ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ខុមហ្វ្រែល៖ អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ​នៅតែ​ជា​បញ្ហា​នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត


រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​របស់​គណបក្ស​កម្ពុជា​និយម​ ដែល​ដឹកនាំ​ដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​បក្ស​កម្ពុជា​និយម នៅសង្កាត់​បឹងទំពន់​ទី២ រាជធានី​ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​របស់​គណបក្ស​កម្ពុជា​និយម​ ដែល​ដឹកនាំ​ដោយ លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​បក្ស​កម្ពុជា​និយម នៅសង្កាត់​បឹងទំពន់​ទី២ រាជធានី​ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​អង្គការ​ខុមហ្វ្រែល ​(Comfrel)​ ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត បាន​អះអាង​ថា​ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ បាន​ចូល​រួម​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​នយោបាយ កាល​ពី​អំឡុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​បង្ខំ​ឱ្យ​ទៅ​ចូលរួម​ទៀត​ផង។

ក្នុង​កិច្ច​ពិភាក្សា​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ​អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ​នៅ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ខែ​មិថុនា ដូចជាមន្ត្រី​រាជការ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ពី​ការងារ​ ដើម្បី​ចូល​រួម​ឃោសនា​ឱ្យគណបក្ស​នយោបាយ ហើយ​ថា​ មន្ត្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រធាន​ផ្នែក​បង្ខំ​ឱ្យ​ចូល​រួម​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​របាយ​ការណ៍​នេះ​ គឺ​បញ្ហា​មួយ​ចំនួន​ ការ​ចូលរួម​ឃោសនា​បោះ​ឆ្នោត​របស់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​តុលាការ​ ដោយ​មាន​ការ​អនុញ្ញាត​ច្បាប់​សម្រាក ដើម្បី​ទៅ​ចូល​រួម​ការ​ឃោសនា​បោះ​ឆ្នោត។ មានមន្ត្រី​ខ្លះ​ ក៏​កត់​សម្គាល់​ឃើញ​ថា​ ស្ថិត​នៅ​ក្នុង​សម្ពាធ​ថ្នាក់​លើ​ដែល​លម្អៀង​គណបក្ស​នយោបាយ ទោះ​ចង់ ​ឬ​មិន​ចង់ ទី​បំផុត​ត្រូវ​តែ​ធ្វើ​តាម​ថ្នាក់​លើ​របស់​ពួក​គាត់»។

ការ​ថ្លែង​របស់​លោក កន សាវាង្ស​ ធ្វើ​ឡើងនៅ​ក្នុង​កម្ម​វិធី​ពិភាក្សា​ថ្នាក់​ជាតិ​ ស្តី​ពី​ការ​ឆ្លុះ​បញ្ចាំង​បញ្ហា​ប្រឈម និង​អនុសាសន៍​ទាក់​ទង​ដំណើរការ​បោះ​ឆ្នោត។

​លោក ហង្ស​ ពុទ្ធា អ្នក​នាំពាក្យ​របស់​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​ គ .ជ.ប ​ ប្រាប់​វីអូអេ​ថា​ បើ​តាម​ច្បាប់​បោះឆ្នោត ការ​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​មន្ត្រី​រាជ​ការ អាច​ធ្វើ​ទៅ​បាន​ បើ​ពួក​គេ​ធ្វើ​នៅ​ក្រៅ​ម៉ោង​ការងារ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​បើ​សិន​ជា​មិន​ចង់​ឱ្យ​មន្ត្រី​រាជការ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ទេ ទាល់​តែ​ច្បាប់​ចែង​ថា​ ហាម​ទាំង​ស្រុង​តែ​ម្តង​នេះ​រឿង​ ទី ១។ រឿង​ ទី​ ២ ពាក់ព័ន្ធ​នឹង​ដំណោះ​ស្រាយ​ ប្រសិន​បើ​ឃើញ​មាន​មន្ត្រី​រាជ​ការ​ ដែល​លោក​ចេញ​ទៅ​ធ្វើ​សកម្មភាព​គឺ​សាធារណជន​ ឬក៏​អ្នក​ពាក់ព័ន្ធ​អាច​ធ្វើ​ការ​ប្តឹង​បាន។ បើ​សិន​ជាបណ្តឹង​ហ្នឹង​ហើយ​ឆែក​រក​ទៅ​ឃើញ​ថា ​បាន​អនុវត្ត​ខុស​ច្បាប់ គាត់​នឹង​ទទួល​ពិន័យ»។

លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន អះអាង​ថា ​ស្ថាប័ន​ គ.ជ.ប ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​អព្យាក្រឹត​ភាព​របស់​មន្ត្រី​រាជការ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​អាច​ទទួល​យក​បាន។

លោក​បញ្ជាក់​ថា៖ «ព្រោះ​តួនាទី​របស់​ គ. ជ.ប ត្រូវ​តែ​ធានា​ដល់​អព្យាក្រឹត​ភាព​របស់​ខ្លួន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ​នេះ។ ហើយ​ក៏​សូម​ឱ្យ​មាន​វិធាន​ការ​ទៅ​ដល់​ក្រសួង​មន្ទីរ​ទាំង​ឡាយ​ណា​ ដែល​ប្រមែ​ប្រមូល​មន្ត្រី​រាជការ​យក​ទៅ​ហែហម ដង្ហែ​គណបក្ស​ដែល​ជា​ការ​ខុស»។

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វីអូអេ​ថា​ នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​អង្គការ ដែល​លោក​ថា​ មាន​និន្នាការ​នយោបាយ។ លោក​បញ្ជាក់​ថា​ មន្ត្រី​រាជការ​មាន​សិទ្ធិ​ចូលរួម​ការ​ឃោសនា​នយោបាយ​ នៅ​ពេល​គេ​បញ្ចប់​ការ​ងារ។

លោក​ថ្លែង​ថា៖ «អា​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​អង្គការ​សង្គម​ស៊ីវិល​លម្អៀង​ខាង​នយោបាយ​មួយ​ចំនួន​តូច​ទេ។ អង្គការ​គេ​រាប់​ពាន់​អង្គការ គេ​មិន​ដែល​ឮ​និយាយ​អី​រឿង​ហ្នឹង​ផង។ ក្នុង​ច្បាប់​បោះ​ឆ្នោត​គេ​កំណត់​អំពី​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​មន្ត្រី​រាជការ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ»។

គួរ​បញ្ជាក់​ថា​ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពួកគេ​មាន​កាត​សមាជិក​របស់​គណបក្ស។

នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ ក្រសួង​មហាផ្ទៃ​បាន​អំពាវ​នាវ​ទៅ​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់ ដោយ​ហាម​ប្រើប្រាស់​ធនធាន​រដ្ឋ រាប់​ទាំង​មធ្យោ​បាយ​ដឹក​ជញ្ជូន​ផង មក​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត ហើយ​ពួកគេ​ត្រូវ​រក្សា​អព្យាក្រឹត្យ​ភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG