នាព្រឹកថ្ងៃអង្គារនេះ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សមិនទទួលបានអាសនៈឃុំ-សង្កាត់ក្នុងការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ បានដាក់ពាក្យប្តឹងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទិននឹងសារនយោបាយ ដែលប្រធានគណបក្សថ្មីនេះអះអាងថា ញុះញង់ប្រជាពលរដ្ឋឲ្យរើសអើងគណបក្ស។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា បណ្តឹងនោះជាការប្តឹងដែលមិនសមហេតុផល។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយចេញពីដាក់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា លោកកឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីសប្តាហ៍មុនថា ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សតូចៗគឺជាការបង្ហិនសន្លឹកឆ្នោត។ លោកពេជ្រ ស្រស់បន្ថែមថា សារនយោបាយរបស់លោកកឹម សុខាគឺជាការញុះញង់ និងបានធ្វើឲ្យរំាងស្ទះដល់សកម្មភាពរបស់គណបក្សនយោបាយនានា ជាពិសេសគណបក្សយុវជនកម្ពុជារបស់លោក ក្នុងការប្រកួតប្រជែងនយោបាយ នៅឆ្នាំ២០១៨ខាងមុខ ដូច្នេះលោកថា លោកសម្រេចដាក់ពាក្យបណ្តឹងដើម្បីឲ្យតុលាការដាក់ទោសលោកកឹម សុខាតាមផ្លូវច្បាប់។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបញ្ជាក់ថា៖
«គណបក្សមាន១២ គាត់ថា មានតែគណបក្ស២ទេដែលអាចបម្រើជាតិបាន។ ចុះគណបក្ស១០ទៀត វាទៅណា ដែលច្បាប់ឲ្យ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យ? នេះហើយដែលសូមឲ្យប្រជាពលរដ្ឋបែងចែកព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍សង្គមឲ្យបានច្បាស់លាស់ ហើយកុំម៉ៃថា ខ្ញុំអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ។ អ្នកឯងទៅមើលច្បាប់វិញទៅ ខ្ញុំប្តឹងនេះគ្មានចេតនាចង់ឲ្យសង្គ្រោះជាតិរលាយទេគឺចង់ឲ្យលោកកឹម សុខាទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលគេកំណត់ថា ឲ្យលោកកឹម សុខាកែខ្លួនដើម្បីឲ្យមានតម្លាភាពធ្វើនយោបាយនៅស្រុកខ្មែរ»។
លោកពេជ្រ ស្រស់អះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ក្នុងការប្តឹងលោកកឹម សុខា ពីបទមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋរើសអើងគណបក្សនយោបាយ។ ប៉ុន្តែលោកថា ចំពោះការសម្រេចយ៉ាងណានោះ គឺជាសិទ្ធិរបស់តុលាការ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានទេ នារសៀលថ្ងៃអង្គារនេះ។
យ៉ាងណាក៏ដោយ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់ VOA យ៉ាងខ្លីថា៖
«ប្រទេសជាតិមានបញ្ហាច្រើនដែលត្រូវដោះស្រាយ គួរណាស់តែគណបក្សនយោបាយយកពេលវេលាដ៏មានតម្លៃក្នុងជីវិតរបស់យើងហ្នឹងទៅដោះស្រាយបញ្ហាជាតិ បញ្ហាប្រជារាស្រ្តទៅ វាប្រសើរជាជាងមកធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ»។
ក្នុងពិធីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមិថុនា លោកកឹម សុខាថ្លែងថា គណបក្សនយោបាយតូចៗបង្ហិនសន្លឹកឆ្នោត ហើយថា មានតែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានលទ្ធភាពឈ្នះតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា បណ្តឹងរបស់លោកពេជ្រ ស្រស់ប្តឹងលោកកឹម សុខាគឺជាបណ្តឹងដែល«មិនសមហេតុផល និងមិនអាចធ្វើទៅបាន»។
លោកមានប្រសាសន៍ថា៖
«ជាទូទៅ ការឃោសនានយោបាយ ឬមួយក៏ការធ្វើនយោបាយ ជាគណបក្សនយោបាយគឺត្រូវព្យាយាមធ្វើម៉េចបញ្ចុះបញ្ចូលប្រជាពលរដ្ឋកុំបោះឆ្នោតឲ្យគណបក្សដទៃ ហើយបោះឆ្នោតឲ្យខ្លួន។ អាហ្នឹងវាជាការធ្វើនយោបាយដែលសាមញ្ញបំផុត និងចាំបាច់បំផុត។ អីចឹងបើប្តឹងអ្នកនយោបាយ និងគណបក្សនយោបាយពីការធ្វើនយោបាយ អាហ្នឹងគឺចប់ហើយ អត់មានអីត្រូវធ្វើទៀតទេ។ អីចឹងជាទូទៅ ការប្តឹងមួយហ្នឹងគឺមិនសមហេតុផលទាល់តែសោះ ហើយជាទូទៅនៅក្នុងពិភពលោក តុលាការគេនឹងទាត់ចោលហើយ»។
ប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យទី៤ ខែមិថុនាកន្លងទៅ ដោយមានគណបក្សនយោបាយចំនួន១២ចូលរួម។ លទ្ធផលបង្ហាញថា មានពលរដ្ឋជិត៩០ភាគរយបានចេញទៅបោះឆ្នោត ហើយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ បានកើនឡើងអាសនៈមេឃុំពីចំនួន៤០មកដល់ជិត៥០០ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ក្នុងចំណោមអាសនៈសរុបចំនួន១១.៥៧២។ ចំណែកឯគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនទទួលបានសំឡេងគ្រប់គ្រងឃុំ-សង្កាត់ចំនួន ១.១៥៨។ គណបក្សរួបរួមជាតិរបស់លោកញ៉ឹក ប៊ុនឆៃទទួលបាន១ឃុំ ខណៈគណបក្សចំនួន៩ផ្សេងទៀត រួមទាំងគណបក្សយុវជនកម្ពុជារបស់លោកពេជ្រ ស្រស់ផងនោះ មិនឈ្នះបានឃុំ-សង្កាត់ណាមួយឡើយ៕