មនុស្ស១១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើរដ្ឋធានីរបស់ប្រទេសយេម៉ែនដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ នេះបើតាមអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិងប្រភពពេទ្យដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអង្គារស្របពេលដែលក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានវាយបកវិញបន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យមួយលើរាជធានីអាប៊ុយដាប៊ីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលបណ្តាលឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក្យនោះ។
ពលរដ្ឋបានជីកកកាយកម្ទេចបាក់បែកដើម្បីរកអ្នកនៅរស់រានមានជីវិតនៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះ២ខ្នងនៅក្នុងរដ្ឋធានីសាណានៃប្រទេសយេម៉ែន ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមឧទ្ទាម Huthi បានអះអាងពីការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់មនុស្ស៣នាក់នៅក្នុងរាជធានីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
«មនុស្ស១១នាក់បានត្រូវសម្លាប់។ ការរុករកនៅកំពុងបន្តធ្វើឡើងនៅឡើយដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងកំទិចបាក់បែក»។ នេះបើតាមលោក Akram al-Ahdal ជាសាច់ញាតិម្នាក់របស់ជនរងគ្រោះ និងប្រភពពេទ្យដែលបានបញ្ជាក់ពីចំនួនមនុស្សស្លាប់នេះ។
ប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលជាផ្នែកមួយនៃក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលកំពុងប្រយុទ្ធពួកឧទ្ទាមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានសន្យាធ្វើការ ឆ្លើយតបដ៏ខ្លាំងដល់ការវាយប្រហារកាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារដ៏ប្រល័យលើកទី១ដែលត្រូវបានទទួលស្គាល់នៅខាងក្នុងព្រំដែនរបស់ខ្លួនហើយបានអះអាងដោយពួកបះបោរយេម៉ែន។
ក្រុមចម្រុះបានធ្វើការវាយប្រហារជាថ្មីដោយកំណត់គោលដៅទៅលើជំរំរបស់ក្រុមឧទ្ទាម Huthi និងទីបញ្ជាការរបស់ពួកគេនៅក្នុងរដ្ឋធានីសាណានៅថ្ងៃអង្គារ។ នេះបើតាមការបង្ហោះសារក្នុង Twitter ដោយទូរទស្សន៍រដ្ឋ Al-Ekhbariya នៃប្រទេសអារ៉ាប៊ីសាអូឌីត។
សហរដ្ឋអាមេរិកបានសន្យាធ្វើឲ្យក្រុមឧទ្ទាម Huthi ទទួលខុសត្រូវ ស្របពេលដែលចក្រភពអង់គ្លេសនិងប្រទេសបារាំងនិងសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហារនេះដែរ៕