ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីប​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ចាកចេញ​ពី​តំបន់ Gaza ចូល​ក្នុង​ឧបទ្វីប Sinai


ស្ត្រី​ជនជា​តិប៉ាឡេស្ទីន​រង់ចាំ​នៅ​ច្រក Rafah ដើម្បីចូល​អេហ្ស៊ីប​នៅពេល​ដែល​អ៊ីស្រាអែល​វាយប្រហា Gaza Strip កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២៣។
ស្ត្រី​ជនជា​តិប៉ាឡេស្ទីន​រង់ចាំ​នៅ​ច្រក Rafah ដើម្បីចូល​អេហ្ស៊ីប​នៅពេល​ដែល​អ៊ីស្រាអែល​វាយប្រហា Gaza Strip កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២៣។

ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី ១៤ ខែ​តុលា​ដើម្បី​បើក​ច្រក​ព្រំដែន Rafahរវាង​តំបន់ Gaza និង​ទឹកដី​អេហ្ស៊ីប​ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​គាំង​នៅ​ក្នុង​ទឹកដី​ដែល​ត្រួតត្រា​ដោយ​ក្រុម​ហាម៉ាស់ (Hamas) អាច​ចាកចេញ​ពី​ទី​នោះ​បាន។

ទោះ​ជា​យ៉ាងណា​ក៏ដោយ គេ​មិន​ឃើញ​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត​នៃ​តំបន់ Gaza ដើម្បី​បាន​ចូល​ក្នុង​ប្រទេស​អេហ្ស៊ីប​នោះ​ទេ ស្រប​ពេល​ដែល​អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ឆ្លង​ព្រំដែន។

ប្រទេស​អេហ្ស៊ីប​នៅ​បន្ត​បង្ហាញ​ការ​ប្រឆាំង​ចំពោះ​លទ្ធភាព​នៃ​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជនជាតិ​ប៉ាឡេស្ទីន​ពី​តំបន់ Gaza នៅ​លើ​ទឹកដី​របស់​ខ្លួន នៅ​ចំ​ពេល​ដែល​មាន​ក្ដី​កង្វល់​ថា​ជន​ស៊ីវិល​មកពី​ដែនដី​ប៉ាឡេស្ទីន​នឹង​ត្រូវ​បង្ខំ​ឱ្យ​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​បាន​រត់​ភៀស​ខ្លួន​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់ Gaza។

ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissiបាន​ទទូច​កាលពី​ថ្ងៃ​ទី ១២ ខែ​តុលា​ថា ជនជាតិ​ប៉ាឡេស្ទីន​ត្រូវតែ​រើ​បម្រាស​ប្រឆាំង​នឹង​ការ​បង្ខំ​ឱ្យ​ពួកគេ​ចាកចេញ​ពី​តំបន់ Gaza។

លោក Fattah el-Sissiបាន​និយាយ​ថា៖ «បុព្វហេតុ​ប៉ាឡេស្ទីន​គឺ​ជា​បុព្វហេតុ​ចម្បង​បំផុត​សម្រាប់​ពលរដ្ឋ​អារ៉ាប់​ទាំង​អស់ ហើយ​វា​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​ការ​រក្សា​ភាព​រឹងមាំ​និង​ស្ថិត​នៅ​លើ​ទឹកដី​របស់​ខ្លួន»។

កាលពី​ពេល​ថ្មីៗ​នេះ មេបញ្ជាការ​យោធា​អ៊ីស្រាអែល​លោក​វរសេនីយឯក Richard Hecht បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ Gaza «ចាកចេញ​ពី​តំបន់​នោះ» ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប។ ក្រោយ​មក កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា​មិន​មាន «ការ​អំពាវនាវ​ផ្លូវការ» ណា​មួយ​ពី​អ៊ីស្រាអែល​សម្រាប់​ពលរដ្ឋ​នៃ​តំបន់ Gaza ឱ្យ​ចូល​ក្នុង​ទឹកដី​ប្រទេស​អេហ្ស៊ីប​នោះ​ទេ។

សមាជិក​សភា​អេហ្ស៊ីប​លោក Mustafa Bakri បាន​ប្រាប់​ទូរទស្សន៍ Al Arabiya ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ទី ១៤ ខែ​តុលា​ថា អេហ្ស៊ីប «បាន​ព្រមាន​ទាំង​អ៊ីស្រាអែល​និង​ភាគី​អន្តរជាតិ​ដ៏​ទៃ​ទៀត​ថា​ខ្លួន​នឹង​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​ណា​មួយ​ដែល​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​បាន​តាំង​ទី​លំនៅ​ថ្មី​នៅ​លើ​ឧបទ្វីប Sinai»។

លោក​បាន​អះអាង​ថា​ផែនការ​ចាស់​រាប់​ទសវត្សរ៍​មួយ​ដែល​មាន​ស្រាប់​មាន​បំណង​ដាក់​ជនជាតិ​ប៉ាឡេស្ទីន​ឱ្យ​តាំង​ទី​នៅ​លើ​ឧបទ្វីប Sinai និង​ប្រើ​ទឹកដី​អេហ្ស៊ីប​ជា​ផ្នែក​មួយ​នៃ​មាតុភូមិ​ប៉ាឡេស្ទីន។

លោក Khattar Abou Diab ដែល​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ប៉ារីស (University of Paris) បាន​ប្រាប់​វីអូអេ​ថា នេះ​គឺ​ដោយសារ​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​លោក Hosni Mubarak ដែល​ធ្វើ​ការ​អះអាង​ថា​អ៊ីស្រាអែល​មាន​ផែនការ​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​បាន​តាំង​ទី​លំនៅ​នៅ​លើ​ឧបទ្វីប Sinai ដើម្បី​ជា​ថ្នូរ​នឹង​ការ​លុប​ចោល​បំណុល​មួយ​ផ្នែក​របស់​ប្រទេស​អេហ្ស៊ីប ដែល​ឥឡូវ​នេះ​បំណុល​សរុប​របស់​អេហ្ស៊ីប​មាន​ចំនួន​ប្រហែល ១៧០ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Said Sadek ដែល​បង្រៀន​ផ្នែក​សិក្សា​សន្តិភាព​នៅ​សាកលវិទ្យាល័យ​អេហ្ស៊ីប-ជប៉ុន (Egypt-Japan University) បាន​កត់​សម្គាល់​ថា អេហ្ស៊ីប «មិន​ចង់​ឃើញ​ចំនួន​ដ៏​ច្រើន​នៃ​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​ឧបទ្វីប Sinaiទេ ពីព្រោះ​វា​អាច​បណ្តាល​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​ប្រសិនបើ​ជនជាតិ​ប៉ាឡេស្ទីន​ទាំង​នេះ​ចាប់ផ្តើម​បាញ់​ប្រហារ​ដាក់​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេហ្ស៊ីប»។

លោក Sadek បាន​បន្ថែម​ថា វត្តមាន​ជនជាតិ​ប៉ាឡេស្ទីន​ដ៏​ច្រើន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប «អាច​បណ្តាល​ឱ្យ​មាន​ចលាចល​រវាង​ពលរដ្ឋ​អេហ្ស៊ីប​ដែល​គាំទ្រ​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​និង​អ្នក​ដែល​មាន​បំណង​វាយ​ប្រហារ​អ៊ីស្រាអែល»។

បណ្តាញ​ព័ត៌មាន​អេហ្ស៊ីប​បាន​រាយការណ៍​អំពី​ការ​វាយ​ប្រហារ​របស់​យោធា​អ៊ីស្រាអែល​ម្តងម្កាល​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​អេហ្ស៊ីប​និង​តំបន់ Gaza ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ នៅ​ពេល​ចរាចរណ៍​ឆ្លង​ព្រំដែន​ត្រូវ​បាន​បញ្ឈប់​នៅ​ច្រក​ព្រំដែន Rafah។

អេហ្ស៊ីប​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ដែល​ចង់​បញ្ជូន​ជំនួយ​ទៅ​ឱ្យ​តំបន់ Gaza ឱ្យ​បញ្ជូន​ជំនួយ​ទាំង​នោះ​ទៅ​កាន់​អាកាសយានដ្ឋាន​នៅ​ជិត​ទីក្រុង El Arish វិញ ដែល​ជំនួយ​ទាំង​នោះ​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រំដែន​តាម​រថយន្ត​ដឹក​ទំនិញ​នៅ​ពេល​ព្រំដែន​បើក​ឡើង​វិញ។

ពលរដ្ឋ​ប៉ាឡេស្ទីន​បាន​ឈូសឆាយ​របង​ព្រំដែន​មួយ​ផ្នែក​រវាង​ប្រទេស​អេហ្ស៊ីប​និង​តំបន់ Gaza ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា​មួយ​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza កាលពី​ឆ្នាំ ២០០៨ ដោយ​ជនជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​បាន​ចូល​ទៅ​ផ្នែក​ខាង​ជើង​នៃ​ឧបទ្វីប Sinai របស់​អេហ្ស៊ីប។

ការ​រំលោភ​ព្រំដែន​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដ៏​យូរ​អង្វែង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ថា ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ Gaza នឹង​ស្វះស្វែង​បន្ត​រស់នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ទឹកដី​អេហ្ស៊ីប​ហើយ​នឹង​នៅតែ​បន្ត​ស្ថិត​នៅ​លើ​ដី​អេហ្ស៊ីប​ត​ទៅ​មុខ​ទៀត។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​នានា​បាន​ជំរុញ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ Gaza កុំ​ឱ្យ​ព្យាយាម​ចាកចេញ​ពី​តំបន់​នោះ ហើយ​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន​លោក Mohammad Shtayyeh ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Ramallahនៃ​ភាគ​កណ្ដាល​តំបន់ West Bank បាន​ប្រាប់​ពលរដ្ឋ​នៅ​ក្នុង​តំបន់ Gaza ដែល​កំពុង​ត្រួតត្រា​ដោយ​ក្រុម​ហាម៉ាស់ កុំ​ឱ្យ​ចាកចេញ​ពី​ទឹកដី​នោះ។

លោក Shtayyeh បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១៣ ខែ​តុលា​ថា ពលរដ្ឋ​ប៉ាឡេស្ទីន​នឹង​មិន​ចាកចេញ​ពី​ទឹកដី​របស់​ខ្លួន​ទេ ថ្វី​បើ​អ្វី​ដែល​លោក​បាន​អះអាង​ថា​ជា​ផែនការ​របស់​អ៊ីស្រាអែល​ក្នុង​ការ​បង្ខំ​ឱ្យ​ពួកគេ​ទាំង​អស់​ចេញ​ពី​តំបន់ Gaza ក៏ដោយ។

លោក​បាន​បន្ថែម​ថា អ៊ីស្រាអែល​បាន​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​រត់​រក​ទី​ជម្រក​នៅ​ក្នុង​ប្រទេស​ផ្សេង​តាំង​ពី​ឆ្នាំ ១៩៥០ មក។

រដ្ឋមន្ត្រី​ការបរទេស​ហ៊្សកដានី​លោក Ayman Safadi ក៏​បាន​ទទូច​ផង​ដែរ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១៤ ខែ​តុលា​នៅ​ក្នុង​រាជធានី​អាម៉ាន់​ថា ប្រទេស​របស់​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​រត់​ភៀស​ខ្លួន​ពី​មាតុភូមិ​របស់​ពួកគេ​ទេ។

លោក​បាន​និយាយ​ថា ព្រះមហាក្សត្រ Abdullah ទី​ពីរ​នៃ​ប្រទេស​ហ្ស៊កដានី​បាន​មាន​ព្រះរាជ​បន្ទូល​ថា​ការ​បង្ខិត​បង្ខំ​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ចាកចេញ​ពី​មាតុភូមិ​របស់​ពួកគេ​គឺ​ជា «ចំណុច​កំហិត» មួយ​ដែល​ព្រះអង្គ​នឹង​មិន​ទទួល​យក​បាន​នោះ​ទេ។

លោក Safadi បាន​ព្រមាន​ថា «សន្តិសុខ​និង​ស្ថិរភាព​នៃ​តំបន់​ទាំង​មូល​កំពុង​រង​ការ​គំរាម​កំហែង» ដោយ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់ Gaza៕


ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG