ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ទោះ​ជា​មាន​ក្តី​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​នៃ​សិទ្ធិ​ពលរដ្ឋ


រូប​ឯកសារ៖ សមាជិកព្រឹទ្ធសភា​បោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)
រូប​ឯកសារ៖ សមាជិកព្រឹទ្ធសភា​បោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​​ប្រជាជាតិ​ក៏​បាន​ថ្លែង​ដែរ​ថា​ ​រាល់​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​ក្រម​ព្រហ្មទណ្ឌ​​ ​​ដែល​កំពុង​កើត​ឡើង​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ព្រឹទ្ធសភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីវិសោធនកម្ម​មាត្រា​នានា​នៃរដ្ឋធម្មនុញ្ញ​ ​និង​ក្រម​ព្រហ្មទណ្ឌ​ ​ដែល​មាន​គោលដៅ​លើក​តម្កល់​ផល​ប្រយោជន៍​ជាតិជាធំ​ ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ និង​ការពារ​ព្រះ​ចេស្តា​របស់​អង្គ​ព្រះ​មហា​ក្សត្រ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​ និង​អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ។​

ការ​អនុម័ត​វិសោធន​កម្ម​ទាំងឡាយ​នេះ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ពី​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ពួក​គេ​បាន​បង្ហាញ​ក្តី​បារម្ភថា​ វិសោធន​កម្ម​ទាំងអស់​នេះ​នឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ​ ការ​បញ្ចេញ​មតិ ហើយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្តាច់ការ។​

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ថ្លែង​ដែរ​ថា​ ​រាល់​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​ក្រម​ព្រហ្មទណ្ឌ ដែល​កំពុង​កើត​ឡើង​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធ​សភា​ចុះ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹងថា​ ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៤៥​នាក់​ក្នុង​ចំណោម​៥២​នាក់​ដែល​មានវត្តមាន​ក្នុង​អង្គប្រជុំ​ បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​វិសោធន​កម្ម​មាត្រា​ចំនួន​៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​វិសោធន​កម្ម​ក្រម​ព្រហ្ម​ទណ្ឌដោយ​ឥត​កែ​ប្រែ។​

ព្រឹទ្ធ​សភា​បាន​ផ្តល់​សេចក្តី​អធិប្បាយ​លើ​វិសោធន​កម្ម​មាត្រា​ចំនួន​៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ថា​ ការ​កែប្រែ​នេះ​មាន​គោលដៅ​ពង្រឹង​បន្ថែម​ទៀត​នូវ​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ជាតិ​ពេញ​បរិបូរ​ជា​រដ្ឋ​ស្មើភាពនិង​ស្មើ​សិទ្ធិ​ជាមួយ​នឹង​រដ្ឋ​ដទៃ​ទៀត​ និង​ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ហើយ​ធានា​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។​

ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​ចំនួន​៥​នេះ​ក៏​មាន​គោលដៅ​កំណត់​សិទ្ធិ​បោះឆ្នោត​ សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ ​ហើយបទ​ប្បញ្ញត្តិ​ដក​សិទ្ធិ​បោះឆ្នោត​ និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ត្រូវ​កំណត់​ក្នុង​ច្បាប់។​ ​គណ​បក្ស​នយោបាយ​ សមាគម​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ​ និង​មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ និង​ការពារ​មាតុ​ភូមិ​ជា​ដើម។​

ទាក់​ទិន​ការ​បន្ថែម​មាត្រា​៤៣៧​ស្ទួន​សម្រាប់​ការ​ពារ​កិត្តិនាម​អង្គ​មហា​ក្សត្រ​នោះ​ ​ព្រឹទ្ធ​សភា​បាន​ពន្យល់ដោយ​សង្ខេប​ថា​ ​ការ​ប្រមាថ​ចំពោះ​ព្រះ​មហា​ក្សត្រ​ត្រូវ​កំណត់​ជា​ទោស​ព្រហ្មទណ្ឌ​ ​ធានា​នូវ​ការ​គោរព និង​ការ​ប្រតិបត្តិ​របស់​ប្រជាពល​រដ្ឋ​គ្រប់​រូប​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ​ ​និង​ច្បាប់​ជាធរមាន។​

យ៉ាងណា​ក៏​ដោយ​ ​នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​អនុម័ត​វិសោធន​កម្ម​ទាំង​នេះ​ដោយ​ព្រឹទ្ធ​សភា​ដែល​គ្រប​ដណ្តប់​ដោយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​នេះ​ ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ​សម្តែង​ក្តី​បារម្ភ​ជា​ខ្លាំង​ថា​ ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​នេះ​នឹង​ដាក់​កំហិត​កាន់​តែ​ខ្លាំង​ឡើង​លើ​លទិ្ធ​ប្រជាធិបតេយ្យ​ ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ​ និង​ទៅ​ថ្ងៃ​ខាង​មុខ។​

អ្នកស្រី​ ​Rhona Smith​ ​និង​លោក​ ​David Kaye​ ​ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​និង​ពេញ​លេញ​ចំពោះ​សេចក្ដី​ព្រាង​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់ ​ដើម្បី​ធានា​ថា ​ការ​ធ្វើ​វិសោធន​កម្ម​ទាំង​នេះ​ស្រប​ទៅ​តាម​ច្បាប់​ ​និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។​

អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ទាំង​ពីរ​បាន​បន្ថែម​ទៀត​ថា​ ​ការ​ធ្វើ​វិសោធន​កម្ម​ដែល​បាន​ស្នើ​ឡើង​ទាំង​នោះ​ប្រើ​ ​«ពាក្យ​បច្ចេកទេស​ទូលំទូលាយ​ពេក​ ​ហើយ​ត្រូវ​ការ​ភាសា​ជាក់លាក់​ជាង​នេះ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ»។​

ពួក​គេ​ក៏​បាន​ពណ៌នា​ថា​ ​បញ្ញត្តិ​ថ្មី​ដែល​ចែង​ពី​ការ​ការពារ​ព្រះ​មហា​ក្សត្រ​នោះ​មាន​លក្ខណៈ​មិន​ស៊ីគ្នា​ ​និង​កាតព្វកិច្ច​ទាំង​ឡាយ​របស់​កម្ពុជា​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​ខណៈ​ដែល​ច្បាប់​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​និយាយ​ស្តី។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ចំនួន​៦៤​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​បាន​បង្ហាញ​ការ​បារម្ភ​ជាខ្លាំង​ផង​ដែរ​ ចំពោះរាល់​ការ​ធ្វើ​វិសោធន​កម្ម​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា។​

ពួក​គេ​បាន​សរសេរ​ថា​ ​ការ​ស្នើ​ធ្វើ​វិសោធន​កម្ម​ទាំង​នេះ​បាន​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់សិទ្ធិ​មនុស្ស​ ​និង​សេរីភាព​មូលដ្ឋាន​ និង​ធ្វើ​ឡើង​ដើម្បី​ដាក់​ទោស​បន្ថែម​ទៀត​ទៅលើ​បុគ្គល​ ឬ​ក៏​ស្ថាប័ន​ណា​ដែល​ហ៊ាន​បញ្ចេញ​មតិ​ប្រឆាំង​ដោយ​ស្រប​ច្បាប់។ ​ពួក​គេ​បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​វិសោធន​កម្ម​នេះធ្វើឡើង​បន្ទាប់​ពី​មានការ​ពិគ្រោះ​យោបល់​ផ្ទៃ​ក្នុង​ដ៏​ប្រញាប់​ និង​សម្ងាត់​ដែល​មិន​បាន​ស្វែង​រក​មតិ​យោបល់​ពី​សង្គម​ស៊ីវិល​ ឬ​សាធារណ​ជន​កម្ពុជា​ជា​ទូទៅ។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៤​ ​ចុះ​ថ្ងៃ​ទី​២១​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សេចក្តី​ស្នើ​វិសោធន​កម្ម​ទាំង​នេះ​ធ្វើឡើង​ក្នុង​បរិបទ​វាយ​ប្រហារ​ជាទូទៅ​លើ​លទ្ធ​ភាព​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ និង​សេរីភាព​មូលដ្ឋាន»។​

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បាន​បន្ថែម​ថា​ ការ​បង្កា្រប​ជា​ប្រព័ន្ធ​លើ​សំឡេង​ឯករាជ្យ​ រួម​មាន​ការ​បិទ​កាសែត​ឯករាជ្យ​ ស្ថានីយ​វិទ្យុ​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​នយោបាយ​ ព្រម​ទាំង​ការ​ចាប់​ និង​ការ​យាយី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ចេតនា​នៅ​ពី​ក្រោយ​សេចក្តី​ស្នើ​ច្បាប់​ទាំង​នេះ។ ​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ អាច​ជា​អាវុធ​ស្របច្បាប់​បន្ថែម​ទៀត​សម្រាប់​រដ្ឋាភិបាល​ ដែល​ហាក់​ដូច​ជា​មាន​បំណង​លុប​បំបាត់​គ្រប់​ទម្រង់​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​ ពហុនិយម​ និង​ការ​ពិភាក្សា​នយោបាយ​ដែល​បើក​ចំហ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិលទាំង​នេះ​ក៏​បានអំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គោរព​កាតព្វ​កិច្ច​របស់​ខ្លួន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​«ដោយ​បដិសេធ​ចោល​នូវ​សេចក្តី​ស្នើ​វិសោធន​កម្ម​ទាំង​ស្រុង»។​

ទោះ​ជា​មាន​ប្រតិកម្ម​ផ្ទួនៗ​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​យ៉ាងណា​ក៏ដោយ​ ​លោក​ អ៊ុំ​ សារិទ្ធ​ ​អគ្គ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ បាន​ថ្លែង​ការពារ​សេចក្តី​សម្រេច​ចិត្តរបស់​ព្រឹទ្ធសភា​នេះ ដោយ​និយាយថា​ ព្រឹទ្ធ​សភាអនុវត្ត​តួនាទី​ក្នុង​នាម​ជា​ស្ថាប័ន​ច្បាប់​របស់​ជាតិ​ ហើយ​ថា​ រាល់​មតិ​រិះគន់​ផ្សេងៗ​ ​ដែល​ចេញ​ដោយ​អង្គការ​ទាំង​អស់នោះ​ គ្រាន់​តែ​ជា​ការ​សម្តែង​មតិ​ប៉ុណ្ណោះ។​

«ស្ថាប័ន​ជាតិ​ដែល​ត្រូវ​ដំណើរ​ការ​ទៅតាម​រដ្ឋ​ធម្មនុញ្ញ​ អីចឹង​រដ្ឋសភា​បាន​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​មក​ហើយ​ ​ហើយ​បញ្ជូន​មក​ព្រឹទ្ធ​សភា​ ​ព្រឹទ្ធ​សភា​មាន​កាតព្វកិច្ច​ពិនិត្យ​ និង​ផ្តល់​យោបល់​ ហើយ​ព្រឹក​មិញ​នេះ​បាន​ពិនិត្យ​ហើយ​ផ្តល់​យោបល់​លើ​ច្បាប់​ហ្នឹង​ចប់​សព្វគ្រប់​ហើយ​ ដូច្នេះ​រឿង​យោបល់​របស់​ខាង​ NGO ក្តី​ យោបល់​របស់​អង្គការ​នេះ​ អង្គការ​នោះ​ អា​ហ្នឹង​ជា​រឿង​ធម្មតា​ទេ។​ ​អាហ្នឹង​ជា​សិទ្ធិ​របស់​គេ។ ​គេ​មាន​យោបល់​ម៉េច...​ប៉ុន្តែ​ព្រឹទ្ធ​សភា​ និង​រដ្ឋសភា​បាន​សម្តែង​យោបល់​របស់​ខ្លួន​រួច​ហើយ​ ក្នុង​នាម​ជា​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ និង​តំណាង​ឲ្យ​ប្រជាជាតិ​ទាំងមូល​ គឺ​បាន​ផ្តល់​យោបល់​ហើយ»។​

លោក​បាន​អះអាង​បន្ថែម​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ និង​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ដែលមាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​សុំ​យោបល់​ពី​ភាគី​ណាមួយ​ឡើយ។​

«កម្ពុជា​ជា​រដ្ឋអធិបតេយ្យ​ មិន​មែន​រដ្ឋ​ចំណុះ​របស់​អ្នក​ណា​ដែល​មុន​ធ្វើ​អី​ត្រូវ​សុំ​យោបល់​គេ​ឯ​ណ៎ា? ​មិន​អីចឹង​ទេ! ​កម្ពុជា​ជា​រដ្ឋ​អធិប​តេយ្យ​មួយ​ ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ។​ ​អីចឹង​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ ចាត់​ចែង​ការ​ងារ​របស់​ប្រទេស​ខ្លួន​ ម៉េច​យើង​ទៅ​គិត​ថា​ អង្គការ​នេះ​ អង្គការ​នោះ​ខឹង​ ឬ​ប្រតិកម្ម​យ៉ាង​នេះ​ យ៉ាង​នោះ? ​អា​នោះ​ដូច​អត់​មានអី​ត្រូវ​គិត​អីចឹង​ទេ»។​

ក្នុង​ការ​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​វិសោធកម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្ម​ទណ្ឌ​នៅ​ថ្ងៃ​ពុធ​ដដែល​នេះ​ មាន​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ភ្លើង​ទៀន​៧​នាក់​ ដែល​មិន​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​យល់​ព្រម​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្មទាំង​នេះ​ទេ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា។ ​សមាជិក​សភា​ ​និង​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​មួយ​ចំនួនបាន​លើក​ឡើង​កាលពី​ពេល​កន្លង​មក​ថា​ សេចក្តី​ស្នើ​វិសោធន​កម្ម​ទាំងឡាយ​ទៅលើ​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្ម​ទណ្ឌ​គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ​និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឡើយ៕

XS
SM
MD
LG