លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានអញ្ជើញទៅដល់រដ្ឋធានីគែរ (Cairo) ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ និងភេរវកម្មក្នុងតំបន់ រួមមានការគំរាមកំហែងដែលបណ្តាលមកពីរដ្ឋឥស្លាម។
លោករដ្ឋមន្រ្តីការបរទេស Kerry បានទៅដល់រដ្ឋធានីប្រទេសអេហ្ស៊ីបកាលពីយប់ថ្ងៃសៅរ៍ ដែលជាការឈប់សំចតលើកទីមួយនៃដំណើរបំពេញទស្សនៈកិច្ច៥ប្រទេសនៅតំបន់មជ្ឈឹមបូព៌ា ហើយនិងតំបន់អាស៊ីអាគ្នេយ៍។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ដែលធ្វើដំណើរជាមួយលោករដ្ឋមន្រ្តី បានរាយការណ៍ថា លោករដ្ឋមន្រ្តីមិនមានជំនួបផ្លូវការត្រូវបានគ្រោងធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ទេ។ លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក Sameh Shoukry រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបនៅព្រឹកថ្ងៃអាទិត្យនេះ។
មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា បញ្ហាសន្តិសុខនឹងកា្លយជាចំណុចដ៏សំខាន់នៃដំណើរបំពេញទស្សនៈកិច្ចរបស់លោក Kerry នេះ។
ជាពិសេស សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពចលាចលនៅឧបទ្វីបស៊ីណៃ (Sinai) របស់ប្រទេសអេហ្ស៊ីប ដែលនៅទីនោះពួកជនសកម្មប្រយុទ្ធ មានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យជាបន្តបន្ទាប់។
មន្រ្តីក្រសួងការបរទេសម្នាក់ដែលបានពិភាក្សាស្ថានភាពនៅឧបទ្វីបស៊ីណៃមុនពេលលោករដ្ឋមន្រ្តីការបរទេស Kerryបានអញ្ជើញទៅដល់ បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់គាំទ្រការខំប្រឹងប្រែងរបស់អេហ្ស៊ីបដើម្បីធ្វើឲ្យមានស្ថេរភាព។
ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអេហ្ស៊ីបក៏នឹងពិភាក្សាបញ្ហានយោបាយ សេដ្ឋកិច្ច និងសិទ្ធិមនុស្សដែរ៕