ដោយមិនពេញចិត្តការវាយតម្លៃពីការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បន្ទប់ស្ថានការណ៍ដែលថា មិនទាន់មានសេរីភាព និងយុត្តិធម៌ពេញលេញក្នុងការបោះឆ្នោតនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍ជាទីតាំងនៃការអនុវត្តន៍គោលការណ៍បដិវត្តន៍។ ប៉ុន្តែអ្នកប្រតិបត្តិការបន្ទប់ស្ថានការណ៍ដែលចាត់ចែងដោយក្រុមអង្គការសង្គមស៊ីវិលជាង ៤០ និយាយថា លោក ហ៊ុន សែន មានការយល់ច្រឡំ ហើយពួកគេថា ពួកគេមិនមានមហិច្ឆតាធ្វើបដិវត្តន៍ បំផ្លាញសុខសនិ្តភាពក្នុងប្រទេសកម្ពុជានោះឡើយ។
ក្រុមអ្នកចាត់ចែងបន្ទប់ស្ថានការណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការចោទប្រកាន់នានា ពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ដែលបានថ្លែងថា បន្ទប់ស្ថានការណ៍ អាចជាមូលដ្ឋាននៃការបញ្ជាគោលការណ៍របស់ចលនាបដិវត្តន៍ពណ៌។
ពួកគេបានច្រានចោលផងដែរ នូវពាក្យចចាមអារ៉ាម ដែលថា ពួកគេបានគេចខ្លួនទៅក្រៅប្រទេសក្រោយពីមានការព្រមានពីលោក ហ៊ុន សែន កាលពីថ្ងៃពុធ។
ថ្លែងបានប្រាប់ VOA តាមរយៈទូរស័ព្ទក្នុងបណ្តាញសង្គមហ្វេសប៊ុក (Messenger) ពីប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅកាត់ថា (Central) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ចូលរួមក្នុងបន្ទប់ស្ថានការណ៍ និយាយថា លោក ហ៊ុន សែន យល់ខុសពីគោលបំណងរបស់បន្ទប់ស្ថានការណ៍ទាំងស្រុង។
លោក មឿន តុលា ថ្លែងថា៖
«ខ្ញុំថាជាការគិតរបស់នាយករដ្ឋមន្រ្តី គ្រាន់តែជាអារម្មណ៍របស់គាត់ទេ ក៏ប៉ុន្តែដូចជាអត់ពិតអញ្ចឹងទេ។ វាអត់មានមូលដ្ឋានអីដែលអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត វាទៅជាបណ្តុំបដិវត្តន៍ពណ៌ វាអត់ត្រូវ។ ហើយយើងបក បកប្រែបដិវត្តន៍របៀបម៉េច អាហ្នឹងវាអត់ត្រូវទេ។ ហើយបើសិនជាអញ្ចឹង បដិវត្តន៍ពណ៌ដដែល អង្គការផ្សេងៗ ដែលឃ្លាំមើល ឬក៏អង្កេតការណ៍នៃការបោះឆ្នោតហ្នឹង ទៅជាខុសច្បាប់អស់ហើយ អញ្ចឹងនោះ។ ហើយនៅប្រទេសណា ក៏គេមានការឃ្លាំមើលពី គេហៅអ្នកអង្កេតការណ៍ឯករាជ្យអញ្ចឹងដែរ»។
ស្របគ្នានោះដែរ លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងផងដែរថា ក្រុមអង្គការសង្គមស៊ីវិលមិនមានចិត្តធំ ចង់ផ្តុំគ្នាបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់ប្រទេសដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
លោក យឿង សុធារ៉ា បញ្ជាក់ប្រាប់ VOA ថា៖
«មិន មិនអាចទេ យើងមិនថ្លើមធំដល់ប៉ុណ្ណោះទេ យើងមិនហ៊ានធ្វើដល់ថ្នាក់នោះទេ នោះជាសកម្មភាពដែលល្មើសច្បាប់ ហើយក្នុងនាមជាអង្គការសង្គមស៊ីវិល យើងមិនអាចទៅបំផ្លាញសន្តិភាពដែលបានដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរួមជាមួយនឹងប្រជាជនកម្ពុជា រាប់ទសវស្សរ៍មកទេ យើងមិនហ៊ានថ្លើមធំដល់ប៉ុណ្ណោះទេ។ យើងទាំងអស់គ្នាធ្វើដើម្បីសន្តិភាព ដើម្បីស្ថិរភាព ដើម្បីការអភិវឌ្ឍសម្រាប់សង្គមកម្ពុជាទាំងមូល»។
«បន្ទប់ស្ថានការណ៍» ដែលមានក្រុមអង្គការសង្គមស៊ីវិលប្រមាណ៤០ ចូលរួមឃ្លាំមើលការបោះឆ្នោត ឃុំសង្កាត់កន្លងទៅ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លើបញ្ហាមួយចំនួន ដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយខ្វះសមភាព និងភាពចម្រូងចម្រាសនៃបទបញ្ញត្តិក្នុងក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
ជាងនេះទៀត កង្វះឯករាជ្យភាពរបស់មន្ត្រីតុលាការ និងការលម្អៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដែលដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ និងគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង និងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល គឺជាមូលហេតុនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ។
ឆ្លើយតបនឹងការរិះគន់របស់ក្រុមអង្គការទាំងនោះ លោក ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ បានសម្តែងការមិនពេញចិត្តចំពោះក្រុមបន្ទប់ស្ថានការណ៍។ ក្នុងពិធីរំលឹកខួបទី៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃពុធ លោកបានដាក់ការសង្ស័យលើបន្ទប់ស្ថានការណ៍ថា អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។ នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល បានបញ្ជាឲ្យលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ពិនិត្យលើភាពស្របច្បាប់នៃការប្រតិបត្តិការបន្ទប់ស្ថានការណ៍នេះ។
យ៉ាងណាក៏ដោយ លោក មឿន តុលា មានប្រសាសន៍ប្រាប់ VOA បន្ថែមថា បន្ទប់ស្ថានការណ៍ត្រូវបានរៀបចំ និងចាត់ចែងដោយបណ្តុំអង្គការក្រៅរដ្ឋាភិបាល ដែលសុទ្ធតែបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ ដូច្នេះលោក ថាក្រុមអង្គការសង្គមស៊ីវិលដែលចូលរួមដោយស្ម័គ្រចិត្ត ក្នុងការរៀបចំបន្ទប់នេះ ដើម្បីអង្កេតស្ថានភាពបោះឆ្នោតកន្លងមក មិនមានការព្រួយបារម្ភពីការវាយបកខាងច្បាប់ពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
«បន្ទប់ស្ថានការណ៍ហ្នឹង វាមិនមែនជាស្ថាប័នទេ វាគ្រាន់តែជាគម្រោង ហើយបើជាគម្រោង អ្នកដែលអនុវត្ត គម្រោងហ្នឹងបានមានច្បាប់អនុញ្ញាត ពីក្រសួងមហាផ្ទៃរួចហើយ អញ្ចឹងបើសិនជាបន្ទប់ស្ថានការណ៍ហ្នឹង វាជាស្ថាប័ន អាហ្នឹងបានត្រូវសុំច្បាប់ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប៉ុន្តែបន្ទប់ស្ថានការណ៍ហ្នឹង វាគ្រាន់តែជាគម្រោងមួយដែលវាកើតក្នុងរយៈពេលខ្លីហើយ វារលាយទៅវិញ អញ្ចឹងមានអីត្រូវចុះបញ្ជីអាហ្នឹង»។
លោក មឿន តុលា បានច្រានចោលពាក្យចចាមអារ៉ាមដែលថា មេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន បានចាកចេញពីប្រទេស ដោយបារម្ភពីការគំរាមកំហែងនានាក្រោយការបោះឆ្នោតពីរដ្ឋាភិបាល។ លោកថា លោកបានចេញទៅប្រទេសអូស្ត្រាលី មួយសប្តាហ៍មុនការប្រតិកម្មរបស់លោក ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅ។ លោកបញ្ជាក់ថា ក្រៅពីរូបលោក ក៏មានមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានចេញពីប្រទេសដើម្បីចូលរួមកិច្ចប្រជុំនានាជាមួយប្រទេសដែលជាដៃគូក្នុងការអនុវត្តគម្រោងនានា។
«បន្ទាប់ពីមានការបោះឆ្នោតមកគឺ យើងមានបេសកកម្មមួយចំនួនចេញមកក្រៅប្រទេស គ្រាន់ថា ការចេញហ្នឹង វាមិនមែនរឿងមួយដោយសារតែនាយករដ្ឋមន្ត្រីគំរាមអីកាលពីម្សិលមិញហ្នឹងទេ ដោយសារពួកគាត់ហ្នឹងចេញមកតាំងពីមុន ប្រហែលជាដូចរូបខ្ញុំហ្នឹង ចេញមួយអាទិត្យមុន អ្នកខ្លះចេញមុនហ្នឹងបី បួនថ្ងៃមកហើយអញ្ចឹងណ៎ា»។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់និងអង្កេតនៃអង្គការខុមហ្វ្រែលបានលើកឡើងស្រដៀងគ្នានេះដែរ។ លោកថា ប្រធានរបស់លោក គឺលោក គល់ បញ្ញា កំពុងបំពេញបេសកកម្មការងារនៅតំបន់អឺរ៉ុប ក្រោយការចេញរបាយការណ៍របស់បន្ទប់ស្ថានការណ៍ស្តីពីបរិយាកាសនៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ មន្ត្រីផ្នែកច្បាប់រូបនេះ ក៏បានការពារភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍ផងដែរ។
«កិច្ចការរបស់យើងធ្វើសុទ្ធតែស្របច្បាប់ ហើយយើងក៏គ្មានទំនាក់ទំនងអីប្រយោល ឬក៏ផ្ទាល់ជាមួយនឹងបរទេសណាមួយ ឬក៏ជាមួយនឹងគណបក្សនយោបាយណាមួយ ដូច្នេះហើយយើងអត់មានរឿងអី ត្រូវមានចោទបញ្ហាច្បាប់ទេ ពីព្រោះយើងធ្វើកិច្ចការសុទ្ធតែស្របច្បាប់ទាំងអស់សំខាន់ គឺសកម្មភាពរបស់យើង សកម្មភាពរបស់យើងគឺ ដាក់ពង្រាយអ្នកសង្កេតការណ៍ ហើយប្រមូលលទ្ធផល ដោយការសង្កេតការណ៍ បញ្ចេញជារបាយការណ៍ សំដៅវាយតម្លៃទៅលើដំណើរការនៃការបោះឆ្នោត ចប់ប៉ុណ្ណឹង យើងអត់មានធ្វើសកម្មភាពអីដែល វាផ្ទុយនឹងច្បាប់ទេ បើសិនជាសកម្មភាពរបស់យើង វាផ្ទុយនឹងច្បាប់។ អានោះបានអាចមានចោទនឹងបញ្ហាផ្លូវច្បាប់»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃពុធថា ក្រសួងកំពុងពិនិត្យលើវិធានការច្បាប់នានា និងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ដែលអាចឆ្លើយតបទៅនឹងសកម្មភាពរបស់បន្ទប់ស្ថានការណ៍ ដែលបានផ្តល់ព័ត៌មានមិនពិត ហើយអាចបង្កភាពវឹកវរក្នុងប្រទេស។ ក៏ប៉ុន្តែពេល VOA សុំការអធិប្បាយពីលោក ខៀវ សុភ័គ បន្ថែមម្តងទៀតនៅថ្ងៃព្រហស្បតិ៍អំពីវិធានការច្បាប់ ដែលអាចនឹងធ្វើឡើងដើម្បីឆ្លើយតបនឹងបន្ទប់ស្ថានការណ៍ នាយឧត្តមសេនីយ៍រូបនេះ សុំមិនធ្វើការអធិប្បាយទៀតទេ ដោយហេតុថា មន្ត្រីជំនាញកំពុងសិក្សាលើករណីនេះ។
លោក ខៀវ សុភ័គ បញ្ជាក់ប្រាប់ VOA ថា៖
«ព្រោះម្ខាងគាត់ចេះតែថា គាត់ខុស ឬត្រូវតាមតែគាត់ទៅ ហើយក្នុងនាមជាអ្នកអនុវត្តច្បាប់គឺ គេមានសិទ្ធិរបស់គេដែលច្បាប់កំណត់ដើម្បីធ្វើការតាមច្បាប់ ហើយគាត់ដែលអ្នកដែលប្រព្រឹត្តខុសច្បាប់ គេថា គេមិនខុស អាហ្នឹងជារឿងរបស់គេ»។
ក្រៅពីការស្នើឲ្យពិនិត្យភាពស្របច្បាប់នៃបន្ទប់ស្ថានការណ៍ លោក ហ៊ុន សែន កាលពីថ្ងៃពុធនេះ ក៏បានប្រកាសថា បក្សកាន់អំណាចរបស់លោក មិនអាចចាញ់ការបោះឆ្នោតបានទេ ព្រោះអ្នកឈ្នះនឹងសរសេរប្រវត្កិសាស្ត្រថ្មីមួយ ដែលអាចបកស្រាយរឿងរ៉ាវខុសពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បាននិយាយក្នុងន័យដើមយ៉ាងដូច្នេះ៖
«បើសិនទុកឲ្យអ្នកដទៃទទួលជោគជ័យនេះ ច្បាស់ជា អាជនក្បត់ជាតិ សម សារី សឺន ងុកថាញ់ ស៊ីម វ៉ា វានឹងក្លាយជារដ្ឋបុរស ជាវីរបុរសជាតិ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នានឹងក្លាយទៅជនក្បត់ជាតិសាជាថ្មីម្តងទៀត»។
ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧នេះ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានជួបពិភាក្សាជាមួយលោក ហ៊ុន សែន នៅគេហដ្ឋានលោក ហ៊ុន សែន ក្រោយមួយថ្ងៃនៃការប្រកាសលទ្ធផលបោះឆ្នោតឃុំ-សង្កាត់។ លោកឯកអគ្គរដ្ឋទូតបាន «សរសើរលោកនាយករដ្ឋមន្រ្តី ចំពោះជោគជ័យនៃការបោះឆ្នោតឃុំថ្មីៗនេះ។ លោកទាំងពីរក៏បានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក និងកម្ពុជា អាទិភាពនៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃទៀតដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងកម្ពុជាអាមេរិក»។ នេះបើយោងតាមព័ត៌មានរបស់ស្ថានទូតអាមេរិកនៅកម្ពុជា ដែលបានសរសេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកាលពីថ្ងៃទី២៦ ខែមិថុនា។
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ជាផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានការគាំទ្រចំនួនជាង៣,៥លានសំឡេង គឺស្មើនឹង៥០,៧៦ភាគរយ ចំណែកគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រចំនួនជាង៣លានសំឡេង គឺស្មើនឹង៤៣,៨៣ភាគរយ នៃចំនួនអ្នកទៅបោះឆ្នោតសុរបជាង៧លាននាក់។ តួលេខនេះបង្ហាញថា សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងប្រទេសកម្ពុជាជាង៣០ឆ្នាំ មានចំនួនច្រើនជាងគណបក្សប្រឆាំងតែជាង៥សែនសំឡេង ឬស្មើនឹងជាង៦ភាគរយតែប៉ុណ្ណោះ៕