ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​នៃ​ប្រទេស​អេហ្ស៊ីប​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​​លោក​ ហ៊ូស្នី មូបារ៉ាក់


អ្នក​គាំទ្រ​ប្រធានា​ធិបតី​ ហ៊ូស្នី មូប៉ារ៉ាក់ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ ប្រតិកម្ម​នៅ​ក្នុង​បន្ទប់​តុលាការ​កាល​ពី​ថ្ងៃទី​១៣ ខែ​មករា​ ឆ្នាំ​២០១៥​ ប្រឆាំង​ទៅ​នឹង​សាកក្រម​មួយ​ដែល​បញ្ជា​ឲ្យ​មាន​ការ​កាត់​ទោស​ឡើង​វិញ។

តុលាការឧទ្ធរណ៍​មួយ​នៃ​ប្រទេស​អេហ្ស៊ីប(Egypt) បាន​និយាយ​ថា ​លោក​ ហ៊ូស្នី មូប៉ារ៉ាក់ (Hosni Mubarak) ​និង​កូន​ប្រុស​លោក​ពីរ​នាក់​នឹង​ត្រូវ​កាត់​ក្តី​សារ​ជា​ថ្មី​នៅ​ក្នុង​ករណី​គៃ​បន្លំ​ប្រាក់​កាស​ដែល​បាន​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​កាត់​សេចក្តី​ឲ្យមាន​ទោស​ជាប់​គុក​ច្រើន​ឆ្នាំ​កាល​ពី​ឆ្នាំ​ទៅ​មិញ។

តុលាការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​គែរ (Cairo) បាន​ប្រកាស​សេចក្តី​សម្រេច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​នេះ​ជា​ចំណាត់​ការ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ដាក់​ទោស​ដែល​នៅ​សេសសល់​តែ​មួយ​គត់​ប្រឆាំង​នឹង​លោក​ មូប៉ារ៉ាក់។

ប្រភព​ពី​តុលាការ​បាន​និយាយ​ថា​ លោក មូប៉ារ៉ាក់ ដែល​នៅ​ពេល​នេះ​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​យោធា​មួយ​អាច​ត្រូវ​ដោះ​លែងនៅ​ពេល​ណា​មួយ។ ​ក៏​ប៉ុន្តែ​ មន្ត្រី​សន្តិសុខ​មា្នក់​បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន MENA ​ដែល​ជា​ទីភ្នាក់​ងារ​ព័ត៌មានផ្លូវ​ការ​នៃ​ប្រទេសអេហ្ស៊ីប​ថា ការណ៍​នេះ​អាច​នឹង​កើត​មាន​ឡើង​បាន​តែ​នៅ​ពេល​ណា​ដែល​តុលាការ​បញ្ជា​ឲ្យ​មាន​ការ​ដោះលែង​លោក​តែ​ប៉ុណ្ណោះ។

តុលាការ​ថ្នាក់​ទាប​មួយ​បាន​រក​ឃើញ​ថា​ លោក​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​និង​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​មាន​ទោស​កាល​ពី​ខែ​ឧសភា​ ដោយ​បាន​និយាយ​ថា ​ពួក​គេ​បាន​គៃ​បន្លំ​ប្រាក់​ប្រមាណ​១៧​លាន​ដុល្លារ​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ជួស​ជុល​វិមាន​ប្រធានាធិបតី។

លោក​ មូប៉ារ៉ាក់​ ដែល​មាន​អាយុ​៨៦ឆ្នាំ​កំពុង​ជាប់ទោស​ឃុំឃាំង​បីឆ្នាំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​យោធា​មួយ​ ចំណែក​ឯកូន​ប្រុស​លោក​ឈ្មោះ​ Alaa​ និង​ Gamal បាន​ទទួល​ទោស​ជាប់គុក​ម្នាក់ៗ​បួន​ឆ្នាំ៕

XS
SM
MD
LG