ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បញ្ជូន​កុមារ​អ៊ុយក្រែន​រាប់​រយ​នាក់​ត្រឡប់​​ទៅ​វិញ ​ក្រោយ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ដោយ​កាតា


 ក្មេង​ប្រុស​អ៊ុយក្រែន​ត្រូវបានដោះលែង​ក្រោមក្រោយ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ដោយ​កាតា
 ក្មេង​ប្រុស​អ៊ុយក្រែន​ត្រូវបានដោះលែង​ក្រោមក្រោយ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ដោយ​កាតា

ប្រទេស​កាតា​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​ជួបជុំ​ឡើង​វិញ​របស់​កុមារ​អ៊ុយក្រែន​មួយ​ក្រុម​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​ត្រឡប់​មក​វិញ​របស់​កុមារ​រាប់​ពាន់​នាក់​ដែល​អ៊ុយក្រែន​បាន​បញ្ជាក់​ថា​រុស្ស៊ី​បាន​ចាប់​យក​ទៅ​ទាំង​បង្ខំ​បន្ទាប់ពី​បាន​បើក​ការ​ឈ្លានពាន​លើ​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២ មក។

ដំណើរ​មាតុភូមិនិវត្តន៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​ចរចា​រាប់​ខែ​ដែល​សម្របសម្រួល​ដោយ​ប្រទេស​កាតា។

មន្ត្រី​ដែល​ដឹង​អំពី​រឿង​នេះ​បាន​និយាយ​ថា កុមារ ៤ នាក់​អាយុ​ពី ២ ទៅ ១៧ ឆ្នាំ​បាន​ជួបជុំ​ឡើង​វិញ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្រោម​ការ​រៀបចំ​មួយ​ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​បន្ថែម​ទៀត។

ក្រសួង​ការបរទេស​កាតា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ក្រសួង​ការបរទេស​កាតា​បាន​សម្របសម្រួល​ការ​រៀបចំ​ទទួល​ស្វាគមន៍​កុមារ​ទាំង​នេះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ឯ​ស្ថានទូត​កាតា​ប្រចាំ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​ប្រតិបត្តិការ​នេះ ហើយ​នឹង​អម​ដំណើរ​ពួកគេ​ទៅ​កាន់​ទិសដៅ​របស់​ខ្លួន ធានា​សុវត្ថិភាព សេចក្ដី​សុខ​ស្រួល និង​សុខុមាលភាព​ជូន​ពួកគេ»។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ខែ​មីនា ដោយ​បាន​ចោទ​ប្រកាន់​លោក​ថា​បាន «ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ការ​ចាប់​យក​ទៅ​ដោយ​ខុស​ច្បាប់» នូវ​កុមារ​ពី​ប្រទេស​អ៊ុយក្រែន។

សម្រាប់​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាលពី​យប់​មិញ​ដោយ​ប្រើ​មីស៊ីល ៥ គ្រាប់ និង​ដ្រូន ១២ គ្រឿង។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​លើកឡើង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​ចំនួន ២ គ្រាប់​ក្នុង​ចំណោម​នោះ ដែល​បាន​បាញ់​សំដៅ​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ក៏​ដូចជា​ដ្រូន​ចំនួន ១១ គ្រឿង​ផង​ដែរ។

លោក Pilip Pronin អភិបាល​តំបន់ Poltava នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​តាម Telegram ថា កម្ទេចកម្ទី​បាក់បែក​របស់​មីស៊ីល​ទាំង​នេះ​បាន​ធ្លាប់​ចំ​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​និង​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ៣ នាក់​រង​របួស៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG