គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ជាផ្លូវការ នាថ្ងៃអាទិត្យខាងមុខ បន្ទាប់ពី គ.ជ.ប បានបញ្ចប់ការដោះស្រាយបណ្ដឹងនានា និងសម្រេចបិទផ្លូវតវ៉ា។ ការប្រកាសលទ្ធផលផ្លូវការនេះនឹងធ្វើឡើងចំនួនពីរលើក គឺពេលព្រឹក និងពេលយប់ថ្ងៃទី២៥ ខែមិថុនា។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប បានសម្រេចបិទផ្លូវតវ៉ាត្រឹមថ្ងៃទី២០ ខែមិថុនា ដោយរង់ចាំការប្រកាសលទ្ធផលផ្លូវការនាពេលខាងមុខ។
លោកមានប្រសាសន៍ថា៖
«នេះជាការបិទផ្លូវតវ៉ា ហើយជាការអនុវត្តទៅតាមច្បាប់ហើយ ទោះបីជា សប្បាយចិត្ត ឬក៏មិនទទួលយកបែបណា ដំណើរការនៃទិដ្ឋភាពច្បាប់បានបិទផ្លូវតវ៉ាហើយ។ អញ្ចឹងនេះគឺជាអ្វីដែល គ.ជ.ប នឹងត្រូវធ្វើការបូកសរុបដើម្បីបង្ហាញឲ្យឃើញថា គណបក្សនយោបាយណាបានទទួលការគាំទ្រប៉ុន្មាន»។
លោក ហង្ស ពុទ្ធា បន្ថែមថា លទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាស២ដងក្នុងថ្ងៃទី២៥ លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) នាម៉ោង៩ព្រឹកម្ដង និងម៉ោង៧ល្ងាចម្ដង ព្រមទាំងមានផ្សព្វផ្សាយលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។ ក្នុងករណីដែលមានការតវ៉ាមិនសុខចិត្តក្រោយការប្រកាសលទ្ធផលផ្លូវការ នោះ គ.ជ.ប នឹងអនុវត្តទៅតាមច្បាប់ដែលបានចែង។
សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចេញកាលពីថ្ងៃទី២០ ខែមិថុនា បញ្ជាក់ថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ទាក់ទងនឹងការមិនសុខចិត្តទៅនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី១៩ ខែមិថុនា។ ក្នុងនោះ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦៤ និងបានបញ្ចប់ការដោះស្រាយត្រឹមថ្ងៃទី២០ ខែមិថុនា ដែលបណ្ដឹងទាំងនោះរួមមាន បណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន៤៦បណ្ដឹង និងបណ្ដឹងសុំផ្ដន្ទាទោសចំនួន១៨បណ្ដឹង។
សេចក្ដីប្រកាសព័ត៌មានដដែលនោះបន្ថែមថា បណ្ដឹងចំនួន ១៥ផ្សេងទៀតដែលគណបក្សនយោបាយបានប្ដឹងពីបណ្ដាខេត្តមួយចំនួន គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះវិញ ដោយលើកឡើងថា បណ្ដឹងទាំងនោះមិនគ្រប់ធាតុផ្សំក្នុងការដាក់ពាក្យបណ្ដឹងមក គ.ជ.ប។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះការធ្វើការងាររបស់ គ.ជ.ប និងយល់ព្រមទទួលយករាល់លទ្ធផលដែលប្រកាសដោយ គ.ជ.ប ។
លោកបញ្ជាក់ថា៖
«គ.ជ.ប ជាយើងអ្នកបង្កើត ហើយយើងបានប្រគល់ភារកិច្ចជូនគាត់ធ្វើ ហើយកន្លងទៅយើងបានតាមដានសង្កេតមើលឃើញថា គ.ជ.ប បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រួចហើយ។ អញ្ចឹងទេ លទ្ធផលនៃការងាររបស់ គ.ជ.ប ដែលប្រកាសលទ្ធផលនាពេលខាងមុខនេះ យើងនឹងទទួលស្គាល់»។
សម្រាប់លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លើកឡើងថា គ.ជ.ប បានច្រានចោលបណ្ដឹងសុំរាប់សន្លឹកឆ្នោតមួយចំនួន និងបានសម្រេចបិទផ្លូវតវ៉ា ដោយគ្មានមូលហេតុច្បាស់លាស់។
លោកស្រីបន្ថែមថា គណបក្សសង្គ្រោះជាតិ មិនអស់ចិត្តនឹងការសម្រេចរបស់ គ.ជ.ប តែគ្មានជម្រើសក្រៅពីការបង្ខំចិត្តទទួលយកលទ្ធផល ដែលនឹងប្រកាសជាផ្លូវការក្នុងពេលខាងមុខ។
លោកស្រីបញ្ជាក់ថា៖
«ដោយសារតែការបិទផ្លូវតវ៉ាអញ្ចឹង គឺយើងមិនអាចតវ៉ាទៅណាបានទៀតទេ ក៏ប៉ុន្តែគ្រាន់តែថាការដែល គ.ជ.ប សម្រេចអត់ធ្វើការរាប់លើសន្លឹកឆ្នោតផ្សេងៗទៀតដែលគណបក្សសង្គ្រោះជាតិបានប្ដឹងហ្នឹង គឺគណបក្សសង្គ្រោះជាតិ មិនអស់ចិត្តចំពោះសេចក្ដីសម្រេចហ្នឹង មានន័យថា ចាញ់ដោយមិនអស់ចិត្ត។ ដូច្នោះហើយមានតែទទួលយកសេចក្ដីសម្រេចហ្នឹង ប៉ុន្តែគ្រាន់តែថា កន្លែងដែលយើងអាចប្ដឹងបាន អត់មានស្ថាប័នណាផ្សេងទៀតទេ មានតែប្ដឹងទៅប្រជាពលរដ្ឋប៉ុណ្ណឹងឯង»។
លោកស្រី ម៉េង សុភារី បន្ថែមថា ពាក្យបណ្ដឹងភាគច្រើនប្ដឹងពាក់ព័ន្ធនឹងប្រភេទគំនូសដែលប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោតមិនដូចទៅនឹងអ្វីដែល គ.ជ.ប បានប្រកាស ប៉ុន្តែលោកស្រីថា គំនូសទាំងនោះសុទ្ធតែជា គំនូសដែលបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងអាចយកជាការបាន។
លោកស្រីបានសំណូមពរឲ្យ គ.ជ.ប មានចំណាត់ការ និងរៀបចំឲ្យបានហ្មត់ចត់ពាក់ព័ន្ធនឹងការកំណត់យកប្រភេទគំនូសដែលគូសដោយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានបង្ហាញពីឆន្ទៈក្នុងការជ្រើសរើសមេដឹកនាំបានត្រឹមត្រូវ។
បើតាមតួលេខដែលចេញដោយគ.ជ.ប. ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែមិថុនានេះ មានចំនួនជាង៧លាននាក់ ស្មើនឹងជិត៩០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតសរុបជិត ៨លាននាក់។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្ហាញលទ្ធផលឆ្នោតបឋមរៀងៗខ្លួន ដែលពួកគេទទួលបាននៅតាមឃុំ-សង្កាត់សរុបចំនួន១,៦៤៦ ទូទាំងប្រទេស។ គណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនទទួលបានឃុំ-សង្កាត់ចំនួន១,១៥៨ ដែលថយចុះពី ១,៥៩២ឃុំ-សង្កាត់ កាលពីការបោះឆ្នោតឆ្នាំ២០១២។ រីឯគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនទទួលបានឃុំសង្កាត់ជិត៥០០ បើធៀបនឹងការបោះឆ្នោតក្នុងឆ្នាំ២០១២ ដែលនៅពេលនោះ គណបក្សប្រឆាំងនេះ ទទួលបានត្រឹមតែចំនួន៤០ឃុំ-សង្កាត់ ដោយបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ៕