ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាងច្បាប់​ CARI ​បង្ហាញ​ពី​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​កម្ពុជា


រូប​​ទំព័រ​ដើម​សេចក្តី​ព្រាង​ច្បាប់​​​«ស្តី​ពី​​ការ​ទទួល​ខុស​ត្រូវ​​របស់​​កម្ពុជា​​​និង​​​ធ្វើ​ឱ្យ​​ការ​វិនិយោគ​​ត្រឡប់​​ដូច​ដើម​វិញ‍‍»​​ ​ហៅ​កាត់​ថា​ CARI Act (រូបផ្តល់​ឲ្យ)
រូប​​ទំព័រ​ដើម​សេចក្តី​ព្រាង​ច្បាប់​​​«ស្តី​ពី​​ការ​ទទួល​ខុស​ត្រូវ​​របស់​​កម្ពុជា​​​និង​​​ធ្វើ​ឱ្យ​​ការ​វិនិយោគ​​ត្រឡប់​​ដូច​ដើម​វិញ‍‍»​​ ​ហៅ​កាត់​ថា​ CARI Act (រូបផ្តល់​ឲ្យ)

ក្រោយពី​ចូល​ជាធរមាន ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​តម្រូវ​​ឱ្យ​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​ធ្វើ​របាយការណ៍​ជា​រៀងរាល់​បី​ខែ​ម្តង​មក​ឱ្យ​សភាជាតិ​រហូត​ដល់​​​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២០។

សេចក្តី​ព្រាង​ច្បាប់​«ស្តី​ពីការ​ទទួល​ខុស​ត្រូវរបស់កម្ពុជា​និង​ធ្វើ​ឱ្យការ​វិនិយោគត្រឡប់ដូច​ដើម​វិញ‍‍» ​ហៅ​កាត់​ថា​ CARI Act បាន​ស្នើ​ឱ្យដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដែល​មិន​ធ្លាប់​មានក្នុង​រយៈ​ពេលជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្នុង​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។ ​

សេចក្តី​ព្រាង​ច្បាប់ CARI Act ដែល​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ចំនួន៥នាក់មក​ពី​គណបក្ស​ធំៗ​ទាំងពីរ​នឹងដាក់​ទណ្ឌកម្ម​ជាច្រើន​លើ​ប្រទេស​កម្ពុជា ក្នុង​នោះ​មានដាក់​លក្ខខណ្ឌ​ជំនួយ​ ហាម​មិន​ឱ្យជន​ដែល​ធ្វើឱ្យខូចលទ្ធិ​ប្រជាធិបតេយ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ បង្កក​ទ្រព្យសម្បត្តិ​ជន​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ ​ប្រឆាំង​រាល់​ប្រាក់​កម្ចី​និង​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិទៅកម្ពុជា​ក៏ដូច​ជា​ហាមឃាត់​ការ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​ជាង​៥០០​លាន​ដុល្លារ​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំងប្រាំ​រូប​ដែល​ស្នើ​សេចក្តី​ព្រាង​ច្បាប់​CARI Act ​នេះកាល​ពី​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ មាន​លោក ​Lindsey Graham លោក Ted Cruz លោក Dick Durbin លោក Patrick Leahy និង​លោក​ Ben Cardin។

ចុច​អានសេចក្តី​ព្រាង​ច្បាប់​ CARI Act ជា​ភាសា​អង់គ្លេស៖

រូប​​ទំព័រ​ដើម​សេចក្តី​ព្រាង​ច្បាប់​​​«ស្តី​ពី​​ការ​ទទួល​ខុស​ត្រូវ​​របស់​​កម្ពុជា​​​និង​​​ធ្វើ​ឱ្យ​​ការ​វិនិយោគ​​ត្រឡប់​​ដូច​ដើម​វិញ‍‍»​​ ​ហៅ​កាត់​ថា​ CARI Act (រូបផ្តល់​ឲ្យ)
សេចក្តី​ព្រាង​ច្បាប់ CARI Act

លោក ធីម រ៉ាយស័រ ​(Tim Rieser) ជំនួយការ​ផ្នែក​គោលនយោបាយ​ការបរទេស​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ ​Patrick Leahy ​បាន​បញ្ជាក់​ថា ​សេចក្តី​ព្រាងច្បាប់​ CARI Act ​នេះ​ស៊ី​សង្វាក់​គ្នាជាមួយ​នឹង​ការ​គាំទ្ររយៈ​ពេល​វែង​របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​កម្ពុជា​ចាប់​តាំងពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លោក រ៉ាយស័រ​ បាន​បន្ថែម​ថា​ ការ​ដាក់​ទណ្ឌកម្ម​នេះ​គឺ​ដើម្បី​«បញ្ជាក់​ឱ្យ​ច្បាស់​ថា​គោល​នយោបាយដែល​គាបសង្កត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​មិន​តំណាង​ឱ្យផលប្រយោជន៍ពលរដ្ឋ​កម្ពុជា​ទេ‍»។​

លោក​បាន​បញ្ជាក់​តាម​សារ​អេឡិកត្រូនិក​ប្រាប់​ VOA ​ខេមរភាសា​ថា៖

«សព្វ​ថ្ងៃ​នេះ​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​បក្ស​តែ​មួយ​ឡើង​វិញ​ ដូច​ពេល​មុន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ នេះ​មិន​មែន​ជា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​បាន​បោះឆ្នោត​ចង់​បាន​នៅ​រាល់​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣​មក‍​ទេ»។​ ​

សេចក្តី​ព្រាង​ច្បាប់ ​CARI Act ហាមឃាត់​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ដោយ​រួម​ទាំងផ្នែក​យោធា ​កងរាជអាវុធហត្ថ ​ប៉ូលិស ​និង​តុលាការ។​ ការ​ហាមឃាត់​នេះ​ពង្រីក​ដល់​មន្ត្រី​និង​បុគ្គលិក​នៃ​អង្គភាព​នានា​ដែល​រួមមាន​អង្គភាព​ក្រៅ​ប្រទេស​និង​អ្នក​ជួយ​សម្របសម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ ​ដែល​មន្ត្រី​ទាំងនោះ​គ្រប់គ្រង​ឬ​ជា​ម្ចាស់​កម្មសិទ្ធិ ​និងសមាជិក​ក្រុម​គ្រួសារ​នៃ​មន្ត្រី​ទាំង​នោះ។

​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ត្រូវ​បញ្ចូល​ក្នុង​របាយការណ៍​ពី​វិធានការ​ដែល​បាន​ដាក់​ទណ្ឌកម្ម​ក៏​ដូច​ជា​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​ត្រូវ​ហាមឃាត់​ទាំង​នោះ​ដាក់​ជូន​សភាជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​ស្នើ​ច្បាប់​ដែល ​VOA​ ទទួល​បាន។

ក្រៅ​ពី​ហាមឃាត់​ទិដ្ឋាការ​ CARI Act ក៏​តម្រូវ​ឱ្យ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ទាំងនោះ​ដែល​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឬ​គ្រប់គ្រង​ដោយ​ពលរដ្ឋ​អាមេរិកាំង​ហើយ​នឹង​ដាក់ទោស​ទណ្ឌ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ មាន​បំណង​រំលោភ​ ចូល​ដៃ​ចូល​ជើង​ដើម្បី​ប្រព្រឹត្ត​ល្មើសបទប្បញ្ញត្តិ​ស្តី​ពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​ខិលខូច​កម្ពុជា​ទាំង​នេះ​ដោយ​ពិន័យ​ជា​ប្រាក់​រហូតដល់​២៥០.០០០​ដុល្លារ​ឬ​១.០០០.០០០​ដុល្លារ​ និង​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​តាម​«ច្បាប់​ស្តី​ពី​អំណាច​សេដ្ឋកិច្ច​គ្រា​មាន​អាសន្ន​អន្តរជាតិ‍»។

នេះ​គឺ​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចាប់​តាំងពី​ឆ្នាំ​១៩៩៧ ដែល​នៅ​ពេល​នោះ​ សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្តាច់ជំនួយ​ដោយសារ​តែ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​គឺ​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ ​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច។ បម្រាម​នោះ​ត្រូវ​បាន​លើក​លែង​វិញ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៧។

សេចក្តី​ព្រាង​ច្បាប់​ CARI Act បាន​កំណត់​ថា លក្ខខណ្ឌ​ទណ្ឌកម្ម​ទាំងនេះ​អាច​លើកលែងបាន​ដរាប​ណារដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិកបញ្ជាក់​ថា ​កម្ពុជា​បាន​ពង្រឹង​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​ជាពិសេស​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និងជួយពង្រឹង​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង។

ចំណុច​មួយ​ទៀត​គឺរដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិ​និង​ការ​ទទួល​ខុសត្រូវ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ការ​ផ្តល់​សិទ្ធិ​ស៊ីវិល​និង​នយោបាយឡើងវិញ​ដល់​គណបក្សសង្គ្រោះ​ជាតិ​ បណ្តាញឃោសនា​និងអង្គការ​សង្គម​ស៊ីវិល។ ​គណបក្ស​កាន់​អំណាច​ត្រូវ​ប្រគល់​សង​វិញ​នូវតំណែងរបស់​មន្ត្រីគណបក្ស​ប្រឆាំង​ដែល​បាន​ជាប់ឆ្នោត​ក្នុង​ពេល​កន្លង​មកក៏​ដូច​ជា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ក្នុង​នោះ​មាន​អ្នកកាសែត​ សកម្មជន​សង្គម​ស៊ីវិល និង​សមាជិក​គណបក្សប្រឆាំង។

សេចក្តី​ព្រាងច្បាប់​ CARI Act ​បាន​បញ្ជាក់​បន្ថែមថា ​ការ​ហាមឃាត់​នេះ​«នឹង​នៅ​តែ​មាន​ប្រសិទ្ធភាពរហូត​ដល់​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​សម្រេច​និង​រាយការណ៍មក​គណៈកម្មាធិការហិរញ្ញវត្ថុ​សភាជាតិ​ថា​ការ​បោះឆ្នោត​សភាជាតិ​កម្ពុជាត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី​និង​ត្រឹមត្រូវ​ដែល​ក្នុង​នោះ​មាន​សមាជិក​និងគណបក្ស​សង្គ្រោះ​ជាតិចូលរួម​យ៉ាង​ពេញ​លេញ​និង​គ្មាន​ការ​រំខាន‍»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ខែកក្កដា​ឆ្នាំ​នេះ។

រូប​ឯកសារ៖ លោក​ ថេត គ្រូស​ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស់។
រូប​ឯកសារ៖ លោក​ ថេត គ្រូស​ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស់។

លោក​ ថេត គ្រូស​ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស់​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដោយ​សារ​តែ​មាន​ចិន​ជា​ខ្នង​បង្អែក។

លោក ថេត គ្រូស​ បាន​បញ្ជាក់​ក្នុង​សារ​អ៊ីមែល​ប្រាប់​ VOA ខេមរភាសា​ថា៖

«នៅ​ពី​ក្រោយ​ខ្នង​នៃ​ចរិត​ផ្តាច់ការ​និង​សម្តី​ក្អេងក្អាង​របស់​លោក ​ហ៊ុន សែន​ គឺ​មាន​លោក​ ស៊ី​ ជីនពីង (Xi Jinping) ​និង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​តែ​រីក​ធំ​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ឥទ្ធិពល​នេះ​កំពុង​តែ​ធ្វើ​ឱ្យ​លោក ​ហ៊ុន សែន ​រំលាយ​ចោល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា‍»។

លោក​ ថេត គ្រូស​ បាន​ប្តេជ្ញា​ថា ​លោក​នឹង​ដឹកនាំ​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​ចិន​នៅ​គ្រប់​រូបភាព​ទាំងអស់៖

«ការ​ស្តា​កំណែទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាស្រ័យ​លើ​ការ​ធ្វើ​ឱ្យ​លោក ​ហ៊ុន សែន ​ដឹង​ថា ​ការ​ចូល​ដៃជើង​ជាមួយ​នឹង​ចិន​គឺ​ខាតបង់​ធំ​ណាស់‍»។

លោក​ ឈាង វណ្ណារិទ្ធ ​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Iseas-Yusof Ishak នៅ​សិង្ហបុរីបាន​យល់​ថា ​ការ​ដាក់​ភ្ជាប់​បញ្ហា​កម្ពុជា​ទៅ​នឹង​សមុទ្រ​ចិន​ខាងត្បូង​និង​កូរ៉េ​ខាងជើង​ អាច​នឹង​ទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ (Donald Trump) ឱ្យ​យល់​ព្រម​ពង្រឹង​ទណ្ឌកម្ម៖

«លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ គាត់​មិន​សូវ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​ក៏ប៉ុន្តែ​គាត់​ចាប់​អារម្មណ៍​ពី​បញ្ហា​សន្តិសុខ។ អីចឹង​ទេ ​បើ​សិន​ជា​ដាក់​លក្ខខណ្ឌ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ជាពិសេស​ទាក់​ទង​សមុទ្រ​ចិន​ខាងត្បូង​និង​កូរ៉េ​ខាងជើង​ដូច្នេះ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​នឹង​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​ហ្នឹង​អីចឹង​ទេ​អាច​នឹង​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព‍»។​

ប៉ុន្តែ​លោក​ វណ្ណារិទ្ធ​ យល់​ថា ទណ្ឌកម្ម​នេះអាចនឹង​ពិបាកឱ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​អនុវត្ត​តាម​ដោយ​សារ​តែ​កម្ពុជា​មានទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន៖

«ចំពោះ​ការ​ឆ្លើយតប​ពី​កម្ពុជា​ខ្ញុំ​គិត​ថា ​ប្រហែល​ជា​មិន​ធ្វើ​តាម​ឬ​អនុវត្ត​តាម​នូវ​សេចក្តី​សម្រេច​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​គោល​នយោបាយ​ការ​បរទេស​នៅ​កម្ពុជា​ជាពិសេស​ទំនាក់ទំនង​កម្ពុជា​ចិន។ និយាយ​ឱ្យ​ចំ​គោលដៅ​សហរដ្ឋ​អាមេរិក​ធ្វើ​យ៉ាង​ណា​ឱ្យ​យើង​ងាក​ចេញពី​ចិន​ហើយ​ឱ្យ​មាន​តុល្យភាព​និង​មាន​ឯករាជ្យភាព​ពី​ចិន​តាម​ការ​យល់​ឃើញ​របស់​សហរដ្ឋ​អាមេរិក‍»។

សហគមន៍​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិគឺ​លោក​ កឹម សុខា​ ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញានិង​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​នេះ​កាលពី​ខែ​វិច្ឆិកា​ហើយ​បាន​ស្នើ​ឱ្យ​កែប្រែសភាពការណ៍​ឱ្យមក​ដូច​ដើម​វិញ។

សេចក្តី​ស្នើ​ច្បាប់ ​CARI Act នេះ​កំពុងតែ​ស្ថិតនៅ​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំងហើយ​នឹង​ត្រូវ​យក​មក​ពិភាក្សា​ក្នុង​ពេលខាងមុខ​ទៅតាម​នីតិវិធី​ធម្មតា​របស់​ព្រឹទ្ធសភា។

លោក ​ធីម រ៉ាយស័រ ​ជំនួយការ​ខាង​ផ្នែក​គោល​នយោបាយ​ការបរទេស​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ Patrick Leahy ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Vermont បាន​បញ្ជាក់​ថា៖

«មាន​ការ​ព្រួយ​បារម្ភ​ពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ចំពោះ​ការ​ខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ប្រទេស​ចិន​កាន់​តែ​កើន​ឡើង​និង​បើក​ចំហ»។

លោក​បាន​បន្ថែម​ថា​ ប្រទេស​ចិន​បាន​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ទាក់ទាញ​ទឹកចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ ហ៊ុន សែន។

«វា​ជា​សោកនាដកម្ម​មួយ​ដែល​លោក​ ហ៊ុន សែន ​ហាក់​ដូច​ជា​លក់​ប្រទេស​របស់​គាត់ជា​ថ្នូរ​នឹង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ទីក្រុង​ប៉េកាំង​ដែល​កំពុង​តែ​ព្យាយាម​កែប្រែ​ប្រទេស​កម្ពុជា​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន‍»។​

លោក​ ប៊ិន ម៉ាថឺ (Ben Marter) ​អ្នក​នាំពាក្យ​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ Dick Durbin នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ ​Illinois ​បាន​បញ្ជាក់​ថា ​ការណ៍​នេះ​ដោយសារ​តែ​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​បោះបង់​ចោល​តួនាទី​ដឹកនាំ​ផ្នែក​ការទូត​នៅ​ជុំវិញ​ពិភពលោក​ដែល​នាំ​ឱ្យ​ចិន​និង​រុស្ស៊ី​កំពុង​បង្កើន​ទំហំ​ឥទ្ធិពល​របស់​ខ្លួន។

សេចក្តី​ព្រាង​ច្បាប់ CARI Act ​នេះ​ក៏​អនុញ្ញាត​ឱ្យ​បង្កើត​កម្មវិធី​ព័ត៌មានជា​ភាសា​ខ្មែរ​ឱ្យ​បាន​ច្រើន​តាម​ភាព​ចាំបាច់​សម្រាប់​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​ដើម្បីបង្ហាញ​និង​អប់រំពលរដ្ឋ​កម្ពុជា​ពី​តួនាទីរបស់​ប្រទេស​ចិន​ក្នុង​ការ​គាំទ្រ​របប​ខ្មែរ​ក្រហម​និង​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ព្រមទាំង​ផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជា​ពី​ឆ្នាំ​១៩៩១ដល់​២០១៧​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​កម្ពុជា​ទទួល​បាន​ជំនួយ​ជាច្រើន​ពី​បស្ចិមប្រទេស​និង​កម្ចី​ពី​ស្ថាប័ន​អន្តរជាតិ​ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​និង​កសាង​ធនធាន​មនុស្ស។ ប៉ុន្តែ​ក្នុងរយៈ​ពេល​ជាង​១០ឆ្នាំ​នេះ​ ប្រទេស​ចិន​បាន​បង្កើន​ជំនួយ​និង​កម្ចី​របស់​ខ្លួន​មក​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ឥទ្ធិពល​បស្ចិម​ប្រទេស​ចុះ​ខ្សោយ។

សេចក្តី​ព្រាងច្បាប់​ CARI Act ​ក៏​នឹង​ជំទាស់​រាល់​ប្រាក់​កម្ចី​និង​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដល់​កម្ពុជា​ផង​ដែរ។

«រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ត្រូវណែនាំ​ទៅ​នាយក​ប្រតិបត្តិ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នីមួយៗ​របស់​សហរដ្ឋអាមេរិក​ឱ្យ​ប្រើ​សំឡេង​ជំទាស់​និង​សំឡេង​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឆាំងការ​ពង្រីកការ​ផ្តល់​ប្រាក់​កម្ចី​ឬ​ជំនួយ​ហិរញ្ញវត្ថុ​ឬ​បច្ចេកទេស​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្រៅតែ​ពី​តម្រូវការ​ចាំបាច់​ខាង​ផ្នែក​សិទ្ធិ​មនុស្ស‍»។

លោក ​ឈាង វណ្ណារិទ្ធ បាន​បញ្ជាក់​ថា​ ​បម្រាម​នេះ​អាច​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ដល់កម្ចី​របស់​កម្ពុជា​ពី​បណ្តា​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ៖

«យើង​មើល​កម្ចី​ក្នុង​ការ​អភិវឌ្ឍ​ឃើញ​ថា ​ចិន​នាំ​មុខ​គេ​បច្ចុប្បន្ន​នេះ​ ជាពិសេស​កម្ចី​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវ​ថ្នល់​ស្ពាន​ជាដើម​ហើយ​យើង​ឃើញ​ថា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​ធនាគារ​ពិភពលោក​នៅ​ជា​តួអង្គ​សំខាន់។ បើ​សហរដ្ឋ​អាមេរិក​ដាក់​វិធានការ​ហ្នឹង​វា​អាច​ប៉ះពាល់​ដល់​កម្ចី​ពី​ធនាគារ​ពិភពលោក​ក៏​ប៉ុន្តែ​ADB ​ប្រហែលជា​មិន​ប៉ះពាល់​ទេ​ពីព្រោះ​ ADB ​ក្រោម​ការដឹកនាំ​របស់​ជប៉ុន‍»។

ក្រោយពី​ចូល​ជាធរមាន​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​តម្រូវឱ្យរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកធ្វើ​របាយការណ៍​ជា​រៀងរាល់​បី​ខែ​ម្តង​មក​ឱ្យ​សភាជាតិ​រហូត​ដល់​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២០៕

កំណត់​សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​បញ្ចូល​ប្រសាសន៍​របស់​លោក ថេត គ្រូស​ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស់។

អត្ថបទ​ទាក់ទង

XS
SM
MD
LG