ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​១៨​គ្រួសារ​នៅ​ខេត្ត​កោះកុង​សុំ​ឆ្វៀល​ដី​របស់​ខ្លួន​ចេញ​ពី​ដី​សម្បទាន


រូបឯកសារ៖ ផ្លូវ​ជាតិ​លេខ​៤៨​កាត់​តាម​តំបន់​​​ការពារ​ព្រៃ​ធម្មជាតិ​និង​ឧទ្យាន​ជាតិ​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​ជា​តំបន់​មាន​ព្រៃ​ធម្មជាតិ​​នៅ​សេសសល់​ចុងក្រោយ​នៅ​ភាគ​និរតី​របស់​ប្រទេស​កម្ពុជា។

ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ​បាន​សុំ​ឱ្យ​សាលាខេត្តកោះកុងសម្រេចឱ្យ​ពួក​គេ​បាន​ស្នាក់​នៅ​លើ​ដី​ទំនាស់​ដែល​នឹង​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ជា​ទី​ក្រុង​ទំនើប។​

ពលរដ្ឋរងគ្រោះ​១៨​គ្រួសារ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ខេត្ត​កោះកុង​ដើម្បីសុំ​សិទ្ធិ​រស់​នៅ​ជា​កម្មសិទ្ធិ​លើដី​ដែល​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union Development Group ​គ្រោង​នឹង​ធ្វើ​អាង​ស្តុក​ទឹក​និង​ទំនប់​វារី​អគ្គិសនី។​ នេះ​បើ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ និង​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ដែលមន្ត្រី​សាលា​ខេត្ត​កោះកុង​បាន​ទទួល​កាលពី​សបា្តហ៍​មុននេះ​ តំណាង​ប្រជា​ពលរដ្ឋ​ទាំង​១៨​គ្រួសារ​ស្នើ​សុំ​ឆ្វៀល​ដី​ទំហំ​៥០​ហិកតា​ស្ថិត​នៅ​ក្នុង​តំបន់ដំណាក់​ក្របី​កូនកុក​ ដែល​ស្ថិត​ក្នុង​អតីត​ភូមិ​ព្រែក​ស្មាច់​ បច្ចុប្បន្ន​ហៅ​ថា ​ភូមិពាមកាយ​ ឃុំ​កោះ​ស្តេច​ ស្រុក​គីរីសាគរ​ដើម្បី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត។​

លោក​អ៊ិន គង់​ជិត ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​ថា៖​

«ទំហំ​ដី​ដែលប្រជា​ពលរដ្ឋស្នើ​សុំ​ឆ្វៀល​ចេញ​នេះ​គឺ​ជា​ដី​ដែល​ពលរដ្ឋ​ទាំង​១៨​គ្រួសារ​បាន​ធ្វើ​ការ​បង្កបង្កើន​ផល​រួមគ្នា ​ដែល​អាច​បង្កើត​បាន​ជា​សហគមន៍​មួយ​បាន»។​

ពាក្យ​បណ្តឹង​នោះ​បាន​សរសេរ​ថា៖​

«រយៈ​កាល​កន្លង​មក​ អាជ្ញាធរ​ភូមិ​ ឃុំ​ និង​ស្រុក​បាន​ព្រងើយ​កន្តើយមិន​យកចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ គាំទ្រ​ និង​ហាក់​ដូច​ជា​មិន​ទទួល​ស្គាល់​ការ​រស់​នៅ​របស់​ពួក​គេ​ឡើយ ទោះ​បី​ជា​ពួក​គេ​មាន​ឯកសារ​សម្គាល់​ការ​ស្នាក់​នៅ​ក៏ដោយ»។​

ក្រុមហ៊ុន​ Union Development Group នេះបាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៤៥.១០០​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨។​ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្គឹមស្កៃ​នេះ​គឺ​កំពុង​ដំណើរ​ការ​នៅ​ចំ​កណ្តាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ក្នុង​ខេត្ត​កោះកុង៕​

XS
SM
MD
LG