ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ជំរុញ​កម្ពុជា​ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ​ឡើង​វិញ​​​ មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​​​​​​


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អមដោយគណៈប្រតិភូនៃភាគីនីមួយៗ ជួបពិភាក្សាគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អមដោយគណៈប្រតិភូនៃភាគីនីមួយៗ ជួបពិភាក្សាគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

ក្នុង​ដំណើរ​ទស្សកិច្ច​មក​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​កិច្ចប្រជុំពាក់​ព័ន្ធ​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោកAntony Blinken ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បើក​លម្ហ​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ឡើង​វិញ​ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០២៣។

លោក​ Blinken បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣​ខែ​សីហា និង​បាន​ជួប​ពិភាក្សាទ្វេ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ ​វិបត្តិ​ដែល​កំពុង​តែ​អាក្រក់​ទៅ​នៅ​មីយ៉ាន់ម៉ា និង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា​ ឆ្នាំ​២០២២​ ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លោក​Blinken បាន​លើក​ឡើង​ចំៗ​អំពី​ករណីមេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ ដែល​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ។​

លោក​រដ្ឋមន្ត្រី Blinken​ ក៏​បាន​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោះលែង​សកម្មជន​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយសារ​បទ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ ដូច​ជា​ករណី​សកម្មជន​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​កញ្ញា​សេង ធារី។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​លោក ​Ned Price បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍ថា៖​ «លោក​រដ្ឋមន្ត្រី​បាន​រំឭកឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ភាព​រីក​ចម្រើន ប្រជាធិបតេយ្យ​ និង​ឯករាជ្យ ហើយ​ដែល​សំឡេង​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​ស្តាប់​និង​ឱ្យ​តម្លៃ ​ហើយ​ភាព​ម្ចាស់​ការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ការពារ»។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ លោក​ Blinken ក៏​បាន​ជំរុញ​ឱ្យ​លោក​ ហ៊ុន សែន បង្ហាញ​តម្លាភាពបាន​ពេញលេញ​អំពី​សកម្មភាព​យោធា​របស់​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។

លោក​ Ned Price អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា លោក​ Blinken បាន​លើក​ឡើង​បន្ថែម​ថា៖ «វត្តមាន​ផ្តាច់​មុខ អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា សន្តិសុខ​ក្នុង​តំបន់ និង​សាមគ្គីភាព​របស់​អាស៊ាន»។

នៅ​ត្រង់​បញ្ហា​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ ក៏​ដូច​ជា​បញ្ហា​នៅ​មូលដ្ឋាន​នៅ​កង​ទ័ព​ជើង​ទឹក​រាម​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន មិន​បាន​ផ្តល់​ការ​បកស្រាយ​ជា​សាធារណៈណា​មួយ​ ក្រោយ​ជំនួប​លោក​ជាមួយលោក​ Blinken ប៉ុន្តែ​លោក​ ហ៊ុន​ សែន​ បាន​ឱ្យ​ដឹង​ពី​កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក ​ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​ ចំណាត់​ការ​ច្បាប់​ទៅ​លើ​សកម្មជន​ និង​លោក ​កឹម សុខា​ ធ្វើ​ទៅ​ឡើង​ទៅ​តាម​ច្បាប់​ជាតិ​របស់​កម្ពុជា​ ហើយ​ថា​ភាគី​ដែល​ចង់​ជួយ​ពួកគេ​ ត្រូវ​ចូល​រួម​តាម​នីតិ​វិធី​របស់​តុលាការ។

លោក​បន្ថែមថា៖ «រីឯ​ការ​ដាក់​សម្ពាធ ការ​ដាក់​ទណ្ឌកម្ម​ឬ​ក៏​ការ​ថ្លែង​សារ​ចោទប្រកាន់​វា​ជា​មធ្យោបាយ​តាម​ផ្លូវ​នយោបាយ ហើយ​មធ្យោបាយ​តាម​ផ្លូវ​នយោបាយ​នេះ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ផ្នែក​ច្បាប់ នីតិវិធី​ច្បាប់​ នីតីវិធី​តុលាការ​របស់​កម្ពុជា​ ដែល​ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ»។
សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​លើក​ឡើង​របស់​ភាគី​សហរដ្ឋ​អាមេរិក​ គឺ​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ផ្តល់​តម្លៃ​លើ​ការគោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ និង​សំឡេង​ចម្រុះ​ក្នុង​ការ​បោះឆ្នោត។

ទោះ​ជា​យ៉ាងណា​ លោក​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ធ្វើ​តាម​ទាំង​ស្រុង​ទៅ​តាម​ការ​ចង់​បាន​របស់​អាមេរិក​ឡើយ​ ប៉ុន្តែ​អាច​នឹង​មាន​ការ​បន្ធូរបន្ថយ​ខ្លះ​ ទាក់​ទិន​ការ​ចូលរួម​សកម្មភាព​នយោបាយ​ និង​ការ​បញ្ចេញ​មតិ។

លោក​ថ្លែង​ថា​៖«មិន​ទាន់​បន្ធូរ​បន្ថយ​ទេ លុះ​ត្រា​តែ​គណបក្ស​កាន់​អំណាច​ជឿ​ជាក់​ថា​ការ​ផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ​មាន​ស្ថិរភាព នោះ​ទើប​អាច​មាន​ការ​បន្ធូរបន្ថយ​ខ្លះ»។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ស្នើ​សុំ​របស់​អាមេរិក​មាន​លក្ខណៈ​ចាំ​បាច់​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​របស់​កម្ពុជា​ និង​ដើម្បី​ធានា​ថា​ ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅឆ្នាំ​២០២៣​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌។

ទោះ​ជា​យ៉ាងណា លោក​បន្ត​ថា​លោក​សង្ឃឹម​តិច​ណាស់​ដែល​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​តាម​ការ​ទទូច​របស់​សហរដ្ឋ​អាមេរិក។

លោក​និយាយ​ថា​៖«ទទួល​យក​នូវ​សំណើ​ទាំង​អស់​នោះ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ដោះ​ស្រាយ​អំពី​ស្ថានការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ស្ថានការណ៍​ប្រជាធិបតេយ្យ ពិសេស​ដំណើរ​ការ​រៀប​ចំ​បរិយាកាសបោះ​ឆ្នោត​មួយ​ប្រកប​ដោយ​សេរី»។

អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ លោក​Blinken បាន​ជួប​ពិភាក្សា​ទេ្វភាគី​ជា​មួយ​គណៈ​ប្រតិភូ​បរទេស​ដទៃ​ទៀត​ដែល​មក​ចូលរួម​កិច្ច​ប្រជុំ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ផងដែរ។​

ក្រៅ​ពី​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លម្ហ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ លោក​ Blinken បានប្រកាស​ផ្តល់​មូលនិធិ​ ២៥​លាន​ដុល្លារ​អាមេរិក​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​រយៈពេល​៥​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង​អាហារ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID។

​គម្រោង​ដែល​មាន​ឈ្មោះ​ថា Harvest III ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សន្តិសុខ​ស្បៀង​អាហារ​រយៈពេល ​១២​ឆ្នាំ​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ USAID ដោយ​ធ្វើការ​សហការ​ជាមួយ​កសិករ​ខ្មែរ និង​ភាគី​ជា​ដៃគូ​ក្នុង​វិស័យ​ស្បៀង​អាហារ ដើម្បី​ពង្រីក​ទីផ្សារ​កសិកម្ម​កម្ពុជា។ លោក​ Blinken បាន​លើក​ឡើង​ថា គម្រោង​នេះ​នឹង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​លើ​កសិផល​កម្ពុជា ​ដូចជា​ត្រី និង​គ្រាប់​ធញ្ញជាតិ។

លោក Antony Blinken បាន​ថ្លែងនៅ​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​កសិកម្ម​មួយ​នៅ​រាជធានី​ភ្នំពេញ​ថា៖ «តម្រូវ​ការ​ទាំង​នេះ​ចាំ​បាច់។ ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​នៅតែ​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់។ ហើយ​កុមារ​កម្ពុជា​ជាច្រើន​នាក់​កំពុង​ខ្វះ​អាហារ​រូបត្ថម្ភ​ផង​ដែរ»។

ដោយឡែក​ ​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដែល​មាន​រហូត​ដល់​ទៅជាង​៤០%​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ​២០២១ ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជាទៅ​កាន់​សហរដ្ឋ​អាមេរិក មាន​ចំនួន​ ៨.៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើន​ឡើង​ដល់​៣៣%​ បើ​ធៀប​នឹង​ឆ្នាំ​២០២០៕

XS
SM
MD
LG