ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​ប្រកាស​ដំណើរការ​ការិយាល័យ​បោះឆ្នោត​ចំនួន​​៣៣​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា


រូបឯកសារ៖ លោក​ឌឹម សុវណ្ណារុំ​ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ដែល​នៅ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៧ ត្រូវ​សភា​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ទទួល​ស្គាល់​ជា​សមាជិក​ថ្មី​មួយ​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ទាប់​ពី​សមាជិក​ចាស់​ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លាលែង ថត​នៅ​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ២០១២។ (Reuters)

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​​ផ្សាយ​ឲ្យ​ដឹង​អំពី​ទីតាំង​ការិយាល័យ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​អាទិត្យ​នេះ។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ហៅកាត់​ថា​គ.ជ.ប.​ បាន​ប្រកាសអំពី​ប្រតិបតិ្ត​ការ​ការិយាល័យ​បោះឆ្នោត​ចំនួន​៣៣​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ព្រឹទ្ធ​សភា​ ដែល​នឹង​មាន​អ្នក​បោះឆ្នោត​និង​អង្គ​បោះឆ្នោត​ចំនួន​១១,៦៥៩​នាក់។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ ដែល​បញ្ជាក់​អំពី​ការ​ត្រៀម​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ ​កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​ស្ថាប័ន​ព្រឹទ្ធ​សភា​ ដែល​ជាស្ថាប័ន​ច្បាប់​កំពូល​ ផ្តល់​សេចក្តី​យល់​ព្រម​ទទួល​យក​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អះអាង​ថា​ ជា​ការ​រឹត​បន្តឹង​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សិទ្ធិនយោបាយ​និង​ការ​បញ្ចេញ​មតិ។​

ការ​ប្រកាស​របស់​គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា មាន​រាជធានី​និង​ខេត្ត​ធំៗ​ចំនួន​៧​ដែល​រួមមានរាជធានី​ភ្នំពេញ​ កំពង់​ចាម​ កណ្តាល​ បាត់​ដំបង​ សៀម​រាប​តាកែវ​ ព្រៃវែង​ និង​កំពង់​ស្ពឺ​នឹង​មាន​ការិយា​ល័យ​បោះឆ្នោត​ចំនួន​ពីរ។ រី​ឯ​ខេត្ត​តូចៗ​ចំនួន​ ១៧​ផ្សេង​ទៀត​នឹង​មាន​ការិយាល័យ​បោះឆ្នោត​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ខេត្ត​នីមួយៗ។​

សេចក្តី​ប្រកាស​របស់​គ.ជ.ប.​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​បោះ​ឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នឹង​ត្រូវ​ធ្វើ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ការ​បោះឆ្នោតនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១៥​រសៀល​ លើកលែង​តែ​មាន​សេចក្តី​សម្រេច​ផ្សេង​ពី​នេះ​របស់​គ.ជ.ប.។​

សេចក្តី​ប្រកាស​របស់​គ.ជ.ប.​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​អ្នក​បោះឆ្នោត​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ បាន​បោះ​គ្រប់​គ្នា​អស់​ហើយ​ គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​អាច​ប្រកាស​បញ្ចប់​ការ​បោះឆ្នោត​មុន​ម៉ោង​១៥​រសៀល​ ហើយ​ប្រធាន​គណៈ​កម្មការ​ការិយាល័យ​បោះ​ឆ្នោត​ ត្រូវ​ប្រកាស​បិទ​ការ​បោះឆ្នោត​តែ​ម្តង។ ជនគ្រប់​រូប​ដែល​មាន​បំណង​បោះ​ឆ្នោត​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ខាង​ក្នុង​ក្រោយ​ម៉ោង​១៥​រសៀល​ឡើយ។​ ជន​ដែល​មាន​សិទ្ធិបោះ​ឆ្នោត​ក្រោយ​ម៉ោង​១៥​រសៀល​ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោតគឺ​ជា​ជន​ដែល​ស្ថិត​ក្នុង​ការិយាល័យ​បោះឆ្នោត ​ឬ​ក្នុង​បរិវេណ​ខាង​ក្នុង​ការិយាល័យ​នោះ»។​

លោក ឌឹម សុវណ្ណារ៉ុម​ អ្នក​នាំពាក្យ​គ.ជ.ប.​បាន​ប្រាប់​ VOA ​ថា ​ការ​បោះឆ្នោត​ដែល​កំពុង​ខិត​ជិត​មក​ដល់​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​បញ្ហាអ្វីដែល​ត្រូវ​បារម្ភ​នោះ​ឡើយ។​

«អត់​មានអី​ទេ​ គឺ​អ្វីៗ​បាន​ត្រៀម​រូចរាល់​ រួចជា​ស្រេច​ហើយ»។​

យ៉ាងណា​ក៏ដោយ​ ដំណើរ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ដែល​នឹង​មក​ដល់​តែ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សហ​ភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​ឡើយ​ ដោយ​សហគមន៍​ប្រជា​ធិបតេយ្យ​ធំៗ​ទាំង​ពីរ​នេះ​ដក​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជារំលាយ​គណបក្ស​ប្រឆាំង។​ ប៉ុន្តែប្រទេស​ជប៉ុន​នៅ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នេះ​នៅ​កម្ពុជា។​

កាលពី​ថ្ងៃ​ពុធ ​ប្រទេស​ជប៉ុន​បាន​បរិច្ចាគ​ប្រអប់​ឆ្នោត​ជាង​មួយ​ម៉ឺន​សម្រាប់ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា។ ប្រអប់​ឆ្នោត​ជប៉ុន​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ ៧,៥​លាន​ដុល្លារ។​ អំណោយ​ជា​ប្រអប់​ឆ្នោតរបស់​ជប៉ុន​ឲ្យ​គ.ជ.ប.​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​តុលាការ​កំពូល បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​ជា​អ្នក​គាំទ្រ​ដំណើរការ​ប្រជា​ធិបតេយ្យ រួម​ទាំង​ប្រទេស​ជប៉ុន​ផង​បញ្ឈប់​ការ​ផ្តល់​មូលនិធិដល់​គ.ជ.ប.។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec​ មាន​ប្រសាសន៍​ថា​ អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​ចំនួន​ពីរ​គឺ​ Nicfec និង​ Comfrel ​មិន​មាន​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​អសកល​នោះ​ឡើយ។ ​លោក​បន្តថា​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​ប្រឈម​នឹង​បញ្ហា​អវិជ្ជមាន​ ទាក់​ទិន​ភាព​ជា​តំណាង​នៃ​អង្គ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​បន្ត​ប្រកាន់​ជំហរ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នានា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៨​នេះ។​

«យើង​សង្កេត​ឃើញ​ យើង​មាន​ការ​ខ្វះខាតអីចឹង​មែន​ ព្រោះ​អី​ គណបក្ស​ដែល​ចូល​រួម​ហ្នឹង ​ឃើញ​បួន​គណបក្ស​ហ្នឹង​ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​លោក​មាន​អាសនៈ​ តាម​រយៈការ​បោះ​ឆ្នោត​ហ្នឹង​ ហើយ​ក្រៅ​ពី​ហ្នឹង​បី​ទៀត​គាត់​ទទួល​បាន​អាសនៈ​ពី​រដ្ឋ​សភា​ហ្នឹង​ តាម​រយៈ​ការ​រំលាយ....ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​គាត់​ គ.ជ.ប.​ហ្នឹង​ក៏បែង​ចែក​អាសនៈ​ទៅ​ឲ្យ​ពួក​គាត់​ទៅ​ ហើយ​ក៏​ពួក​គាត់​ចូលរួម​ ប៉ុន្តែ​លទ្ធភាព​ដែល​ទទួល​បានអាសនៈ​នៅ​ព្រឹទ្ធ​សភា​ហ្នឹង​ក៏មាន​កម្រិត​ទាប​បំផុត​បាទ»។

គ.ជ.ប. ​ដែល​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ក៏​បាន​ប្រឈម​នឹង​ការ​រិះគន់​ថា​ បាន​បាត់​បង់​ធាតុ​ដើម​របស់​ខ្លួន​ ពោល​គឺ​ស្ថាប័ន​បោះឆ្នោត​ជាតិ​មួយ​នេះ​ បាន​បាត់​បង់​ភាគី​គណបក្ស​ប្រឆាំង ដែល​បាន​បង្កើត​គ.ជ.ប.​ថ្មី​ តាម​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

លោក​ ឌឹម សុវណ្ណារុំ​ បាន​ការ​ពារ​កិច្ច​ការ​របស់​គ.ជ.ប.ថា​ ​កំពុង​ធ្វើអ្វីៗទៅ​តាមច្បាប់​កំណត់ឲ្យ​ដើរ​តែ​ប៉ុណ្ណោះ។​

«គេថា​ ហ្នឹង!​ ប្អូន​ឯង​គេថា​ ហ្នឹង!​ ​ អ្នកណា​ទៅ​អ្នកណា​មក​មិន​សំខាន់​ទេ​ សំខាន់​ គ.ជ.ប.មានច្បាប់​របស់​ខ្លួន​ហើយ។ ​ដើម្បី​ជាតិ​យើង​រុង​រឿង​ ដើម្បី​អនាគត​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ ​យើង​ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់»។​

ទាក់ទង​នឹងការ​បោះឆ្នោត​ព្រឹទ្ធ​សភានេះ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ បាន​ត្រាស់​បង្គាប់​តែងតាំង​សមាជិកព្រឹទ្ធ​សភា​ពីរ​រូប​សម្រាប់​នីតិកាល​ទី​៤​ ដែល​រួមមាន​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណរស្មី​ និង​លោក​ស្រី​ អ៊ុំ​ សូម៉ានីន។​

សមាជិក​ព្រឹទ្ធ​សភា​មាន​ចំនួន​៦១​រូប ​ដោយ​បួន​រូប​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ទេ​គឺត្រូវ​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ចំនួន​ពីរ​រូប​និង​ដោយ​សភាជាតិ​ចំនួន​២​រូប៕

XS
SM
MD
LG