ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ ​អ.ស.ប៖ ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម Houthi នៅ​ភាគ​ខាង​ជើង​យេម៉ែន​អាច​បង្ក​ជា​វិបត្តិ​មនុស្ស​ធម៌


រូបឯកសារ៖ សកម្មភាពប្រយុទ្ធតទល់គ្នារវាងក្រុមឧទ្ទាម Houthi និងកងកម្លាំងយោធាអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែន នៅតំបន់ Marib នៃប្រទេសយេម៉ែន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ សកម្មភាពប្រយុទ្ធតទល់គ្នារវាងក្រុមឧទ្ទាម Houthi និងកងកម្លាំងយោធាអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលយេម៉ែន នៅតំបន់ Marib នៃប្រទេសយេម៉ែន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Marib ភាគ​ខាង​ជើង ប្រទេស​យេម៉ែន ដោយ​ព្រមាន​ថា ការ​កើនឡើង​នៃ​អំពើ​ហិង្សា​កំពុង​គំរាមកំ​ហែង​ជីវិត​មនុស្ស​រាប់សែន​នាក់។

តំបន់ Marib ជាទូទៅ មិនធ្លាប់ដែលរងការប៉ះពាល់ដោយសារសង្រ្គាមស៊ីវិលរយៈពេលប្រាំមួយឆ្នាំនៅប្រទេសយេម៉ែនទេ រហូតដល់ពេលក្រុមឧទ្ទាម Houthi ចាប់ផ្តើមធ្វើការវាយប្រហារ ដើម្បីចូលគ្រប់គ្រងតំបន់នេះពីកងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែន។

ដោយសារតែមានសុវត្ថិភាព មនុស្សរាប់សែននាក់បានភៀសខ្លួនទៅតំបន់ Marib ដើម្បីគេចចេញពី ការប្រយុទ្ធគ្នានៅតាមតំបន់ផ្សេងៗទៀតនៃប្រទេសយេម៉ែន។ មនុស្សយ៉ាងហោចណាស់ ប្រាំបីសែននាក់កំពុងស្ថិតនៅក្នុងតំបន់នេះ។

អ្នក​នាំ​ពាក្យ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Liz Throssel ​និយាយ​ថា​ មនុស្ស​ទាំងអស់​នេះ និង​ជនស៊ីវិល​រាប់​ពាន់​នាក់​ផ្សេង​ទៀត ​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។ អ្នកស្រី​ព្រមាន​ថា ជនស៊ីវិល​រាប់សែន​នាក់​ នឹង​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​តំបន់​នោះ ​ប្រសិន​បើកងកម្លាំង​ជួរ​មុខ​បន្ត​ប្រយុទ្ធ​ទៅមុខ​នៅ​តា​ម​កន្លែង​នានា ​ក្នុង​តំបន់​ Marib ដែល​មាន​មនុស្សរស់​កក​កុញ។

​អ្នកស្រី​បាន​ថ្លែង​ថា៖ «ដោយសារ​តែ​ផលវិបាក​ដ៏​វិនាស​ផ្នែក​មនុស្ស​ធម៌​ យើង​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ជម្លោះ​ទាំង​អស់​ ឲ្យ​បន្ធូរបន្ថយ​ភាព​តាងតឹង ​និង​រំឭក​ពី​កាតព្វកិច្ច​នៅ​ក្រោម​ច្បាប់​អន្តជាតិ​ ដើម្បី​ការពារ​ជនស៊ីវិល​ពី​ផលប៉ះពាល់​ ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ។ នេះ​រួម​មាន​ការ​ធានា​នូវ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល រួម​មាន ជន​បាត់បង់​ទីជម្រក​ក្នុង​ប្រទេស និង​ជន​ចំណាកស្រុក​ដែល​ព្យាយាម​ភៀសខ្លួន​ចេញ​ពី​តំបន់ Marib»។

ទោះ​បី​ជា​មាន​សង្រ្គាម​ក៏​ដោយ​ យេម៉ែន​នៅ​តែ​ទាក់ទាញ​ពលករ​ចំណាក​ស្រុក​ក្រីក្រ​ពី​តំបន់​អាហ្រ្វិក​ខាង​កើត​ ដែល​ព្យាយាម​បន្តដំណើរទៅប្រទេស​អារ៉ាប៊ីសាអូឌីត ​ដើម្បី​ស្វែង​រក​ការងារ។ អ្នកស្រី Throssel និយាយ​ថា​ ជន​ចំណាកស្រុក​កំពុង​ជាប់​គាំង​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​នៅ​តំបន់​ Marib។

អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​របស់​អ្នក​ទោស​ ៥០១ ​នាក់​ នៅ​ក្នុង​ពន្ធនាគារ Central Prison ក្នុង​តំបន់ Marib​ ខណៈ​អាជ្ញាធរ​យេម៉ែន​បាន​បង្ហាញ​ថា ពួកគេ​គ្មាន​ផែនការ​រៀបចំ​សុវត្ថិភាព​ដល់អ្នកទោស​ទាំង​អស់​នោះ​ទេ។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​បញ្ជាក់​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ជនស៊ីវិល​នៅ​តំបន់ Marib ជា​ទី​ដែល​កងកម្លាំង Ansar Allah បាន​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ជា​ច្រើន​កន្លែងនា​ពេល​ថ្មីៗ​នេះ»។

ចលនា​របស់​ក្រុម​ឧទ្ទាម Houthi ត្រូវ​បាន​ហៅ​ជា​ផ្លូវការ​ថា Ansar Allah។ ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ដែល​តាម​ដាន​ការ​ស្លាប់​របស់​ជនស៊ីវិល បាន​រាយការណ៍​ថា ​ជនស៊ីវិល​ ៨.០៦៣​ នាក់ ​ត្រូវ​បាន​សម្លាប់ ហើយ ១២.០៤៦​ នាក់​ទៀត បាន​រងរបួស​ចាប់​តាំង​ពី​សង្រ្គាម​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥​ មក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG