ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធានា​ការបោះឆ្នោត ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស


រូបឯកសារ៖ ពលរដ្ឋម្នាក់បោះឆ្នោត​នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋម្នាក់បោះឆ្នោត​នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

អង្គ​ការ​សង្គម​ស៊ីវិល និង​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​បាន​ជំរុញរដ្ឋា​ភិ​បាល​ឱ្យ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣ ​តុលា​ ឱ្យ​បាន​ពេញ​លេញ ​ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​ត្រូវធានា​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​ត្រឹម​ត្រូវ ​សេរី និង​យុត្តិ​ធម៌​។​

នៅ​ថ្ងៃទី​២៣​ ខែតុលា អង្គ​ការ​សង្គម​ស៊ីវិល និង​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ បាន​ជួប​ជុំគ្នា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដើម្បីប្រារព្ធ​ខួប​លើក​ទី​៣១​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​២៣ ​តុលា​ នេះ ​ក្រោម​ប្រធាន​បទ «​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​ក្នុងការ​កំណត់​អនាគត និង​នយោ​បាយ​របស់​ពួក​គេ»។

នៅ​ក្នុង​ពិធី​នោះ លោក ​គឹម ​ឈន ​នាយក​ប្រតិ​បត្តិ​នៃ​គណៈ​កម្មា​ធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថាខុ​មហ្វ្រែល ​បាន​ថ្លែង​ថា​ ដោយ​សារ​តែ​មាន​ការ​បោះ​ឆ្នោត​ ដែល​រៀបចំ​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩​៩១ ទើប​ធ្វើ​ឱ្យ​កម្ពុជា​អាច​ចៀស​វាងនូវ​សង្គ្រាម​។

ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ​បច្ចុប្បន្ន​នេះ ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ២៣ ​តុលា ពេញ​លេញ​នៅ​ឡើយ​ទេ ​ដែល​ឈរ​លើ​គោល​ការណ៍​សេ​រី​ និង​យុត្តិ​ធម៌​ ព្រោះប្រជា​ពល​រដ្ឋ​នៅ​មាន​ការ​ភ័យ​ខ្លាច​ទាក់​ទង​ការប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​។ លោក​បន្ថែម​ថា គណ​បក្ស​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​បន្តរង​គំនាប ការ​គំរាម​កំហែង ​និង​អំពើ​ហិង្សា។

​លោក​ថ្លែង​ថា៖ ​«សួរ​ថា​មុន​យើង​និយាយ​ថា​ការ​បោះ​ឆ្នោត​មួយ​សេរី ​ការ​បោះ​ឆ្នោត​មួយ​យុត្តិ​ធម៌ យើង​ផ្អែក​ទៅ​លើ​អី​? ធម្មតានៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ គេ​ក៏​មាន​កំណត់​អំពី​នីតិ​វិធីមួយ​ចំនួន​នៅក្នុង​ការ​កំណត់​អំពី​លក្ខ​ខណ្ឌ​ (ដែល​ថា)​អ្វី​ទៅ​សេរី​និង​យុត្តិ​ធម៌​ហ្នឹង​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា​ ភាគី​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ ហាក់​បីដូ​ច​ជា​ពុំ​ទាន់​ពេញ​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញា​ធរ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​រៀប​ចំ​ដោយ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​ទេ​»។

លោក ​គឹម ​ឈន ​បន្ថែម​ថា កាល​ពី​ស​ម័យ​អ៊ុន​តាក់ ​ដែល​បង្កើត​ឡើង​ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព ការ​រៀប​ចំការ​បោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ​ ដោយភាគី​ពាក់​ព័ន្ធអាច​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​រៀប​ចំ​រដ្ឋា​ភិបាល​បាន ប៉ុន្តែបច្ចុប្បន្ន​នេះ​ បញ្ហា​ជា​ច្រើន​នៅ​បន្ត​កើត ដូច្នេះ​តួ​អង្គ​សំខាន់​នៅ​ក្នុង​កិច្ច​ការ​បោះ​ឆ្នោត​នេះ​ គឺ​ជាស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ គ.ជ.ប ​គួរកែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​អស់​ ដើម្បី​ធានាដំណើរ​ការបោះ​ឆ្នោត​អាច​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ សេរី​ និង​យុត្តិ​ធម៌។

លោក យ៉េង​ វីរៈ ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ថ្លែង​ក្នុង​វេទិកា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ស្ថាប័ន​កំពូល​ទាំង​៣​ របស់​កម្ពុជា​ ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ទាក់​ទង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ការ​បោះ​ឆ្នោត​ និងតុលាការ​ឯក​រាជ្យ។

លោក​បញ្ជាក់​ថា៖​ «ស្ថាប័ន​ទាំង​៣​ ហ្នឹង​ ជាអ្នក​ត្រូវ​ធានា​ឱ្យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ងប៉ារីស​នេះ ត្រូវ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ ឱ្យ​បាន​ត្រឹមត្រូវ​ ទាក់​ទង​ទាំង​រឿង​ធ្វើម៉េច​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ ទាក់​ទង​ការ​បោះឆ្នោត​ ឱ្យ​មាន​តុលាការ​ឯក​រាជ្យ​ ហើយ​ជា​ពិសេស​ទាក់​ទង​រឿង​ អព្យា​ក្រឹត​ភាព បូរណ​ភាព​ទឹក​ដី​ជា​ដើម»។

លោក​បន្ថែម​ថា​ភាគី​ពាក់ព័ន្ធ ដែល​រួម​មា​ន​ប្រទេស​១៨​ហត្ថ​លេខី​នៃ​កិច្ច​ព្រម​ព្រៀង គណបក្ស​នយោ​បាយ និង​ប្រជា​ពល​រដ្ឋ ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​អាច​អនុវត្ត​បា​ន​ពេញ​លេញ ជា​ពិសេស​ទាក់​ទង​ការ​បោះ​ឆ្នោត។

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​លោក ​ថាច់ សេដ្ឋា​ ថ្លែង​ថា​ កម្ពុជា​មិន​ទាន់​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បាន​នៅ​ឡើយ​ទេ ដោយសារ​ជម្លោះ​នយោ​បាយនៅ​តែ​បន្ត​កើត​មាន ជា​ពិ​សេស​វោហារ​សាស្ត្រ​នយោ​បាយ​ ដូច្នេះ​អ្នក​នយោ​បាយ​គួរ​តែ​ងាក​មក​ចរចាគ្នា ដើម្បី​ជា​ផល​ប្រយោ​ជន៍សម្រាប់ប្រជា​ជន​កម្ពុជា។

លោក​ថ្លែង​ក្នុងពិធី​រំឭក​ខួប ​៣១​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ថា៖ «៣១​ឆ្នាំ​កន្លង​មក​នេះ យើង​មើល​ស្មា​រ​តី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ខ្ញុំ​កត់​សម្គាល់​ខ្លី​ៗ​ទេ​ថា​ តើ​អនុ​វត្ត​បាន​ពេញ​លេញ​ទេ​?​ យើង​ខ្ញុំ​ជម្រា​ប​ថា​មិន​បាន​ពេញ​លេញ​ទាល់​តែ​សោះ​។ ​អ្វី​ដែល​តម្រូវ​ដោយ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​បាន​និយាយ​យ៉ាង​ម៉េច​ ...​គឺ​ដើម្បី​បញ្ចប់​ជម្លោះ ​បញ្ចប់​សង្គ្រាម [​និង​]​គោល​ដៅ​ធំ​បំផុត​គឺ​ផ្សះ​ផ្សា​ជាតិ​។ តើ​មាន​ការ​ផ្សះ​ផ្សា​ជាតិ​ហើយ​ឬ​នៅ​បច្ចុប្បន្ន​នេះ? អ៊ីចឹង​យើង​ទាំង​អស់​គ្នា​ចង់​បាន​ការ​ផ្សះ​ផ្សាជាតិ រួបរួម​ជាតិ ដើម្បីអភិវឌ្ឍ​ប្រទេស​ជាតិដែរ​ឬទេ? បើចង់​សូម​ឱ្យ​អ្នកនយោបាយ​បញ្ចប់​វោហារ​សាស្ត្រ​ក្នុង​ការ​វាយ​ប្រហារ​ឌឺដង​ដាក់​គ្នា​ វិល​តុ​ចរចា ដើម្បី​បង្កើត​សន្តិ​ភាព​ពិត​ប្រាកដ​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ»។

លោក ​ថាច់ ​សេដ្ឋា បន្ថែម​ថា​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ នៅ​តែរស់​រវើក​ បើទោះបី​រដ្ឋា​ភិបាលអះអាង​ថាស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជាក្តី។ លោក​បន្ត​ថា​កម្ពុជាបានដើរ​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​នេះ ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិ​នយោបាយ និង​លទ្ធិ​ប្រជាធិប​តេយ្យ​។

លោក​បញ្ជាក់​ថា៖ «គោល​ការណ៍​ប្រជា​ធិប​តេយ្យ​មិន​មែន​បោះ​ឆ្នោត​ឱ្យដឹកនាំ រដ្ឋា​ភិ​បាល​ហើយ​ ពេល​ដែល​បាន​អំណាច​យក​កម្លាំង​មក​វាយ​ប្រជា​ពល​រដ្ឋ​នោះ​ទេ [គឺ​]​បោះ​ឆ្នោ​ត​ឱ្យរៀប​ចំរដ្ឋាភិបាល​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ការពារ​ប្រជា​ពលរដ្ឋ​ ហើយ​បើ​យើង​នៅ​ពេល​ប្រជា​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ទាម​ទារ​អី​មួយ ប្រើ​តែដំ​បង​ [និង​]ចាប់​ដាក់​គុក សូម្បីតែ​ចម្រៀង​ស្នេហា​ជាតិ​ ក៏​ចាប់​ដាក់​គុក​ដែរ សូម្បី​ពាក់​ម៉ាស​ឱ្យ​មាន់ ក៏​ចាប់ដាក់​គុក​ដែរ​ ស៊ី​នំ​បញ្ចុក​ក៏​ជាប់​គុក​ដែរ​ កន្លែង​ហ្នឹង​ហើយ​កន្លែង​ណា​ដែល​គោរព​សិទ្ធិ​ប្រជា​ពល​រដ្ឋ​»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ ធាតុ​របស់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ត្រូវ​បាន​បញ្ចូល​ទៅក្នុង​រដ្ឋ​ធម្មនុញ្ញរួច​រាល់ហើយ ដែល​កម្ពុជា​កំពុង​អនុ​វត្ត​សព្វ​ថ្ងៃ​នេះ។

ក្នុង​វេទិកា​សំណេះ​សំណាល​ជា​មួយ​ប្រជា​កសិករ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​អាទិត្យ ​លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ ​«​គេ​ថា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​មិនត្រូវ​បាន​គោរព ដោយ​សារ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ហ្នឹង​វា​បានលម្អិត​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​សព្វ​ថ្ងៃ​ដែល​យើង​កំពុង​អនុវត្ត​។ កំពុង​អនុវត្ត​រាល់​ថ្ងៃ អនុវត្ត​រដ្ឋធម្មនុញ្ញ​ ហើយ​រដ្ឋ​ធម្ម​នុញ្ញ​ចេញ​ពី​ណា?​ វា​ចេញ​មក​ពី​កិច្ច​ព្រមព្រៀងប៉ារី​ស ដែល​បោះ​ឆ្នោត​ដំបូង​ សភា​នោះ គឺជា​សភាធម្ម​នុញ្ញ បង្កើត​រដ្ឋ​ធម្មនុញ្ញ​ហើយ​បាន​សភា​ក្លាយ​ទៅ​ជា​សភា​ជាតិ​បង្កើត​រាជ​រដ្ឋា​ភិបាល»។

លោក ហ៊ុន សែន ​បន្ត​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មិន​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ទេ តែនយោ​បាយ ឈ្នះ-ឈ្នះ​ របស់​លោក​ទៅ​វិញ​ទេ ដែល​ធ្វើឱ្យ​កម្ពុជា​មានសន្តិភាព។

គួរ​បញ្ជាក់​ថា ​កិច្ច​ព្រម​ព្រៀ​ងសន្តិ​ភាព​ទីក្រុង​ប៉ារីស​បាន​ធ្វើ​ឱ្យ​ខ្មែរ​ ៤​ភាគី ឈប់​បាញ់​គ្នា នាំ​ឲ្យ​មាន​សន្តិភាព ធា​នា​បូរណ​ភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ និង​ការ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ​៕

XS
SM
MD
LG