ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លុបចោល​បម្រាម​មិន​ឱ្យ​​លោក​ ​សម រង្ស៊ី​ ​វិល​ចូល​ស្រុកវិញ


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​មក​ដល់​អកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​មក​ដល់​អកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។

លិខិត​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ ​«រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​នូវ​លិខិត​លេខ​ ១៥១​របក ចុះថ្ងៃ​ទី​១២​ ខែ តុលា​ ឆ្នាំ​២០១៦​ របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ស្តីពី​បុគ្គល​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​បញ្ជា​ឲ្យ​លុប​ចោល​បម្រាម​ ​មិន​ឱ្យ​លោក​ សម​ រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​វិល​ចូល​ប្រទេស​វិញ​ ​បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចោទ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ថា​បាន​ប្រើ​មធ្យោបាយ​អាក្រក់​បង្អាក់​ដំណើរ​របស់​លោក​មក​កាន់​កម្ពុជា។

លោក​ សម រង្ស៊ី ​បាន​អះអាង​ថា ​បើ​លោក​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​គឺ​លទ្ធផល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​គឺ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន។

នៅក្នុង​បទសម្ភាស​ជាមួយ​វីអូអេ​ ផ្សាយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា៖

«គេ​បាន​ចេញ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​ក្នុង​ពិភពលោក​មិន​ឱ្យ​ដឹកខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ បើគ្មាន​បញ្ជា​បែបហ្នឹង​ ការ​រារាំង​បែបហ្នឹង​ខ្ញុំ​មក​ដល់​ស្រុកខ្មែរ​បាត់​ហើយ​តាំង​ពី​យូរយា​ម្ល៉េះ។ អីចឹង​មានន័យ​ថា​ គេ​ខ្លាច​ខ្ញុំ​ណាស់ ​គេ​ខ្លាច​រូបខ្ញុំ​។ គេ​ខ្លាច​សំឡេង​ខ្ញុំ។ គេ​ខ្លាច​ឈ្មោះ​ខ្ញុំ។ គេ​ខ្លាច​ស្រមោល​ខ្ញុំ។ អីចឹង​យុត្តិធម៌​កន្លែង​ណា? សមធម៌​កន្លែង​ណា​ បើ​គូប្រកួត​មួយ​ខ្លាច​គូប្រកួត​មួយ​ខ្លាច​មិន​ឱ្យ​គេ​ឡើង​សង្វៀន​វាយ​ជាមួយ​ខ្លួន​លើ​សង្វៀនផង‍»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ សម រង្ស៊ី ​បាន​បន្ត​ចោទ​ថា ​ទង្វើ​នេះ​គឺ​ខុសច្បាប់​ដែល​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់៖

«មិនឱ្យ​ខ្ញុំ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ជា​ទង្វើខុស​ច្បាប់​ ខុស​រដ្ឋធម្មនុញ្ញ ​គ្មាន​រដ្ឋ​អំណាច​ណា​អាច​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ម្នាក់​ចូលមក​រស់នៅ​លើ​ប្រទេស​ខ្លួន​ឯង​វិញ​ រារាំង​មិន​ឱ្យ​យន្តហោះ​ដឹក​មក​វិញ​ គំរាម​កំហែង​គេ​ដូច​កាលពី​មុនៗ​ គឺ​គំរាម​កំហែង​រហូត​ដល់​បាញ់​ទម្លាក់​យន្តហោះ​ថា យន្ត​ហោះ​ណា​ដែល​ហ៊ាន​ដឹកអ្នក​ដែល​គេ​មិន​ពេញ​ចិត្ត​ឱ្យ​វិលត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ​គេ​គំរាម​បាញ់ទម្លាក់​យន្តហោះ។ បើ​ទម្លាក់​ស្លាប់​តែ​អ្នក​ដែល​គេ​មិន​ចូលចិត្ត​ម្នាក់​មិនអីទេ​ ប៉ុន្តែ​បើស្លាប់​អ្នក​ដែល​ជិះក្នុង​យន្តហោះ​គ្នា​មាន​ដឹង​អីគ្នា​ គ្នា​គ្រាន់តែ​ជិះយន្តហោះ​ជាមួយ​អ្នក​ដែល​គេ​មិន​ពេញចិត្ត​មិន​ចង់​ឱ្យ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ដូច្នេះ​មានន័យ​ថា​ ចិត្ត​គំនិត​អ្នក​ដែល​មិន​ចង់​ឱ្យ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ​ហ្នឹង​គឺ​ព្រៃផ្សៃ​មែនទែន‍»។

លោក​ សម រង្ស៊ី ​បាន​បន្ត​ការ​អះអាង​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាសេរី​ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ទៀត​ ដែល​ក្នុង​កម្មវិធី​នោះ​ លោក​ សម រង្ស៊ី​ ត្រូវ​បាន​សួរ​ដោយ​អ្នក​ស្តាប់​របស់​វិទ្យុនេះ​ថា​ តើ​លោក​នឹង​វិលចូល​ប្រទេស​វិញ​នៅ​មុន​ ឬ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ​ហើយ​តើ​លោក​ហ៊ាន​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ឬទេ។

លោក​ សម រង្ស៊ី​ បាន​ឆ្លើយ​តប​ថា​ លោក​សុខ​ចិត្ត​ជាប់​គុក​ និង​ស្លាប់ ​ដើម្បី​ប្រទេស​ជាតិ​ ហើយ​បាន​ចោទ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ថា​ព្យាយាម​រារាំង​រូប​លោក​ មិន​ឲ្យ​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​នាយក​រដ្ឋមន្ត្រី។​

«​ខ្ញុំ​បេក្ខជន​ជា​នាយក​រដ្ឋមន្ត្រី​ តតាំង​ជាមួយ​ ហ៊ុន សែន​ តែ​បើ ហ៊ុន សែន​ កំសាក​ ហ៊ុន សែន ​ប្រើ​តុលាការ​អាយ៉ង​ ដើម្បី​រារាំង​ មិន​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ហើយ​ប្រើ​មធ្យោបាយ​ថោក​ទាប​មួយ​ទៀត​ គឺ​ហ៊ុន សែន​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទូទាំង​ពិភពលោក​ កុំ​ឲ្យ​ដឹក​ខ្ញុំ​មក​ប្រទេសក​ម្ពុជា​ គឺ​បដិសេធ​រូប​ខ្ញុំ​មិន​ឲ្យ​ឡើង​យន្តហោះ​ណា​ ដែល​ត្រូវ​ហោះហើរ​មក​ប្រទេស​កម្ពុជា»។​

​លោក ​សម រង្ស៊ី​ ចោទ​សួរ​ថា ​បើ​លោក ​ហ៊ុន សែន ​ខ្លាច​លោក​យ៉ាងនេះ​ តើ​គណបក្ស​ប្រជាជន​ទទួល​ជ័យ​ជម្នះ​មាន​តម្លៃ​អ្វី៖ ​

«​មានន័យ​ថា​ ហ៊ុន សែន​ ខ្លាច​ខ្ញុំ​ ខ្លាច​រូប​ខ្ញុំ​ ខ្លាច​ឈ្មោះ​ខ្ញុំ​ ខ្លាច​សំឡេង​ខ្ញុំ​ ខ្លាច​ស្រមោល​ខ្ញុំ​ កុំ​ឲ្យ​ខ្ញុំ​មក​ប្រកួត​ប្រជែង​ជាមួយ​គាត់​ ហើយ​គាត់​អះអាង​ថា​ គាត់​ប្រកួត​ប្រជែង​តែម្នាក់​គាត់​ គាត់​យល់​ថា ​គាត់​នឹង​ឈ្នះ​ ប៉ុន្តែ​ជ័យ​ជម្នះ​ហ្នឹង​មាន​តម្លៃ​អីទេ»។​

នៅថ្ងៃ​នេះ​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​បើ​ផ្លូវ​ឱ្យ​លោក​ ​សម រង្ស៊ី​ ក្នុង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ។​

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ចុះ​ហត្ថលេខា​ ដោយ​លោក​ តិករ៉េត​ សំរេច​ រដ្ឋលេខា​ធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ នៅថ្ងៃទី​១៤​ ខែមិថុនា​នេះ​ បាន​ជូន​ដំណឹង​ដល់​ ​នាយឧត្តម​សេនីយ៍​ នេត​ សាវឿន​ អគ្គស្នង​ការ​នគរ​បាល​ជាតិ​ និង​នាយឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ​តាម​បទបញ្ជា​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។​

លិខិត​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​នូវ​លិខិត​លេខ​ ១៥១​របក ចុះថ្ងៃ​ទី​១២​ ខែ តុលា​ ឆ្នាំ​២០១៦​ របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ស្តីពី​បុគ្គល​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ»។

តាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក​ តឹករ៉េត​ សំរេច​ ចុះថ្ងៃ​ទី១២ ​ខែ​តុលា​ ដែលVOA បាន​ទទួល​ឱ្យ​ដឹង​ថា​ វិធានការ​បួន​សំខាន់ៗ​នៃ​ការ​រារាំង​មិន​ឲ្យ​លោក​ សម រង្ស៊ី ដែល​ចាត់​ទុក​ថា​ ជា​បុគ្គល​ម្នាក់​មិន​ឲ្យ​វិល​ចូល​ក្នុង​ទឹកដី​កម្ពុជា។​ វិធាន​ការ​ចម្បង​មួយ​ គឺ​គ្រប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​ [លោក​ សម រង្ស៊ី] ​នេះ​ឡើង​យន្តហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​បុគ្គល​នេះ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា។

VOA ព្យាយាម​សុំសេចក្តី​អធិប្បាយ​ពីលោក​ តឹករ៉េត សំរេច​ ​នៅ​ថ្ងៃ​ពុធ​នេះ​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន។ លោក​ ​តឹករ៉េត សំរេច​ ​ធ្លាប់​បាន​ប្រាប់​ VOA ​កាលពី​ខែ​តុលា​ កន្លង​មក​នេះ​ ​ថា​ ការណ៍​មិន​អនុញ្ញាត​ឲ្យ​លោក​ ​សម រង្ស៊ី​ ​វិលចូល​ប្រទេស​កំណើត​លោក​វិញ​ ដោយ​សារ​តែអតីត​មេបក្ស​ប្រឆាំង​រូបអាច​បង្ក​បញ្ហា​ធំ​ ដែល​អាច​បណ្តាល​ឲ្យ​ឆេះ​ព្រលានយន្តហោះ​ ឬ​ក៏​ខូចខាត​យន្តហោះ​ តម្លៃ​ពី​១០០​ ទៅ​២០០​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ហើយ​ថា​អតីត​មេបក្ស​ប្រឆាំង​រូបនេះ​អាច​បង្ក​ចលាចល​ផងដែរ។

ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋា​ភិបាល​លែងហាម​ប្រាម​មិន​ឲ្យលោក​ សម រង្ស៊ី​ វិល​ចូលស្រុក​វិញ​ហើយ​ ក្រោយ​ពី​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​ បញ្ចេញ​ប្រតិកម្ម​លើការ​ហាម​ប្រាម​នេះ​តាម​វិទ្យុ​អាស៊ី​សេរី។​ តែ​លោក​ថា​ លោក​ សម រង្ស៊ី​ ជា​បុគ្គល​កំសាក​ ដូច្នេះ​លោក​មិន​វិលមក​វិញ​ទេ​ ហើយ​ប្រសិន​បើ​វិល​មក​វិញ​ លោក​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។

«គាត់​មិន​ទាន់​រួច​ខ្លួន​ អារឿង​ឃុប​ឃិត​ ជាមួយ​ ហុង​ សុខហួរ​ គាត់​បរិហាកេរ្តិ៍​រាជរដ្ឋាភិបាល​ រៀបចំ​ផែន​ការ​សម្លាប់​ កែម ឡី​ អីអាហ្នឹង​ វា​នៅ​ត្រង់​ហ្នឹង​ទាំង​អស់​ មាន​រួច​ទៅណា​ គាត់​ចោទ​សម្តេច​ ហេង​ សំរិន​ ថា​កាត់​ទោស​ សម្តេច​សីហនុ​អី​ យើង​ដឹង​អស់​ហើយ​តើ ​ចេះតែ​ផ្ទួនៗ​ ចេះ​តែ​ផ្គុំ​ ចេះ​តែ​ប្រមូល​មក​ហើយ​ អាទោស​ទណ្ឌ​ហ្នឹង​ ហើយ​មាន​អ្នកណា​ធ្វើ​បាប​គាត់​ មក​ពីខ្លួន​ឯង​ បើ​ខ្លួន​ឯងអត់​និយាយ​ខុស​ហ្នឹង វា​មាន​អ្នកណា​ទៅធ្វើ​អី​គាត់»។

លោក​ សុខ ឥសាន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ វត្តមាន​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​បង្ក​ក្តី​បារម្ភ​ដល់​គណបក្ស​កាន់​អំណាច​ ទាក់​ទិនការ​កើនឡើង​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​ផងដែរ។

លោក​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​មិន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​ ប្រោស​ព្រះរាជ​ទាន​ទោស​ លោក​ សម រង្ស៊ី​ ដូច​កាលមុន​ពេល​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។ ​នៅពេល​ VOA សួរ​បន្ថែម​ថា​ ហេតុអ្វី​ លោក​នាយក​រដ្ឋមន្ត្រី​ អាច​ស្នើ​លើក​លែង​ទោស​លោក​ កឹម សុខា​ បាន​ តែមិន​អាច​ធ្វើ​បាន​សម្រាប់​លោក​ សម រង្ស៊ី​ លោក​ សុខ​ ឥសាន​ ថ្លែង​យ៉ាង​ដូច្នេះ៖

«អាហ្នឹង​រឿង​មួយ​ដោយ​ឡែក​ ពីព្រោះ​ទោស​ទណ្ឌ​ឯកឧត្តម​ កឹម សុខា​ វា​មាន​ប៉ុន្មាន​ មួយ​ខែ ​ពីរខែ​តែ​ប៉ុណ្ណឹង​ទេ​ អាទោស​ដែល​ប្រឆាំង​នឹង​ដីកា​របស់​ព្រះរាជ​អាជ្ញា​ហ្នឹង​មាន​ទោស​អីប៉ុន្មាន»។​

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​ VOA ​ថា គណបក្ស​សាទរ​ចំពោះ​ការ​ចេញ​លិខិត​បើក​ផ្លូវ​ឲ្យ​លោក​ ​សម រង្ស៊ី​ វិលមក​ប្រទេស​កម្ពុជា​ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«​ឥឡូវ​យើង​អបអរ​សាទរ​ចំពោះ​លិខិត​ហ្នឹង​ ពីព្រោះ​ឯក​ឧត្តម​ សម រង្ស៊ី​ ជា​ប្រជាពលរដ្ឋ​ខ្មែរ គាត់​មាន​សិទ្ធិ​ គាត់​មាន​អំណាច​ គាត់​មាន​តួនាទី​ ភារកិច្ច​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ បម្រើ​ប្រជាពលរដ្ឋ​ ដូច្នេះ​ ខ្ញុំ​យល់​ឃើញ​ថា​ លិខិត​នេះ​ក៏​ជា​សញ្ញាណ​វិជ្ជមាន​មួយ»។

លោក​ យឹម សុវណ្ណ​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ តើលោក​ សម រង្ស៊ី​ ​មាន​ផែនការ​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ នៅពេល​ណា​នោះ​ឡើយ។​

អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​កាល​ពី​ពេល​កន្លង​មក​ថា​ ​រដ្ឋាភិបាល​មិន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹក​នាំ​រដ្ឋាភិបាល​កំពុង​ភ័យ​ខ្លាច​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី។​ លោក​ថា​ រដ្ឋាភិបាល​ក៏​មិន​អាច​ចាប់​លោក​ សម រង្ស៊ី​ បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ​ ព្រោះ​បារម្ភ​ក្រែង​មាន​ចលនា​តស៊ូ​ណាមួយ​កើត​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

XS
SM
MD
LG