មន្ត្រីអេហ្ស៊ីបនិយាយថា មានមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងគែរ ក្នុងពេលប៉ះទង្គិចគ្នារវាងអាជ្ញាធរប៉ូលិស និងអ្នកគាំទ្រលោកប្រធានាធិបតីម៉ូហាមេដ ម៉ូស៊ី (Mohammad Morsi) ដែលត្រូវបានគេទម្លាក់ចេញពីតំណែង។
ការប្រយុទ្ធគ្នាបានកើតមានឡើងក្នុងពេលមានការតវ៉ាដោយក្រុមឥស្លាម បន្ទាប់ពីពួកគេបានមកជួបជុំគ្នាសូត្រធម៌នៅពេលព្រឹកក្នុងសង្កាត់តាលីប៊ីយ៉ា (Talibiya) ដែលនៅជិតប្រាសាទពីរ៉ាមីត (Giza)។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប៉ូលិស។
ក៏មានសេចក្តីរាយការណ៍ពីការតវ៉ានៅក្នុងទីក្រុងណាយ៉ា (Nahya) ដែលជាតំបន់កាន់កាប់របស់ក្រុមឥស្លាម ដែលស្ថិតនៅជាយរដ្ឋធានីនៃប្រទេសអេហ្ស៊ីប។
ការតវ៉ាបានកើតមានឡើងនៅចំថ្ងៃឈប់សម្រាក Eid al-Fitr ដ៏សំខាន់ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យរ៉ាម៉ាដាន់។
ក្រុមអ្នកគាំទ្រលោកម៉ូស៊ី បានធ្វើការតវ៉ាជាប់ជាប្រចាំចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ២០១៣។
រដ្ឋាភិបាលអេហ្ស៊ីបបានដាក់ក្រុម Muslim Brotherhood ឲ្យនៅក្រៅច្បាប់ ហើយបានចាប់អ្នកគាំទ្ររាប់ពាន់នាក់ដាក់ក្នុងពន្ធនាគារ។
ចាប់តាំងពីមានការបង្រ្កាបមក មានការវាយប្រហារដោយក្រុមជីវពលជាច្រើន ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ហើយភាគច្រើនលើគោលដៅរបស់មន្ត្រីរដ្ឋាភិបាលនៅទូទាំងប្រទេស៕