ពលរដ្ឋ១៨គ្រួសារក្នុងស្រុកមួយនៃខេត្តកោះកុងកំពុងទទូចឲ្យរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យពួកគេបន្តរស់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ ក្រោយពីមន្ទីរបរិស្ថានខេត្តនេះចេញសេចក្តីជូនដំណឹងឲ្យពួកគាត់រុះរើចាកចេញក្នុងរយៈពេល៣០ថ្ងៃ។
មន្ទីរបរិស្ថាននៃខេត្តកោះកុងបានចេញសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍ទីមួយនៃខែមិថុនានេះ បង្គាប់ឲ្យប្រជាពលរដ្ឋចំនួន១៨គ្រួសាររុះរើលំនៅដ្ឋានរបស់ខ្លួន ដែលសង់ដោយគ្មានការអនុញ្ញាត ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនបន្តអភិវឌ្ឍគម្រោងវិនិយោគទីក្រុងទេសចរណ៍ប្រណិតមួយនៅក្នុងខេត្តនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្រ្តីសិទ្ធិមនុស្សអង្គការលីកាដូ និងតំណាងប្រជាពលរដ្ឋ។
លោក អ៊ិន គង់ជិត មន្ត្រីអង្គការលីកាដូ បញ្ជាក់ថា ប្រជាពលរដ្ឋ១៨គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានទទួលការជូនដំណឹងកាលពីថ្ងៃទី៥ ខែមិថុនាឲ្យរុះរើលំនៅដ្ឋានក្នុងរយៈពេលមួយខែ ដោយអាជ្ញាធរខេត្តបានកាត់ដីក្នុងតំបន់នេះឲ្យក្រុមហ៊ុន Union Development Group ធ្វើការសាងសង់អាងស្តុកទឹក និងទំនប់វារីអគ្គិសនី។
«ខាងមន្ទីរបរិស្ថានខេត្តកោះកុងហ្នឹង គាត់បានចេញលិខិតមួយគឺបង្គាប់ឲ្យប្រជាជន១៨គ្រួសារហ្នឹងឆាប់រុះរើផ្ទះក្នុងអំឡុងពេលមួយខែចេញពីទីតាំងដី ដែលពួកគាត់ប្រកបមុខរបរធ្វើចម្ការបច្ចុប្បន្ននេះ ស្ថិតនៅចំណុចដំណាក់ក្របី ភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ពីព្រោះដីហ្នឹងគឺជាដីដែលបានកាត់ចេញពីឧស្យានជាតិបទុមសាគរទំហ៊ំ៩១០០ហិកតាប្រគល់ឲ្យទៅក្រុមហ៊ុនចិន Union Development Group ដើម្បីអនុវត្តគម្រោងធ្វើអាងស្តុកទឹក និងទំនប់វារីអគ្គិសនី»។
លោកបន្តថា ប្រជាពលរដ្ឋទាំង១៨គ្រួសារ ដែលមួយចំនួនជាអតីតខ្មែរក្រហម បានមករស់នៅតំបន់នេះ តាំងពីពួកគេបានធ្វើសមាហរណកម្មនៅចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៧ ហើយពួកគេក៏ធ្លាប់ត្រូវបានអាជ្ញាធរបង្ខំឲ្យចេញពីភូមិចាស់របស់ពួកគេ ដោយគ្មានសំណងម្តងរួចមកហើយក្នុងតំបន់ដដែលនេះនៅក្នុងឆ្នាំ២០១១។
ក្រោយមកពួកគេក៏មករស់នៅទីតាំង ដែលមន្ទីរបរិស្ថានខេត្តឲ្យរើចេញម្តងនេះទៀត ដោយពួកគាត់មិនដឹងអំពីការសម្រេចរបស់រដ្ឋាភិបាល ដែលធ្វើឡើងនៅខែសីហា ឆ្នាំ២០១១ ឲ្យក្រុមហ៊ុនចិននេះអនុវត្តគម្រោងអាងស្តុកទឹក និងទំនប់វារីអគ្គិសនីនេះទេ។
«ការជូនដំណឹងពីប្រធានមន្ទីរបរិស្ថានខេត្តហ្នឹងបានធ្វើឲ្យគាត់មានការភ័យព្រួយបារម្ភ ហើយពួកគាត់ចង់រស់នៅកាន់កាប់ដីនៅហ្នឹង ដើម្បីអាស្រ័យផលបង្កបង្កើនផលតទៅថ្ងៃមុខទៀត ព្រោះអីគាត់អត់មានដីឯណាសម្រាប់បង្កបង្កើនផលទេ»។
ក្រុមហ៊ុន Union Development Group នេះ បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥១០០ហិកតាពីរដ្ឋាភិបាលកម្ពុជា ដើម្បីសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះគឺកំពុងដំណើរការនៅចំកណ្តាលឧស្យានជាតិបទុមសាគរក្នុងខេត្តកោះកុង។
អ្នកស្រី ស្រី សុផា អាយុ៣៥ឆ្នាំ តំណាងប្រជាពលរដ្ឋដែលរស់នៅជាន់លើដីសម្រាប់ការកសាងអាងស្តុកទឹក និងទំនប់វារីអគ្គិសនីនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋទាមទារសុំបន្តរស់នៅលើដីរបស់ពួកគេបន្តទៀត ព្រោះពួកគេមិនអាចរកទីតាំងដើម្បីរស់នៅក្នុងរយៈពេល៣០ថ្ងៃបានទេ ក្រោយពេលទទួលបានការបង្គាប់ពីមន្ទីរបរិស្ថានខេត្តកាលពីដើមសបា្តហ៍ទីមួយនៃខែមិថុនានេះ ឲ្យពួកគាត់ចាកចេញនោះ។
«គាត់ថា បងប្អូនមិនអាចរស់ទីនេះបានទៀតទេ ព្រោះអីកន្លែងនេះរដ្ឋាភិបាលបានជួលឲ្យទៅក្រុមហ៊ុន Union ធ្វើស្តុកទឹក និងអាងទឹកវារីអគ្គិសនីហើយ។ អញ្ចឹងពួកខ្ញុំថា បើធ្វើក៏ធ្វើទៅ ហើយឲ្យពួកខ្ញុំចេញអញ្ចឹង រយៈពេល៣០ថ្ងៃអញ្ចឹង ឲ្យពួកខ្ញុំទៅនៅឯណា បើពួកខ្ញុំអត់ផ្ទះផងហ្នឹង!»
អ្នកស្រីបានសុំឲ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយចុះទៅពិនិត្យទីកន្លែងរស់នៅរបស់អ្នកភូមិផ្ទាល់ ដែលបានកាប់គាស់ដីធ្លី យកដីដាំដំណាំ និងសង់លំនៅដ្ឋាន៖
«គាត់យកកំហឹងថា ពួកខ្ញុំហ្នឹងរុករានដីព្រៃ។ ខ្ញុំទទួល។ កូនចៅក្រ។ កូនអត់ដីនៅ អត់ផ្ទះសម្បែងនៅ។ រុករានមែន! ទទួលខ្លួនខុស! ថា កូនចៅបានធ្វើខុស! រុករាន ព្រោះតែកូនចៅអត់ហ្នឹងហើយបានជាកូនចៅមកកាប់គាស់នឹងកម្លាំងញើសឈាម អត់មានប្រើកម្លាំងម៉ាស៊ីនទេ។ កូនចៅប្រើដៃសុទ្ធ។ បើបងប្អូនមិនជឿ អ្នកកាសែតមិនជឿ ចុះមកថតមក! តើបងប្អូនខ្ញុំប្រើនឹងកម្លាំងដៃឬអត់?»
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នោះ ទើបរំលោភចូលដីនេះក្នុងខែមិនាកន្លងទៅ ហើយលោកបានការពារផងដែរនូវការអនុញ្ញាតរបស់រដ្ឋាភិបាលលើគម្រាងវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។
«គោលការណ៍រដ្ឋាភិបាលគេត្រូវការវិនិយោគដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អាហ្នឹងរឿងរបស់រដ្ឋាភិបាលទេតើ បង»។
VOA ពុំអាចធ្វើការទំនាក់ទំនងជួបលោក Wang Chao ដែលជានាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Union Development Group បានទេ ដោយសារទូរស័ព្ទលើតុរបស់លោករោទិ៍ តែគ្មានអ្នកទទួល៕