ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមអ្នក​ឃ្លាំមើល​ការ​បោះឆ្នោត៖​ ​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ នៅ​ខ្វះសេរី​ភាព​និង​យុត្តិធម៌


លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

ការបោះឆ្នោត​ជ្រើសរើស​​ឃុំ-សង្កាត់​ដែល​បាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃ​ទី ៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ បាន​ជួប​បញ្ហា​មិនប្រក្រតី​ជា​ច្រើន​ ទាក់ទិន​សេរីភាព​បញ្ចេញមតិ​ និង​គោលការណ៍​សមភាព​ដែល​ទាម​ទារ​ឲ្យមាន​ការលម្អ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅឆ្នាំ​២០១៨។ ​ក្រុម​សង្កេត​ការណ៍​បាន​រក​ឃើញ​ថា​ ការ​បោះឆ្នោត​ដែលធ្វើ​ឡើង​កាលពី​ដើម​ខែមិថុនា​​ មិនទាន់​សេរី​ និង​យុត្តិ​ធម៌​នៅ​ឡើយ។

ក្រុម​អ្នកសង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ ​ប្រកាស​កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ​បាន​រៀប​ចំ​ឡើង​ក្នុង​បរិយាកាស​ដែល​មាន​ការ​ដាក់​កម្រិត ​សេរីភាព​ និង​ខ្វះ​យុត្តិ​ធម៌​ពេញលេញ។​

យោងតាម​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​វាយ​តម្លៃ​ទាំង​មូល​ និង​ចុង​ក្រោយ​លើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ចេញផ្សាយពី​បន្ទប់​ស្ថានការណ៍កាលពីថ្ងៃ​សៅរ៍​ បាន​ឲ្យ​ដឹង​ថា​ មាន​បញ្ហា​មួយចំនួន​ បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ដូច​ជា​ បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ហរិញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ទីលានប្រជែង​នយោបាយ​ (Level of Playing Field) ដែល​ខ្វះ​សមភាព​ និង​បទបញ្ញត្តិ​បដិវាទ​ (controversial) ​ខ្លះ​នៃ​ក្រប​ខ័ណ្ឌ​ ច្បាប់​បោះឆ្នោត​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​

សេចក្តីថ្លែងការណ៍​ដដែល​បានបន្ត​ឲ្យដឹង​ក្នុងន័យ​ដើម​ថា៖«ការ​ខ្វះឯករាជ្យ​របស់​មន្ត្រី​តុលាការ​ និងការ​លំអៀង​នយោបាយ​នៃមន្ត្រី​ជាន់​ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ដាក់​សម្ពាធ​ដល់​ សេរីភាព​បញ្ចេញមតិ និង​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ និង​សមាគម​ សហជីព​ និង​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល។ ទាំងនេះ​នាំឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ​នៅឡើយ»។

​ទោះជាយ៉ាងណា​ក្តី​ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel​ បាន​ថ្លែងក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពីការ​វាយតម្លៃ​ចុង​ក្រោយ​ លើ​ស្ថានភាព​បោះឆ្នោត​ឃុំ​-សង្កាត់​ថា​ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ក្នុង​ឆ្នាំ​ ២០១៧​ នេះ​មាន​លក្ខណៈ​ប្រសើរជាង​មុន​ ពាក់​ព័ន្ធនឹង​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​និង​ការរៀបចំការ​បោះឆ្នោត​ទូទៅ។

«យើងរកឃើញ​តែ​រឿង​ដែល​ល្អប្រសើរ​ជាង​មុន​ ទីមួយ​រឿង​ ការ​ចុះឈ្មោះ​ និង​បញ្ជីឈ្មោះ​បោះឆ្នោត​ ល្អជាង​មុន។​ រឿង​ការចុះឈ្មោះ​បញ្ជី​បេក្ខ​ជន​គណបក្ស​នយោបាយ​ក៏ល្អ​ជាង​មុន​។ ការ​រៀបចំ​ការ​បោះ​ ការ​រាប់​សន្លឹក​ឆ្នោត​ ក៏ល្អ​ជាង​មុន។ ការ​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​ ទាំង​លទ្ធផល​នៅការិយាល័យ​បោះឆ្នោត​ ទំាង​លទ្ធ​ផល​ ទាំង​លទ្ធផល​បណ្តោះអាសន្ន​ ល្អ​ជាង​មុន​ ទាំង​អស់​ហ្នឹង​ ល្អ​ជាងមុន​ហ្នឹង​យើង​រក​ឃើញថា​ ភាគច្រើន​ គឺកើត​ឡើង​មក​ពីគាត់​ បាន​ធ្វើ​ឲ្យ​ការងារ​ហ្នឹង​មាន​តម្លាភាព​ អាហ្នឹង​គឺការ​វាយ​តម្លៃ​យើង​ ដែល​បាន​ល្អ​ជាង​មុន»។​

ក្នុង​ដំណើរ​ការបោះឆ្នោត​ឃុំ-សង្កាត់​ដែលមិនទាន់មានលក្ខណៈសេរី​និង​យុត្តិធម៌​ ក្រុម​អ្នកសង្កេត​ការណ៍​របោះឆ្នោត បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នានា​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ ថ្ងៃស​ អំឡុង​ពេលបោះឆ្នោត​ និង​ក្នុងពេល​រាប់​សន្លឹកឆ្នោត ហើយ​និង​ពេល​ចេញ​កំណត់​ហេតុ​នៃការ​រាប់​សន្លឹកឆ្នោត។

​ក្រុម​អ្នកសង្កេតការណ៍​បាន​ឲ្យដឹង​ក្នុងអំឡុង​ពេលឃោសនា​បោះ​ឆ្នោត​ថា កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​តុលាការ​ និង​មេភូមិ​បាន​ចូលរួម​យ៉ាង​សកម្មក្នុង​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ។ សកម្មភាព​បែប​នេះ​ មាន​ចំនួន​៧៦៦​ករណី។ ពួកគេបាន​រក​ឃើញ​ ១៥៣​ករណី ទាក់​ទិន​សកម្ម​ភាព​បង្ក​ជម្លោះ​ ដូចជា​ការ​រារាំង​ និង​ការ​រំខាន និង​ ៨៤​ករណី​ ពាក់​ព័ន្ធ​នឹង​សកម្មភាព​បង្កការ​ភ័យ​ខ្លាច​និង​២៩​ករណីពាក់​ព័ន្ធកងកម្លាំង​ស្លៀក​ពាក់​ឯកសណ្ឋាន​ចូលរួម​ឃោសនា​បោះឆ្នោត។

ករណី​ផ្សេង​ទៀត​ដែលត្រូវបាន​រក​ឃើញ​ដោយ​ក្រុម​អ្នកសង្កេតការណ៍​ មាន​ដូចជា​ ការណ៍​ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ឬ​មេភូមិ​ គំរាមកំហែង​ បំភិតបំភ័យ​ ឬមាន​ឥរិយាបថ​លំអៀង​ក្នុងការ​អនុវត្ត​តួនាទី​ ដែល​មាន​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​គាំទ្រ​ ឬប្រឆាំង​គណបក្ស​នយោបាយ​ ការមិន​ផ្តល់​កិច្ចការ​ពារ​សន្តិសុខ​ និង​សុវត្ថិភាព​ចំពោះ​បេក្ខជន​ ឬគណបក្ស​នយោបាយ​ និង​ករណី​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ឬមេភូមិ​ ឬ​ជំនួយការ​មេភូមិ​ផ្អិប​ទុក​ព័ត៌មាន​បោះឆ្នោត​ ការ​រើស​អើង​ក្នុង​ការ​ផ្តល់​សេវា​ គឺ​ការ​បញ្ជាក់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែល​បាន​កើត​ឡើង​ច្រើន​ក្នុង​ខេត្តកោះ​កុង​ ព្រៃវែង​ និង​ឧត្តរមានជ័យ។ ការប្រើ​ប្រាស់​ទីសាធារណៈ​ រួមមាន​សួន​ច្បារ​ ទីផ្សារ​ និង​ដងផ្លូវ​ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ការ​ហាម​ឃាត់​ និង​រឹត​បន្តឹង។

ចំពោះ​ស្ថានភាព​នៅថ្ងៃ​ស​ ក្រុម​អ្នកសង្កេតការណ៍​បាន​រក​ឃើញ​ចំនួន​ ៦ករណី​ ក្នុង​នោះ​មាន​ការ​ធ្វើ​សកម្មភាព​ឃោសនា​នៅថ្ងៃ​ស​ ដែល​ជាថ្ងៃ​ហាម​ឃាត់​មាន​យ៉ាងតិច​២ករណី​នៅ​ខេត្តរតនៈគិរី​ និង​ខេត្ត​កណ្តាល។ បរិយាកាស​ដែល​គ្មានសុវត្ថិភាព​នៅ​ក្នុង​ភូមិ​ជុំវិញ​ការិយាល័យ​បោះឆ្នោត​មាន​យ៉ាងតិច​២ករណី នៅ​ខេត្តកំពង់​ឆ្នាំង។ បញ្ហា​សម្ភារ​ ឯកសារ​បោះឆ្នោត​មួយចំនួន​មិន​ទាន់​បញ្ជូន​ដល់​ការិយាល័យ​បោះឆ្នោត​នៅថ្ងៃ​ ស​ គឺថ្ងៃទី​ ៣​ ខែ មិថុនា​ ឆ្នាំ២០១៧​មាន​យ៉ាងតិច​២ករណី​ នៅ​ខេត្តបាត់​ដំបង​ និង​បន្ទាយមានជ័យ។

រី​ឯ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ អ្នក​សង្កេត​ការណ៍​បាន​រក​ឃើញ​ ភាពមិន​ប្រក្រតី​ប្រមាណ​ ១,៧២៨​ករណី។ ករណី​ដែល​កើត​មាន​ច្រើន​ជាង​គេ​រួមមាន​ អ្នក​បោះឆ្នោត​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញា​ណសម្រាប់​ការ​បោះឆ្នោត ប្រមាណ​ ៣០​ភាគរយ ហើយ​ ៣០ភាគរយ​ទៀត​គឺ​ករណី​អ្នកបោះ​ឆ្នោត​គ្មាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត។ អ្នក​សង្កេតការណ៍​ក៏​បាន​រកឃើញ​ ករណី​បាត់​ភាពសម្ងាត់​នៃ​ការ​បោះឆ្នោត​មាន​ប្រមាណ​៩ភាគរយ​ ករណី​មិនពិនិត្យ​ម្រាម​ដៃ​ និង​មិន​ជ្រលក់​ទឹក​ខ្មៅ​លុបលាង​មិន​ជ្រះ​មានប្រមាណ​ ៤ភាគរយ​និង​ករណី​បើក​ការិយាល័យ​យឺត​ជាង​ម៉ោង​ ៧នាទី​ព្រឹក​ចំនួន​ ២​ភាគរយ​និង​១ភាគរយ​ទៀត​ គឺ​ការ​បដិសេធ​មិន​ឲ្យ​អ្នក​សង្កេតការណ៍​ ឬភ្នាក់​ងារ​គណបក្ស​នយោបាយចូល​សង្កេត​ក្នុង​ការិយាល័យ​បោះឆ្នោត។ កង្វះ​សម្ភារៈ​មួយ​ចំនួន​ត្រូវ​បាន​អ្នកសង្កេត​ការណ៍​ មើល​ឃើញ​ថា​ បាន​បង្កការ​រាំងស្ទះ​ ដល់​ការ​បើក​ការិយាល័យ​បោះឆ្នោត​ ឬ​រាប់​សន្លឹក​ឆ្នោត។

សម្រាប់​ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​និង​ការ​បូកសរុប​លទ្ធផល​នៅ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត អ្នក​សង្កេតការណ៍​រក​ឃើញ​ ករណី​មិន​ប្រក្រតី​ចំនួន​ ២៥៦ករណី។ ករណី​ទទួលស្គាល់​សន្លឹក​ឆ្នោត​មិនបាន​ការ​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យពីភ្នាក់ងារ​គណបក្ស​នយោបាយ​និង​អ្នកសង្កេតការណ៍​មាន​ប្រមាណ​៣៨​ភាគរយ​នៃ​ចំនួន​មិនប្រក្រតី​សរុប។ ករណី​ទាំងអស់​នោះ​ កើតមាន​ច្រើន​នៅខេត្ត​កំពង់​ឆ្នាំង​ កំពង់​ចាម​ បាត់ដំបង កំពង់​ធំ​ ព្រៃវែង​ រាជធានី​ភ្នំពេញ​ សៀមរាប​ តាកែវ​ កណ្តាល​ ប៉ៃលិន​និងខេត្ត​ព្រះសីហនុ។ អ្នកសង្កេតការណ៍​បាន​រក​ឃើញ​ករណី​មិន​អនុញ្ញាត​ឲ្យ​ភ្នាក់​ងារ​បក្ស​នយោ​បាយ​និង​អ្នកសង្កេតការណ៍​ថត​ដំណើរ​ការ​រាប់សន្លឹក​ឆ្នោត ការ​រាប់​សន្លឹកឆ្នោត​ដោយ​អាន​ញាប់​ពេក​ ឬ​មិន​បង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​គំនូស​លើ​សន្លឹកឆ្នោត និង​ការ​បិទទ្វា ឬ​បង្អួច​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​នៅ​ពេល​ដំណើរការ​រាប់​សន្លឹក​ឆ្នោត។

ក្នុង​ការ​ធ្វើ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ អ្នក​អង្កេតការណ៍​រក​ឃើញ​ថា​ ទម្រង់​១១០២​ ប្រមាណ​៦​ភាគរយ​ មានការបំពេញ​មិន​ត្រឹមត្រូវ​។ អ្នក​អង្កេតការណ៍​សន្និដ្ឋាន​ថា​ ជារួម​ភាព​មិនប្រក្រតី​នៅលើ​ទម្រង់​ ១១០២​ គឺ​ជា​កំហុស​ដែល​កើត​ឡើង​ដោយការ​កត់​ត្រា​មិន​ត្រឹមត្រូវ​និង​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុងការ​បំពេញ​ព័ត៌មាន​ ប៉ុន្តែ​ចំណុច​ទាំង​អស់​នេះ​មិន​នាំ​ឲ្យ​មានការសង្ស័យ​ថា​ ប៉ះពាល់​លទ្ធផល​បោះឆ្នោត​នោះទេ។​

អ្នកសង្កេត​ការណ៍​របស់​អង្គការ​ខុមហ្រ្វែល​ ក៏បាន​រក​ឃើញ​ ការប្តឹង​ផ្តល់​ឲ្យមានការ​ដាក់​ទោស​ពិន័យ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ បណ្តឹង​អំពី​ភាព​មិនប្រក្រតី​នានា​ជុំវិញ​ដំណើរ​ការមុនការ​បោះ​ឆ្នោត​ រហូត​ដល់​ក្រោយ​ការបោះឆ្នោត និង​បណ្តឹង​ស្នើ​សុំរាប់​សន្លឹកឆ្នោត​ឡើង​វិញ​ ព្រមទាំង​បណ្តឹង​ជំទាស់អំពី​ការ​បិទ​ផ្សាយ​លទ្ធផល​នៅ​ក្នុង​ឃុំ​-សង្កាត់។​

លោក​ យឿង​ សុធារ៉ា​ មន្ត្រី​ផ្នែកច្បាប់​និង​អង្កេត​នៃអង្គការ​ខុមហ្វ្រែល​ បាន​ឲ្យ​ដឹងថា​ ទោះបី​ជា​មាន​ការ​ប្តឹង​ផ្តល់​បែបណាក្តី គ.ជ.ប​ បាន​ខិត​ខំដោះស្រាយ​រាល់​បណ្តឹង​ និង​ច្រាន​ចោល​បណ្តឹង​ណា​ដែល​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ ឬ​ស្រប​តាម​ច្បាប់​របស់​ គ.ជ.ប។​

«ជា​សន្និដ្ឋាន​ចុងក្រោយ​ យើង​ត្រឡប់​ទៅ​ យើង​ថា​ ការ​ដោះស្រាយ​នេះ​ ទោះបី​ជា​មាន​ភាព​ស្រពេច​ស្រពិល​ មាន​ការ​មិន​ពេញចិត្ត​ ពី​ដើម​បណ្តឹង​មួយ​ចំនួន​ ប៉ុន្តែ​យើង​ឃើញ​ចំណុច​ល្អ​ច្រើន​ដែរ​ បើ​ធៀប​ជាមួយ​នឹងការ​ដោះស្រាយ​ជាមុន​ គ.ជ.ប​ ពី​មុន​គឺថា​ មានភាព​ល្អប្រសើរ​ច្រើន»។

លោក​ យឿង​ សុធារ៉ា​ បានកត់​សម្គាល់​ឃើញថា ចំនួន​បណ្តឹង​មានការ​ធ្លាក់​ចុះ​ច្រើន​សន្ធឹកសន្ធាប់​ ជាង​ការ​បោះឆ្នោត​កន្លងទៅ។​

ការ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​១២,០០០​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​ការ​បង្ហាញ​នូវ​ការ​ប្រជែង​គ្នា​រវាង​គណបក្ស​នយោបាយ​ពីរ​ធំៗ គឺ​គណបក្ស​ប្រជាជនកម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​មាន​ការ​គំរាមកំហែង​អំពី​សង្គ្រាម​ស៊ីវិល​និង​ការ​បង្រ្កាប​ទៅ​លើ​ការ​ខ្វែងគំនិត​ខាង​នយោបាយ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ។

លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ច្រាន​ចោល​ការវាយតម្លៃ​ចំពោះ​បរិយាកាស​បោះឆ្នោត​ ដែលថា​ មិន​សេរី​និងយុត្តិធម៌។ លោក​មាន​ប្រសាសន៍​ប្រាប់​ VOA នៅថ្ងៃ​អាទិត្យ​នេះ​ថា​ ការ​បោះឆ្នោត​ដែល​រៀបចំកាលពីថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ មាន​លក្ខណៈសេរី​ និង​ត្រឹម​ត្រូវ ហើយ​គ្មាន​ហិង្សា​និង​ការគំរាម​កំហែង​ ស្របទៅ​តាម​ការ​វាយ​តម្លៃ​របស់​សហគមន៍​អន្តរជាតិ​នានា​ដូច​ជា​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប និងប្រទេស​ជប៉ុន​ជាដើម។​

«វាគឺជាការ​ត្រឹមត្រូវ​ដែល​យើង​គាំទ្រ​បញ្ហាហ្នឹង​ពីព្រោះ​ វា​ជាការ​ពិតជាក់​ស្តែង​ ហើយ​ការ​វាយ​តម្លៃ​របស់​អ្នកផ្សេង​ដែលផ្ទុយ​អំពី​ខ្លឹមសារ​នេះ​ យើង​សុំ​បដិសេធ​ទាំងស្រុង​ហើយ»។​

ប៉ុន្តែ​លោក​ យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មិនបាន​ចាត់​ទុកការ​បោះឆ្នោត​នោះ​មាន​លក្ខណៈ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌នោះ​ទេ។​

លោក​មានប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យ​ថា​ បរិយាកាស​មុនការ​បោះឆ្នោត​មាន​លក្ខណៈ​អាក្រក់​ដោយ​លោក​ សម រង្ស៊ី​ មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលចូលប្រទេស​វិញ​ពី​សំណាក់​រដ្ឋាភិបាល​ ហើយ​មានការ​ប្រើ​អំពើហិង្សា​ ការ​ចាប់​អ្នក​តំណាងរាស្ត្រ សកម្មជន​នយោបាយ​បក្សប្រឆាំង ក្រុមមន្ត្រី​នៃ​អង្គការ​សង្គមស៊ីវិល​និង​ការ​ប្រើ​វោហាស័ព្ទ​មាន​លក្ខណៈ​គំរាមកំហែង។ លោក​ថា​ ក្នុង​អំឡុង​ពេលនៃ​ការ​ឃោស​នាបោះឆ្នោត​ សកម្មភាពរើស​អើង​ពីអាជ្ញាធរ​ក៏បាន​កើតឡើង។

លោក​យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ៖​

«នៅក្នុង​កំឡុង​ពេល​នៃ​ការឃោសនា ការ​ឃោសនា​ឃើញ​មានការរើស​អើង​ គណបក្ស​កាន់​អំណាច​ហែរ​ផ្លូវ​ណា​ក៏បាន​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ហាមឃាត់​ផ្លូវ​ចំនួន​ និង​ការ​ជួប​ជុំ​នៅ​ទីធ្លា​សាធារណៈ​មួយចំនួន​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏មិន​ មិន​ស្មើ​ភាព​ មិន​អព្យាក្រឹត​ ហើយ​ក៏គ្មានការ​ដាក់​ទោស​ទណ្ឌ​ ទៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​ប្រព្រឹត្ត​ខុស​ដែរ»។

លោក​ យឹម​ សុវណ្ណ​ បាន​ឲ្យដឹង​បន្ថែម​ថា​ គ.ជ.ប​ បាន​បំពេញ​ការងារ​របស់​ខ្លួន​ល្អ​ប្រសើរ​ជាងមុន​ តែ​ស្ថាប័ន​ជាតិ​មួយនេះ​ ត្រូវ​ពិនិត្យ​លើ​ការ​ផ្តល់​ឱកាស​ដល់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន ១,៧​លាន​នាក់​ ឲ្យ​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​កម្មករ​ចំនួន​ ៧សែន​នាក់​ក្នុង​ស្រុក​បាន​ចុះ​ឈ្មោះ​ តែ​ខ្វះឯក​សារ​ និង​ប្រឈម​ឧបសគ្គ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យពួក​គេ​ខកខាន​មិនបាន​បោះឆ្នោត។

VOA ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ តែនៅមិន​ទាន់​អាច​ទាក់​ទង​បាន​នាថ្ងៃ​អាទិត្យ​នេះ។

សេចក្តី​ថ្លែងការណ៍​ចេញ​ដោយ​បន្ទប់​ស្ថានការណ៍​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ ដែល​ឃ្លាំ​មើលការ​បោះឆ្នោត​នៅ​កម្ពុជា​ បាន​លើកឡើង​នូវ​អនុសាសន៍​ចំនួន​ប្រាំបួន​ ដើម្បី​ញ៉ាំង​ឲ្យ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌។អនុសាសន៍​ទាំងនោះ រួមមាន​ការ​ដកបញ្ញត្តិ​ចម្រូង​ចម្រាស​នៃ​ក្រប​ខណ្ឌ​ច្បាប់​បោះឆ្នោត​ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងឡាយ​ ទាក់​ទិន​នយោបាយ​ មនសិការ​ និងការ​ពារ​សិទ្ធិមនុស្ស​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចូលរួម​ជីវភាព​នយោបាយ​ និង​ដំណើរ​ការបោះឆ្នោត​ និង​ការ​ពង្រឹង​គោល​ការណ៍​សមធម៌​ និង​តម្លាភាព​នៃ​ហិរញ្ញវត្ថុ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ និង​ការប្រើ​ប្រាស់​ធនធាន​រដ្ឋ​សម្រាប់​សកម្មភាព​នយោបាយ​ក៏ដូច​ជាជំរុញឲ្យ​ស្ថានីយទូរទស្សន៍​ឯក​ជន​ ឲ្យ​គោរព​ក្រម​សីល​ធម៌​ វិជ្ជាជីវៈ​និង​គោល​ការណ៍​ណែនាំ​របស់​ គ.ជ.ប​ នៅសម័យ​ឃោសនា​បោះឆ្នោត​ជាដើម៕

XS
SM
MD
LG