ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាចសាទរលទ្ធផល​បោះឆ្នោត​​ផ្លូវការ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ថា​ ការ​បោះឆ្នោត​គ្មាន​យុត្តិធម៌


លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ លោក កឹម សុខា (ស្តាំ)​ ប្រធានគណបក្សសង្គ្រោះជាតិ បោះឆ្នោត​នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ (ខាន់​ សុគុំមនោ​/អូន ឆេងប៉រ/VOA)
លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ លោក កឹម សុខា (ស្តាំ)​ ប្រធានគណបក្សសង្គ្រោះជាតិ បោះឆ្នោត​នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ (ខាន់​ សុគុំមនោ​/អូន ឆេងប៉រ/VOA)

នាថ្ងៃអាទិត្យ​នេះ គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី​៤ ដោយ​ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១,១៥៦ឃុំ-សង្កាត់ ចំណែក​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន ៤៨៩ឃុំ-សង្កាត់។ គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង បង្ហាញ​ពី​ការ​យល់​ឃើញ​ខុសគ្នា​ពី​លើ​លទ្ធផល​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ប្រកាសថា ​លទ្ធផល​ផ្លូវ​ការ​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់​ អាណត្តិ​ទី​៤​ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​មេឃុំ-ចៅសង្កាត់​ចំនួន១,១៥៦ គណ​បក្សសង្រ្គោះ​ជាតិ ទទួល​បាន​មេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​មេឃុំចំនួន​១។ គណបក្ស​កាន់អំណាច​សាទរ​នឹង​លទ្ធផល​នេះ ប៉ុន្តែ​គណបក្ស​ប្រឆាំង​លើកឡើង​ថា ការ​បោះឆ្នោត​មាន​ភាព​អយុត្តិធម៌។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែ​មិថុនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​តារាង​សំឡេង និង​ភាគរយ​គាំទ្រ​តាម​គណបក្ស​នយោបាយ​ទាំង១២ ដែល​ជា​លទ្ធផល​ផ្លូវការ ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា នៅ​តាម​រាជធានី​-ខេត្ត​ទាំង​២៥។

ក្នុង​តារាង​ដែល​ចេញ​ផ្សាយ​ដោយ គ.ជ.ប គណបក្ស​ចំនួន​៣​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បានមេឃុំ-ចៅ​សង្កាត់ ​ក្នុង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​បាន​សំឡេងគាំទ្រ​ចំនួន ជាង​៣លាន ៥សែន​សំឡេង ស្មើនឹង ៥០.៧៦ភាគរយ និង​ឈានទៅ​គ្រប់គ្រង​ឃុំ-​សង្កាត់​ចំនួន​១,១៥៦ នៅ​ទូទាំង​ប្រទេស។ គណបក្សសង្គ្រោះជាតិរបស់​លោក កឹម សុខា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ជាង​៣លាន​សំឡេង ស្មើនឹង ៤៣.៨៣ភាគរយ និង​ឈាន​ទៅ​គ្រប់គ្រង​ឃុំ-សង្កាត់​ចំនួន ៤៨៩។ ចំណែក​គណបក្ស​រួបរួមជាតិ​របស់​លោក ញឹក ប៊ុនឆៃ​ ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ជិត​៨​ម៉ឺន​សំឡេង ស្មើនឹង ១.១៣​ភាគរយ និង​ឈាន​ទៅ​គ្រប់គ្រង​ឃុំ​ចំនួន​១ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

បន្ទាប់ពី គ.ជ.ប បានប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ជា​ផ្លូវ​ការ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ប្រកាស​ទទួល​យក​លទ្ធ​ផល​ផ្លូវការ​នេះ និង​បាន​បញ្ជាក់​ថា នេះ​គឺជា​លទ្ធ​ផល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ប្រាប់​ VOA នា​រសៀល​ថ្ងៃ​អាទិត្យ​នេះថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះដោយ​ពេញ​ចិត្ត។

«គណបក្ស​ប្រជាជន​គឺ​ទទួល​យក មិនមែន​មិន​អាច​ទេ គឺថា​ទទួល​យក​ដោយ​រីករាយ​ទៅតាម​លទ្ធ​ផល​ជ័យ​ជម្នះ​របស់ គ.ជ.ប ដែល​មាន​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយស្មារតីទទួល​ខុស​ខ្ពស់»។

ចំណែក​គណបក្ស​សង្គ្រោះជាតិលើកឡើងថា ការ​បោះឆ្នោត​គ្មាន​ភាព​យុត្តិធម៌ និង​ថា គ.ជ.ប ត្រូវ​កែ​លម្អចំណុច​មួយចំនួន។

លោក យឹម​ សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង មិនបាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA ដែល​សួរថា តើ​គណបក្ស​សង្គ្រោះជាតិ​ទទួល​យក​លទ្ធ​ផល​បោះឆ្នោត​នេះ ឬ​យ៉ាងណា​នោះទេ ដោយ​លោក​គ្រាន់​តែ​លើក​ឡើងថា ការ​បោះឆ្នោត​ឃុំ​-សង្កាត់​កាលពី​ដើម​ខែមិថុនា​នេះ គ្មាន​ភាព​យុត្តិធម៌។

«បរិយាកាស​នយោបាយ​តាំង​ពី​មុន​ការ​បោះឆ្នោត​ហ្នឹង​ គឺ​មាន​ស្ថានភាព​អាក្រក់។ មាន​ឯកឧត្តម​ប្រធាន សម រង្ស៊ី ​ហ្នឹង​មិន​បាន​ចូល​រួមបោះឆ្នោត មាន​អំពើ​ហិង្សា មាន​ការ​ចាប់​តំណាង​រាស្រ្ត​ព្រឹទ្ធសភា សកម្មជន សង្គម​ស៊ីវិល​ដាក់​ពន្ធនាគារ​ទល់​សព្វ​ថ្ងៃ​មិនទាន់​ដោះ​លែង ហើយ​ក៏​មាន​ការ​ប្រើប្រាស់​វោហារ​សាស្ត្រ​ក្នុង​ការគំរាមកំហែង។ នេះ​គឺជា​កិច្ចការ​មួយ កត្តា​មួយ ដែល​រួម​ចំណែក​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​មិន​សេរី​និង​យុត្តិធម៌​ទេ»។

លោក យឹម សុវណ្ណ បន្ថែម​ថា គ.ជ.ប ត្រូវកែ​លម្អចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ទាំងមុន និង​អំឡុង​ការ​បោះឆ្នោត ព្រមទាំង​អំឡុង​ការ​រាប់​សន្លឹក​ឆ្នោត​ជាដើម ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​ទទួល​បាន​ភាព​សេរី និង​យុត្តិធម៌​រវាង​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ។

លោក យឹម សុវណ្ណ លើកឡើង​ពីចំណុច​ដែល​ គ.ជ.ប ត្រូវ​កែលម្អយ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្រៅ​ប្រទេស​១លាន​៧​សែន​នាក់ មិន​បាន​ចុះឈ្មោះ​បោះឆ្នោត។ ៧សែន​នាក់​ក្នុង​ប្រទេស​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែខ្វះ​ឯកសារ និង​មាន​ឧបសគ្គ​ជាច្រើន ដែល​ធ្វើ​ឲ្យ​គាត់​មិនបាន​មកបោះឆ្នោត​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​។ ការឃោសនា​ឃើញ​មាន​ការរើសអើង គណបក្ស​កាន់​អំណាច​ហែ​ផ្លូវ​ណា​ក៏​បាន ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បានហាមឃាត់​ផ្លូវ​មួយ​ចំនួន​និងការ​ជួបជុំ​តាម​ទីធ្លា​សាធារណៈ​មួយ​ចំនួន។ ចំណែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក៏​មិន​ស្មើភាព មិន​អព្យាក្រឹត្យ ហើយ​ក៏គ្មាន​ការ​ដាក់ទោស​ទណ្ឌ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ដែរ»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​ គ.ជ.ប បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ សរុប​មា​នចំនួនប្រមាណ​ជា​៩.៦​លាន​នាក់។ ក្នុង​នោះពលរដ្ឋ​ដែល​បានទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មានជាង​៧.៨​លាននាក់ ហើយ​ពលរដ្ឋ​ដែល​បានចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​មិនបាន​ទៅ​បោះ​មាន​ចំនួន​ជាង​៨​សែននាក់។​

បើតាម​ លោក រ៉ុង ឈុន សមាជិក​មួយ​រូប​ក្នុង​ចំណោម​៩​រូប​របស់​ គ.ជ.ប បាន​បង្ហោះ​តួលេខនៃចំនួន​សន្លឹក​ឆ្នោត​បាន​ការ និង​មិនបាន​ការលើគណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃសៅរ៍នេះថា សន្លឹក​ឆ្នោត​ដែល​បាន​ការ មាន​ចំនួន ជិត​៧​លានសន្លឹក ចំណែក​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ជាង ១៣ម៉ឺន​សន្លឹក។​

កាលពី​ថ្ងៃ​សៅរ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការបោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​បន្ទប់​ស្ថាន​ការណ៍​ស្តីពី​ការ​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ឆ្នាំ​២០១៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តីពី​ការ​វាយ​តម្លៃទាំង​មូល​និង​ចុងក្រោយ​លើ​ការ​បោះឆ្នោត​នេះ​ថា «​ខ្វះ​យុត្តិធម៌ និង​រឹតត្បិត​សេរីភាព ប៉ុន្តែ​ការ​ចាត់ចែង​នៃ​ការ​បោះឆ្នោត​មាន​ភាព​ប្រសើរ​ជាង​មុន»។

បើតាមលទ្ធផល​ជាផ្លូវការ​នេះបង្ហាញថា ​គណបក្ស​ប្រជាជន​កម្ពុជា​ថយ ចំនួន​៤៣៦ ​ឃុំ-សង្កាត់​ បើធៀប​នឹងការ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ទទួលបាន​១,៥៩២​ ឃុំ-សង្កាត់។​ ចំណែក​គណបក្ស​សង្គ្រោះ​កើនចំនួន​៤៤៩ឃុំ-សង្កាត់ បើ​ធៀប​នឹង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រឆាំង​នេះ ទទួល​បាន​ត្រឹមតែ​ចំនួន​៤០​ឃុំ-សង្កាត់​ ប៉ុណ្ណោះ ដោយ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិមនុស្ស៕

XS
SM
MD
LG