​ភ្នាក់ងារ​នេះ​បាន​និយាយ​ថា​ ជនជាតិ​ស៊ីរី​ជា​ជន​ភៀស​ខ្លួន​មាន​ចំនួន​ច្រើន​ជាង​គេ បន្ទាប់​មក​មានជនជាតិ​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់៕

XS
SM
MD
LG