ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក John Kerry ​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ចំណង​ទាក់​ទង​រវាង​អាមេរិក និង​អេហ្ស៊ីប


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក John Kerry (ខាងឆ្វេង) និយាយ​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​អេហ្ស៊ីប​ Sameh Shoukry នៅ​មុន​កិច្ចប្រជុំ​នៅ​ក្រសួងការ​បទេស​នៅ​ក្រុង​គែរ​ ប្រទេស​អេហ្ស៊ីប​ នា​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៥។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry ​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ចំណង​ទាក់​ទង​រវាង​ស.រ.អា និង​ប្រទេស​អេហ្ស៊ីប ព្រម​ទាំង​សារៈសំខាន់​របស់​អេហ្ស៊ីប​នៅ​មជ្ឈិម​បូព៌ា​ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស Sameh Shoukri នៃ​ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​អាទិត្យនេះ។

ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​នៅ​ទីក្រុង​គែរ ​លោក Kerry ​បាន​ថ្លែង​ថា ភាគី​ទាំង​សង​ខាង​នឹង​ពិភាក្សា​អំពី​ការគំរាម​កំហែង​ពី​សំណាក់​ពួក​ក្រុម​អ៊ីស្លាម ហើយ​ថា​ប្រទេស​អេហ្ស៊ីប​បាន​ធ្វើ​ពលិកម្ម​យ៉ាង​ច្រើន​រួច​ជា​ស្រេច​ទៅ​ហើយ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​និយម​ជ្រុល​នេះ។ លោក​បាន​បញ្ជាក់​អំពី​សេចក្តី​ត្រូវ​ការ​យុទ្ធ​សាស្ត្រ​ប្រឆាំង​ទល់​នឹង​ពួក​ភេរវជន​មួយ ដែល​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​មេ​ដឹកនាំ​សាសនា ក្រុម​អ្នក​អប់​រំ ព្រម​ទាំង​ពល​រដ្ឋ​ទូ​ទៅ​ដែល​ច្រាន​ចោល​មនោគមវិជ្ជា​ស្អប់​អ្នក​ដទៃ​នោះ។

លោក​ Kerry ​ថែម​ទាំង​បាន​ពិភាក្សា​អំពី​តួនាទី​របស់​រដ្ឋាភិបាល ដោយ​និយាយ​ថា ចាំ​បាច់​ត្រូវ​តែ​មាន​ការទុក​ចិត្ត​គ្នារវាង​អាជ្ញាធរ​និង​ពល​រដ្ឋ ហើយ​ថា​ នៅ​ពេល​ដែល​ពលរដ្ឋ​មាន​មោទនភាព​លើ​ស្ថាប័ន​គ្រប់​គ្រង​កាន់​តែ​ច្រើន ពេល​នោះ ស្ថាប័ន​គ្រប់គ្រង​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត៕

XS
SM
MD
LG