គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.បានបដិសេធមិនទទួលយកសំណើរបស់គណបក្សក្រៅរដ្ឋាភិបាល ដែលស្នើសុំកែលម្អនីតិវិធីការបោះឆ្នោតដើម្បីធានាការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅខែកក្កដាខាងមុខ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.បានអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ដែលរួមមានអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងស្ថាប័នរដ្ឋមួយចំនួនផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់សម្រាប់ការបោះឆ្នោត ដើម្បីឈានទៅអនុម័តជាច្បាប់។ គណបក្សនយោបាយមួយចំនួនបានផ្តល់យោបល់ទៅស្ថាប័នគ.ជ.ប. ដោយស្នើឲ្យមានការកែលម្អចំណុចមួយចំនួនសម្រាប់នីតិវិធីនៃការបោះឆ្នោត។
ចំពោះសំណើកែលម្អនីតិវិធីបោះឆ្នោតចំនួនជាង១០ចំណុចដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់ទៅស្ថាប័នគ.ជ.ប. កាលពីខែវិច្ឆិកា គឺស្ថាប័នរៀបចំការបោះឆ្នោតបានបដិសេធ ដោយមិនកែប្រែតាមចំណុចដែលគណបក្សនេះបានស្នើសុំនោះទេ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការបដិសេធពីស្ថាប័នគ.ជ.ប.នូវរាល់សំណើរបស់គណបក្ស។ ហេតុដូច្នេះលោកថា ដំណើរការបោះឆ្នោតមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
លោកថ្លែងថា៖ «នេះដែលជាបញ្ហាដែលយើងគិតថា ការបោះឆ្នោតហ្នឹងជាការបោះឆ្នោតមួយដែលពិបាក[ដែល]ត្រូវបានគេមើលឃើញថា សេរី និងយុត្តិធម៌»។
លោកថា ក្នុងនីតិវិធីនៃការបោះឆ្នោតនេះគឺត្រូវកែប្រែចំណុចមួយចំនួនដើម្បីធានាដល់ដំណើរការបោះឆ្នោត ដែលអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចមិនកែប្រែតាមការស្នើឲ្យកែចំណុចមួយចំនួនតាមយោបល់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។ នេះបើតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
សំណើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួមមានការជ្រើសរើសគណៈកម្មការរៀបចំការបោះឆ្នោត ទាំងនៅថ្នាក់រាជធានីខេត្ត ទាំងថ្នាក់ឃុំសង្កាត់ និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមិនត្រូវជ្រើសរើសយកសមាសភាពដែលជាមន្ត្រីគណបក្សនយោបាយណាមួយ ព្រោះអ្នកបោះឆ្នោតមើលឃើញថា មន្ត្រីគណបក្សនយោបាយណាមួយ និងមន្ត្រីរៀបចំការបោះឆ្នោត ដែលជាគណៈកម្មការរៀបចំការបោះឆ្នោត ទាំងនៅថ្នាក់រាជធានីខេត្ត ទាំងថ្នាក់ឃុំសង្កាត់ និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺជាមនុស្សតែមួយ ដែលធ្វើឲ្យបាត់ជំនឿលើការធានានូវភាពអព្យាក្រឹត្យភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌របស់មន្ត្រីរៀបចំការបោះឆ្នោត។
ស្ថាប័ន គ.ជ.ប.សំអាងតាមមាត្រា១៩ មាត្រា៣០ និងមាត្រា៣៥នៃច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោម ដែលជាសមាជិកគណបក្សនយោបាយ ត្រូវលាលែងពីសមាជិកភាពនៃគណបក្សនយោបាយរហូតដល់ថ្ងៃចប់ភារកិច្ច។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានស្នើស្ថាប័នគ.ជ.ប.ឲ្យកែប្រែ មានដូចជាខេត្តដែលមានអាសនៈសភាតំណាងរាស្ត្រតែ១អាសនៈ គួរបន្ថែមទៅ២ ឬ៣អាសនៈ ការប្រើប្រាស់រូបមន្តសំណល់ធំបំផុតដូចការបោះឆ្នោតឆ្នាំ១៩៩៣ក្នុងការបែងចែកអាសនៈ ពេលរាប់សន្លឹកឆ្នោតមិនត្រូវឲ្យមានការបិទបង្អួច និងទ្វារនៃការិយាល័យរាប់សន្លឹកឆ្នោត និងមិនត្រូវដេញអ្នកបោះឆ្នោតដែលមិនបង្កការរារាំងដល់ដំណើរការរាប់សន្លឹកឆ្នោតចេញពីបរិវេណក្រៅការិយាល័យរាប់សន្លឹកឆ្នោត និងការចែកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន។ ស្ថាប័នគ.ជ.ប.បានបដិសេធមិនកែប្រែដូចការស្នើ និងបានរក្សាទុកចំណុចទាំងអស់ឲ្យដូចទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ប្រាប់វីអូអេថា ស្ថាប័នគ.ជ.ប.បានទទួលយកសំណើមកពិចារណា ប៉ុន្តែមិនមែនគ្រប់សំណើទាំងអស់សុទ្ធតែត្រូវបានទទួលយកមកបញ្ចូលក្នុងនីតិវិធីសម្រាប់ការបោះឆ្នោតនោះទេ។
លោកថ្លែថា៖ «សង្គមកម្ពុជាយើងមានគណបក្សនយោបាយច្រើន ហើយមានអ្នកបោះឆ្នោតក៏ច្រើនដែរ អ៊ីចឹងគ.ជ.ប.ពិតជាពិបាកក្នុងការផ្គាប់ចិត្ត ដើម្បីឲ្យអ្នកខ្លះ ឬក៏មតិភាគតិច ទទួលយកតាមបំណងរបស់ខ្លួនណាស់។ អ៊ីចឹងអ្វីដែលបានអនុម័តហើយ គ.ជ.ប.ស្នើសូមឲ្យគោរពតាមច្បាប់ និងបទបញ្ជានៃនីតិវិធី ដែលបានកំពុងតែអនុវត្តជាធរមានទាំងអស់គ្នា»។
ទាក់ទងនឹងការជ្រើសរើសមន្រ្តីថ្នាក់ក្រោមដែលទាមទារកុំឲ្យយកសមាសភាពជាសមាជិកគណបក្សនយោបាយ ស្ថាប័នគ.ជ.ប.មិនអាចកំណត់លក្ខខណ្ឌ ដូចការទាមទាររបស់គណបក្សបានទេ ព្រោះមិនមានមហាវិទ្យាល័យជំនាញដើម្បីបណ្តុះបណ្តាលការបោះឆ្នោត ដូច្នេះទើបស្ថាប័នគ.ជ.ប.ត្រូវការអ្នកមានបទពិសោធន៍មកបម្រើការបោះឆ្នោត ដែលមន្ត្រីរៀបចំការបោះឆ្នោតត្រូវតែគោរពតាមច្បាប់ដែលមានចែង ដោយមិនត្រូវលម្អៀងទៅកាន់គណបក្សណាមួយ។
លោកថ្លែងថា៖ «មន្ត្រីទោះបីជាគាត់មកពីមជ្ឈដ្ឋានណាក៏ដោយ គាត់ត្រូវគោរពតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត អ៊ីចឹងគាត់មិនអាចដើរលម្អៀងជាមួយតួនាទីរបស់គាត់ទេ។ ប្រសិនជាមានការសង្កេតឃើញថា មន្ត្រីណាបានដើរលម្អៀងនោះ គណបក្សនយោបាយ ឬភាគីពាក់ព័ន្ធអាចដាក់ពាក់បណ្តឹងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយគ.ជ.ប.នឹងធ្វើការស្រាវជ្រាវស៊ើបអង្កេត»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលកត់សម្គាល់ថា ស្ថាប័នគ.ជ.ប.ទទួលយកសំណើតិចតួច ឬសឹងកម្រិត១%ពីភាគីពាក់ព័ន្ធទៅពិចារណា និងកែប្រែក្នុងនីតិវិធីបោះឆ្នោត ដែលនេះនៅតែធ្វើឲ្យគណបក្សនយោបាយតវ៉ា និងធ្វើឲ្យមានការមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត។
លោកថ្លែងថា៖ «មានន័យថា គ.ជ.ប.នៅតែបង្កើតការសង្ស័យពីសាធារណជន រួមទាំងប្រជាពលរដ្ឋ។ អ៊ីចឹង ទោះបីថា លោកខំប្រឹងលើកម៉េចក៏ដោយ ប៉ុន្តែគណបក្សនយោបាយគេតវ៉ា នៅតែគេស្រែកអ៊ីចឹង ហើយអ៊ីចឹងការបំបាត់ការតវ៉ា ការស្រែកអីហ្នឹងវាមិនមែនសំខាន់ទៅលើការប្តឹងផ្តល់មិនឲ្យការនិយាយ ប្តឹងផ្តល់មិនឲ្យគេថាទេ គឺសំខាន់ស្ថាប័នគ.ជ.ប.ខ្លួនឯងត្រូវពង្រឹងនូវចំណុចណាដែលមានការចន្លោះប្រហោងហ្នឹង»។
គួរបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕