ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ខឹង​ខ្លាំង​នឹង​បន្ទប់​ស្ថានការណ៍ ហើយ​បញ្ជា​ឲ្យ​ពិនិត្យ​ផ្លូវច្បាប់


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ហ៊ុន​ សែន​បាន​ដាក់​ការ​សង្ស័យ​​ថា​ ​បន្ទប់​ស្ថាន​ការណ៍​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​​​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។​​

លោក​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី៦៦នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្តី​បន្ទោសខ្លាំងៗ​ថា បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ឲ្យ​អាប់​អួរ​ស្ថាន​ការណ៍​នយោបាយ និង​ស្នើ​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​ធ្វើ ​«វិសោធនកម្ម​បន្ថែម​ទៀត»​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដើម្បី​ដាក់​អ្នក​មាន​ពិរុទ្ធ​ភាព​នៅឲ្យ​ឆ្ងាយ​ពី​សកម្ម​ភាព​នយោបាយ។

ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​អ្នក​គាំទ្រ​ និង​សមាជិក​របស់​គណបក្ស​កាន់​អំណាច​រាប់ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃពុធ​នេះ​ លោក​ហ៊ុន​ សែន​ ប្រធាន​គណបក្ស​កាន់អំណាច បាន​ចោទសួរ​ពី​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍​ដែល​បាន​វាយ​តម្លៃ​ថា​ ការ​បោះឆ្នោត​ឃុំ-សង្កាត់នៅ​មិន​ទាន់​មាន​សេរីភាព​ ​និង​យុត្តិធម៌​ពេញ​លេញ។

«បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​តែ​ដោះស្រាយ​ នៅពេល​ខាង​មុខនេះ​ នោះ​តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ បន្ទប់​ស្ថាន​ការណ៍​ ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​អាប់​អួរ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ ​បន្ទប់​ស្ថាន​ការណ៍​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​ឬ​ទេ?»​

លោក​ហ៊ុន​ សែន​បាន​ដាក់​ការ​សង្ស័យថា​ ​បន្ទប់​ស្ថាន​ការណ៍​អាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក។

«តើ​ពួក​គេ​មាន​សិទ្ធិ​បង្កើត​នូវ​ទីតាំង​បែប​នេះ​ ឬក៏​ទីតាំង​បែប​នេះ​ជាមូលដ្ឋាន​បញ្ជា​នៃ​គោល​ការណ៍​បដិវត្តន៍​ពណ៌? ​ប្រសិន​បើ​យ៉ាង​ដូច្នោះ​ ក្រសួង​មហា​ផ្ទៃ​ត្រូវ​ចាត់​ការ​បន្ទាន់​ លើ​អ្វី​ដែល​ពួកគេ​បាន​នឹង​កំពុង​ធ្វើ​ ក្រោម​លេស​តាម​ពិនិត្យ​មើល​នៃ​ការ​បោះឆ្នោត»។​

លោក​ហ៊ុន សែន​បាន​ហៅ​ការ​វាយ​តម្លៃ​របស់​បន្ទប់​ស្ថាន​ការណ៍​អំពី​បរិយាកាស​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ថា​ ជា​ការ​មើល​ស្រាល​ដល់​សមត្ថភាព​របស់​គណបក្ស​កាន់​អំណាច និងគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​ខិតខំ​ធានា​បាន​ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​គ្មាន​អំពើ​ហិង្សា​ និង​ការ​ភ័យ​ខ្លាច។​ លោក​អះអាង​ថា​ ​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ឆ្នំាំ​នេះ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ បន្ទប់​ស្ថាន​ការណ៍​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ ក្នុង​នោះ​មាន​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​ គឺ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​ ដែលបាន​ឲ្យ​ដឹង​ថា​ បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដូច​ជា​ បរិយាកាស​ ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ វិសមភាព​ខាង​ហិរញ្ញ​វត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ទីលាន​ប្រជែង​នយោបាយ​ (Level of Playing Field) ​ដែល​ខ្វះ​សមភាព​ ​បទ​បញ្ញត្តិ​ចម្រូង​ចម្រាសនៃ​ក្រប​ខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ ក៏​ដូច​ជា​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

បន្ទប់​ស្ថាន​ការណ៍​នេះ​បានឲ្យ​ដឹង​ទៀត​ថា ​មាន​ការ​ខ្វះ​ឯករាជ្យ​ភាព​របស់​មន្ត្រី​តុលាការ​ និង​ការ​លម្អៀងនយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ ​និង​ការ​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ និង​សមាគម​ ​សហជីព ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ​ទាំងនេះ​នាំ​ឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ។​

បីថ្ងៃ​ក្រោយ​ការ​ចេញសេចក្តី​ថ្លែង​ការណ៍របស់បន្ទប់​ស្ថាន​ការណ៍​ គ.ជ.ប.​ កាល​ពីថ្ងៃ​អង្គារ​បាន​ប្រតិកម្ម​តប​នឹង​បន្ទប់​ស្ថាន​ការណ៍​ ដោយ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖​

«គ.ជ.ប.​មានការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​វាយ​តម្លៃ​ ដែល​គ្មាន​ព្រឹត្តិ​ការណ៍​ជាក់​ស្តែង​មកឆ្លុះ​បញ្ចាំង​ការណ៍​ពិត​ទៅលើ​ទិដ្ឋ​ភាព​បច្ចេកទេស​ ដែល​បាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ ​និង​បទ​បញ្ជា​ និង​នីតិវិធី​របស់​គ.ជ.ប.​ ដែល​អាចធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​លើ​ដំណើរការ​ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ​គ.ជ.ប.​បាន​បញ្ជាក់​ថា​ គ្មាន​ការ​បោះឆ្នោត​ណា​មួយ​ ដែល​រៀបចំ​ឡើង​បាន​ល្អ​ឥត​ខ្ចោះ​ ១០០​ភាគរយ​នោះទេ​ ទោះបី​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ឬ​អារ្យ​ប្រទេស​ក៏ដោយ។ ​គ.ជ.ប.​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ជាទូទៅ​ នៅ​ថ្ងៃ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ ​ពុំ​មាន​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​ការិយាល័យ​បោះឆ្នោត​ទេ​ ហើយ​គ្រប់​កំណត់​ហេតុ​ នៃ​ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​សុទ្ធតែ​មាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​ភ្នាក់​ងារ​នៃ​គណបក្ស​នយោបាយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ ហើយ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ទម្រង់​១១០២​ ​គ.ជ.ប.​បាន​ផ្សព្វផ្សាយ​ និង​បង្ហោះ​តាម​គេហទំព័រ​ គ.ជ.ប.​ឲ្យ​សាធារណជន​បាន​ដឹង»។​

នា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៦៦​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ឆ្នាំ​១៩៥១​ ក្រោម​ឈ្មោះ​ថា​ «គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា»​ ដើម្បី​ប្រឆាំង​នឹង​របប​អាណានិគម​និយម​បារំាង​ លោក​ហ៊ុន សែន​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​អ្នក​នយោបាយ​មាន​ពិរុទ្ធភាព​ ដែលបានវាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ការ​រិះ​គន់​ជា​បន្តបន្ទាប់​ ចាប់​តាំង​ពីមុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​ និង​ក្រោយ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ដ៏​សំខាន់​នេះ។

លោក​ហ៊ុន សែន​បាន​ស្នើ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ធ្វើ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​គណបក្ស​នយោបាយ​បន្ថែម​ទៀត​ ដើម្បី​ដាក់​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​នៅ​ឆ្ងាយ​ពី​ដែននយោបាយ​កម្ពុជា។​

«ខ្ញុំ​ស្នើ​សមាជិក​សមាជិកា​នៃ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​មើល​អាច​ស្នើ​សុំ​ធ្វើការ​ ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​កុំ​ឲ្យ​ ពួក​ដែល​គេ​ហៅ​អ្នកទោស​ អាច​ធ្វើ​សកម្មភាព​តាមរបៀប​នេះ​ ព្រោះ​រឿង​នេះ​គឺ​ជា​រឿង​ផ្លូវ​ច្បាប់​ មិន​អាច​លេង​សើច​បានទេ។​ នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ យើង​មិន​បាន​ខ្លាច​អ្នក​ទេ​ ក៏ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​អ្នក​មក​ច្របូក​ច្របល់​ជាមួយ​នឹង​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ជាតិ»។​

លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗអ្នក​នយោបាយ​ណា​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​ដោយ​នោះ​ទេ តែ​អ្នក​នយោបាយ​មួយ​រូប​ដែល​ធ្លាប់​អះអាង​ថា​ មេ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ខ្លាច​រូប​លោក​នោះ​គឺលោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារំាង។​

ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ដោយ​ VOA ​ជាមួយ​លោក​សម រង្ស៊ី​ ​កាលពី​ដើម​ខែ​មិថុនា​នេះ​ ​អតីត​មេ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​បាន​ថ្លែង​ថា​ លោក​ហ៊ុន សែន​ភ័យ​ខ្លាច​វត្តមាន​របស់លោក​ ​ដោយ​បាន​ហាម​ឃាត់មិនឲ្យ​លោក​ធ្វើ​ដំណើរ​មក​ជាន់​ដី​នៃ​មាតុ​ប្រទេសរបស់​លោក។ ​ហើយ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ជាមួយ​វិទ្យុ​អាស៊ីរី​ ​ លោក​សម រង្ស៊ី​បាន​ចាត់​ទុក​ថា​ លោក​ហ៊ុន សែនជា​មនុស្ស​កំសាក។​

យ៉ាងណាក្តី​ លោក​ហ៊ុន សែន​ នៅថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ឲ្យ​លោក​សម រង្ស៊ី​ចូល​មក​ប្រទេស​វិញ​ ​ បើ​លោក​សម រង្ស៊ី​មាន​ចិត្ត​សឿង​គ្រាន់បើ។​ ការ​អំពាវនាវ​ឲ្យ​អតីត​មេ​គណបក្ស​ប្រឆាំង​វិល​ចូល​ប្រទេស​វិញនេះ​ ធ្វើឡើង​ ក្រោយពី​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​បាន​សម្រេច​លុប​ចោល​បម្រាម​ហាម​ឃាត់​មិន​ឲ្យយន្តហោះ​ដឹក​លោក​សម រង្ស៊ី​មក​ប្រទេស​កម្ពុជា។​

ទាក់​ទិន​នឹង​ការ​ស្នើ​របស់​លោក​ហ៊ុន សែន​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធនេះ​ថា​ ក្រសួង​កំពុង​ពិនិត្យ​លើ​វិធាន​ការ​ច្បាប់​នានា​ និង​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​បន្ទប់​ស្ថាន​ការណ៍​ ដែល​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ ហើយ​អាច​បង្ក​ភាព​វឹកវរ​ក្នុង​ប្រទេស។​

លោក​នាយឧត្តម​សេនីយ៍​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃពុធ​នេះ​ យ៉ាង​ដូច្នេះ​ថា៖​

«គាត់​ថា​ មាន​ការ​បំភិត​បំភ័យ ​ប្រជាជន​មិន​ទៅ​បោះឆ្នោត​អី​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ នែ៎ ​តួលេខ​នេះ​ តួលេខ​ដែល​ទៅ​បោះឆ្នោត​ហ្នឹង​មាន​ចំនួន​លើស៩០​ភាគរយ​នៃ​អ្នក​ចុះ​ឈ្មោះ​រួច​ទៅ​ហើយ។ ​អីចឹងបាន​ថា​ ដូច​ជា​អត់មាន​ការ​ភិតភ័យ​អី​ទេ។​ ដូច្នេះ​អ្វី​ដែល​គាត់​បាន​និយាយ​មក​ហ្នឹង ​វា​មិនត្រឹមត្រូវ​តាម​គោល​ការណ៍​ជាក់ស្តែង​ទេ​ ហើយ​ព័ត៌មាន​នេះ​អាច​ដូច​ជា​ព័ត៌មាន​អុជអាល​ ដូចជា​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត​ អាច​នឹង​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ ទៅ​ដល់​សង្គម​ជាតិ​យើង​ទៀត​ផង»។​

រី​ឯ​លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នឹង​កោះ​ប្រជុំ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ដើម្បី​ពិភាក្សា​លើ​ការ​ស្នើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដើម្បី​បញ្ចប់​សកម្ម​ភាព​នយោបាយ​របស់​អ្នក​នយោបាយ​ ដែល​ជា​ទណ្ឌិត។ ​លោក​ថា​ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នឹង​ស្នើ​ឲ្យ​មាន​វិសោធន​កម្ម​ ទោះជា​មាន​ការ​រិះគន់​យ៉ាង​ណាក្តី។​

«ទេ​ អត់​មាន​ឈឺ​ក្បាល​រឿង​រិះគន់​ទេ​បាទ!​ ពីព្រោះ​អាហ្នឹង​ យើង​ធ្វើ​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ការណ៍​ច្បាប់​ ហើយ​ទុក​បណ្តោយ​ឲ្យ​ជន​អនាធិបតេយ្យដើរ​តា​ពីស​តាពាស​អីចឹង​អ្ហេ!​ ទី​មួយ​អត់​មាន​សមាជិក​គណបក្ស​ណា​មួយ​ផង​ ហើយ​ទីពីរ​មិន​មែន​ជា​ប្រធាន​គណបក្ស​ផង​ ហើយ​ចេះ​តែ​អុកឡុក​ អា​ដែងសភាព​ការណ៍​ស្រុក​ទេស​ឲ្យ​គេ​ ១៥​លាន​នាក់ហ្នឹង​វេទនា​ចិត្ត​ដោយសារ​មនុស្ស​ម្នាក់​ដែល​ជា​ទណ្ឌិត​ហ្នឹង​អ្ហេ!​ នែ៎​ យើង​មិន​ញញើត​នឹង​ធ្វើ​ទេ​បាទ»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោកយឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ នៅ​ថ្ងៃ​ពុធ​នេះ។​

លោក​យឿង សុធារ៉ា​ ​មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ សុំមិន​ធ្វើការ​អធិប្បាយ​ទេ។ ​ប៉ុន្តែ​អង្គការ​ខុមហ្វ្រែល​ និង​អង្គការនិចហ្វិចបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ដោយ​បាន​ពន្យល់​ថា អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ទាំងពីរ​នេះជា​អ្នក​រៀបចំ​ និង​ចាត់​ចែង​«បន្ទប់​ស្ថាន​ការណ៍»​ ដែល​ជា​វេទិកា​អព្យាក្រឹត្យ​ឥត​លម្អៀង។​

សេចក្តី​ថ្លែង​ការណ៍នេះ​បាន​បន្ត​ថា​ អង្គការ​ និង​សមាគម​ចំនួន​៤០​ទៀតបាន​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្តជាមួយ​បន្ទប់​ស្ថាន​ការណ៍​នេះ ក្នុង​គោល​បំណង​សម្រប​សម្រួល​ និង​សហការ​រួមគ្នា​ដើម្បី​ប្រមូល​ផ្តុំ​ធនធាន​ ដើម្បី​បង្កើន​សមត្ថភាព​ និង​ការ​រួម​ចំណែក​សហការ​ជា​មូលនិធិ​ ឬ​គាំទ្រ​ ដើម្បីដំណើរ​ការ​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក​នៅថ្ងៃ​បោះឆ្នោត​ ចែក​រំលែក​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ទាក់​ទង​ការ​បោះឆ្នោត​ ធ្វើការ​វាយ​តម្លៃ​ ​និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ អាណត្តិ​ទីបួន​ ឆ្នាំ​២០១៧។​

ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​មើល​ឃើញ​ថា​ បាន​បង្កើន​ការ​រឹត​បន្តឹងទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែងមតិ​ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​នយោបាយ។​

ការ​អនុម័ត​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទទួល​រង​ការទិតៀន​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ​តែ​ទីបំផុតច្បាប់​នេះ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥។ ​ចុងក្រោយ​នេះគឺ​ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តី​ស្នើ​វិសោធន​កម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​ដោយ​ហេតុ​ថា​ ​ការ​អនុម័ត​វិសោធន​កម្ម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយនោះ​មាន​គោល​បំណង​រំលាយ​គណបក្ស​នយោបាយ​ណា ដែលមេដឹកនាំត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ទោស​កំហុស៕

XS
SM
MD
LG