ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អេហ្ស៊ីប​ចុះហត្ថលេខា​បង្កើត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម


រូបថតឯកសារ៖ ប្រធានាធិបតី​អេហ្ស៊ីប​ Abdel-Fattah el-Sissi នៅក្នុង​សន្និសីទ​មួយ​នៅទីក្រុង​គែរ កាលពីខែ​មីនា ឆ្នាំ២០១៥។
រូបថតឯកសារ៖ ប្រធានាធិបតី​អេហ្ស៊ីប​ Abdel-Fattah el-Sissi នៅក្នុង​សន្និសីទ​មួយ​នៅទីក្រុង​គែរ កាលពីខែ​មីនា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​អេហ្ស៊ីប​ Abdel Fattah el-Sissi កាល​ពី​ថ្ងៃ​អាទិត្យ​បានចុះ​ហត្ថលេខា​លើ​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​ថ្មីមួយដែល​អំពាវនាវ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​និង​ទោស​ជាប់គុក​មួយ​ជីវិត​ចំពោះ​ការប្រព្រឹត្ត​បទ​ល្មើស​ខ្លះ ព្រម​ទាំង​បាន​គំរាម​ដែរ​ថា​ នឹង​តម្រូវ​ឱ្យ​មាន​ការ​បង់​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​«ការ​រាយ​ការណ៍​ខុស»​អំពី​ការវាយ​ប្រហារ​ភេរវកម្ម។​

កាល​ពី​ខែ​មិថុនា​ លោក ​Sissi ​បាន​សន្យា​ថា​នឹង​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​នៃ​ប្រទេស​អេហ្ស៊ីប​ក្រោយ​ពី​ការ​ផ្ទុះ​គ្រាប់បែក​មួយ​បាន​បណ្តាល​ឱ្យ​រដ្ឋអាជ្ញា​កំពូល​របស់​ប្រទេស​នេះ​បាត់បង់​ជីវិត។ ​មានពួក​ជន​សកម្មប្រយុទ្ធ​យ៉ាង​តិច​ណាស់​ពីរ​ក្រុម​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នោះ។

ក៏​ប៉ុន្តែ​ លោក​ប្រធានាធិបតី​បាន​បន្ទោស​ពួក​ភាតរភាព​ឥស្លាម​ (Muslim Brotherhood) ថា​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ​នោះ។​ រដ្ឋាភិបាល​លោក​ Sissi ​ បាន​ដាក់​ផ្លាក​ឱ្យ​ពួក​នេះ​ថា​ជា​អង្គការ​ភេរវជន​ហើយ​បាន​បង្ក្រាប​ពួក​នេះ​ចាប់​តាំង​ពី​លោក​បាន​ដឹកនាំ​ការ​ដក​លោក​ប្រធានាធិបតី​ឥស្លាម​និយម​ Mohammed Morsi ចេញពី​តំណែង​កាល​ពី​ខែ​កក្កដា ​ឆ្នាំ២០១៣។

តាម​រយៈ​ច្បាប់​ថ្មី​នេះ​ ពួក​ជន​ទាំង​ឡាយ​ណា​ដែល​បង្កើត​ឬដឹកនាំ​ក្រុម​ភេវជន​ថ្មី​មួយ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌក​ម្ម​ប្រហារ​ជីវិត។​ ពួក​ជន​ដែល​ផ្តល់​ប្រាក់​កាស​ឱ្យ​ពួក​ភេរវជន​អាច​មាន​ទោស​ជាប់​គុក​មួយ​ជីវិត​ ចំណែក​ឯ​ការញុះញង់​ឱ្យមាន​ភេរវកម្ម​ឬ​ប្រុង​ប្រៀប​ញុះញង់​ឱ្យ​មាន​ការ​វាយ​ប្រហារ​ក៏​អាច​មាន​ទោស​ជាប់​គុក​ដែរ៕

XS
SM
MD
LG