ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ត្រៀម​រួចរាល់​ក្នុង​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវ​គោក​លើ​តំបន់ Gaza


ក្បួន​​យានយន្ត​បំពាក់​ដោយ​​អាវុធ ដែល​រួម​មាន​រថពាស​ដែក​ផង ត្រូវ​គេ​ឃើញ​បើក​សំដៅ​ទៅ​តំបន់​ព្រំដែន Gaza នៅ​ភាគ​ខាង​ត្រូវ​ប្រទេស​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃអាទិត្យ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៣។
ក្បួន​​យានយន្ត​បំពាក់​ដោយ​​អាវុធ ដែល​រួម​មាន​រថពាស​ដែក​ផង ត្រូវ​គេ​ឃើញ​បើក​សំដៅ​ទៅ​តំបន់​ព្រំដែន Gaza នៅ​ភាគ​ខាង​ត្រូវ​ប្រទេស​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃអាទិត្យ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៣។

ស្ថានការណ៍​វិវត្ត​ចុងក្រោយពី​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់

· រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammend bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​អាទិត្យ​នេះ ស្រប​ពេល​ដែល​តំបន់​មជ្ឈិម​បូព៌ា​ត្រៀម​លក្ខណៈ​សម្រាប់​ការ​លុកលុយ​តាម​ផ្លូវ​គោក​របស់​យោធា​អ៊ីស្រាអែល​ដែល​គេ​រំពឹងទុក​លើ​តំបន់ Gaza។

· ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ហ្សេរុយសាឡិម​នៃ​ប្រទេស​អ៊ីស្រាអែល​នឹង​ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​តាម​ផ្លូវ​សមុទ្រ​ពី​ទីក្រុង Haifa នៃ​ប្រទេស​នេះ​ទៅ​កាន់​ប្រទេស​ស៊ីប។

· ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ត្រូវ​បាន​សម្លាប់​និង​យ៉ាង​តិច​ពីរ​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ក្រុង Shtula ជាប់​ព្រំដែន​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​ដោយសារ​ការ​បាញ់​ពី​ប្រទេស​លីបង់។

· អ្នក​នាំ​ពាក្យ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា ក្រុម​ហាម៉ាស់​កំពុង​រារាំង​ពលរដ្ឋ​នៅ​ក្នុង​តំបន់ Gaza មិន​ឱ្យ​ជម្លៀស​ចេញ​ពី​តំបន់​នៅ​ភាគ​ខាង​ជើង។

· ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អាជ្ញាធរ​ជាតិ​ប៉ាឡេស្ទីន​លោក Mahmoud Abbas អំពី​តម្រូវការ​ចាំបាច់​សម្រាប់​ជំនួយ​មនុស្ស​ធម៌​នៅ​ក្នុង​តំបន់ Gaza។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

· សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទី​ពីរ «ទៅ​ទប់ទល់​នឹង​ទង្វើ​អមិត្ត​ដែល​ធ្វើ​លើ​អ៊ីស្រាអែល»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក។


អ្នក​នាំ​ពាក្យ​ផ្នែក​អន្តរជាតិ​នៃ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​រំឭក​អ្នក​កាសែត​និង​អ្នក​ដទៃ​ទៀត​ឱ្យ​ប្រយ័ត្ន​ប្រយែង​អំពី «ភាព​ត្រឹមត្រូវ» នៃ​ព័ត៌មាន​ចេញ​ពី​តំបន់ Gaza។

ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត លោក​វរសេនីយ៍​ទោ Jonathan Conricus នៃ​ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ​វីដេអូ​អំពី​ការ​ផ្ទុះ​មួយ​ដែល​គេ​រាយការណ៍​ថា​បាន​កើតឡើង​ចំ​រថយន្ត​នានា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​តំបន់ Gaza កាលពី​យប់​ថ្ងៃ​សុក្រ​តាម​ផ្លូវ Salah-al-Din ដែល​ជា​ផ្លូវ​ជាតិ​ដ៏​ចម្បង​ភ្ជាប់​តំបន់​ភាគ​ខាង​ជើង​និង​តំបន់​ភាគ​ខាង​ត្បូង​នៃ​តំបន់ Gazaនិង​ដែល​ជា​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ជម្លៀស​ខ្លួន​ចំនួន​ពីរ​សម្រាប់​ជន​ស៊ីវិល​ដែល​រត់​ភៀស​ខ្លួន។

លោក Conricus បាន​និយាយ​ថា អ៊ីស្រាអែល​មិន​បាន​វាយ​ប្រហារ​នៅ​តំបន់​នោះ​ទេ ស្រប​ពេល​ដែល​មន្ត្រី​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ជន​ស៊ីវិល​បន្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់ Gaza។

លោក Conricus បាន​ថ្លែង​ថា៖ «យើង​ចង់​ឱ្យ​មនុស្ស​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង»។ លោក​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​វីដេអូ​ផ្សេង​មួយ​ទៀត​អំពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​រារាំង​ផ្លូវ​ដោយ​ក្រុម​ហាម៉ាស់​ដែល​ធ្វើ​ឡើង​ដើម្បី​បង្អាក់​ដល់​ក្រុម​ពលរដ្ឋ​តំបន់ Gaza ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង។

VOA មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បាន​ទេ​អំពី​រូបភាព​ដែល​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​របស់​លោក Conricus ទាំង​នេះ។

បណ្ដាញ​ព័ត៌មាន BBC ក៏​បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ដូច​គ្នា​នេះ​ដែរ​កាលពី​យប់​ថ្ងៃ​សុក្រ ដែល​ការ​ផ្ទុះ​នេះ​បាន​សម្លាប់​ជន​ស៊ីវិល​តំបន់ Gaza មួយ​ចំនួន​នៅ​ពេល​ដែល​ពួកគេ​រត់​ភៀស​ខ្លួន។ ដូច​ទៅ​នឹង​សន្និសីទ​កាសែត​របស់​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​ដែរ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន BBC មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ការ​ផ្ទុះ​នេះ​គឺ​បណ្ដាល​មកពី​មីស៊ីល​ឬ​ក៏​គ្រឿង​ផ្ទុះ​កែច្នៃ​ដែល​បាន​ដាក់​នៅ​តាម​ផ្លូវ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក Conricus បាន​ថ្លែង​ថា៖ «ប្រសិនបើ​អ្នក​ជា​អ្នក​សារព័ត៌មាន​ឬ​ក៏​គ្រាន់តែ​ស្ដាប់​ឮ​ហេតុការណ៍​ដែល​កំពុង​កើតឡើង ហើយ​អ្នក​ទទួល​បាន​ព័ត៌មាន​ពី​តំបន់ Gaza សូម​ប្រយ័ត្ន​ឱ្យ​មែនទែន​អំពី​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ទាំង​នោះ»។

អ្នក​នាំ​ពាក្យ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បញ្ជាក់​ឡើង​វិញ​អំពី​រឿង​រ៉ាវ​ដែល​ក្រុម​ហាម៉ាស់​ជំរុញ​ពលរដ្ឋ​ឱ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​និង​មិន​ឱ្យ​ជម្លៀស​ខ្លួន​ចេញ ស្រប​ពេល​ដែល​អ៊ីស្រាអែល​បាន​ព្រមាន​រំឭក​ពួកគេ​ឱ្យ​ចាកចេញ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន មុន​ពេល​ដែល​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវ​គោក​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់ Gaza។

អ៊ីស្រាអែល​បាន​សន្យា​កម្ទេច​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​អំពី​ហិង្សា​ឆេវឆាវ​របស់​ក្រុម​នេះ ដែល​បាន​ឆ្មក់​វាយ​ប្រហារ​លើ​ក្រុង​នានា​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​ប្រហែល ១.៣០០ នាក់​និង​ចាប់​មនុស្ស​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ការ​ឆ្មក់​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​លើ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត New York Times មន្ត្រី​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា កងទ័ព​អ៊ីស្រាអែល​កំពុង​បង្កើន «ការ​ត្រៀម​លក្ខណៈ» សម្រាប់​ធ្វើ​ការ​លុកលុយ​តាម​ផ្លូវ​គោក​ដែល​មាន​ការ​ចាត់​តាំង​ជា​មុន​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ស្ថានភាព​ធាតុអាកាស​មិន​ល្អ។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បន្ថែម​ថា ការ​រុល​ទៅ​មុខ​របស់​កងទ័ព​ថ្មើរ​ជើង​ណា​មួយ​កាត់​តាម​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់ Gaza នឹង​មាន​ការ​គាំទ្រ​ដោយ​រថក្រោះ​និង «យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​ចម្បាំង ដ្រូន និង​កាំភ្លើង​ធំ​ដែល​បាញ់​ពី​ដី​និង​សមុទ្រ»។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ដាក់​ពង្រាយ​កងទ័ព​បម្រុង​និង​ទាហាន​រាប់​ពាន់​នាក់​ក៏ដូចជា​យុទ្ធោបករណ៍​នានា​នៅ​តាម​ព្រំដែន​រួច​ហើយ នៅ​ចំ​ពេល​ដែល​មាន​ការ​វាយ​លុក​មិន​ឈប់ឈរ​លើ​ដែនដី​នោះ។

កន្លង​មក ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល ១.៩០០ នាក់។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​នៃ​តំបន់ Gaza។

ទន្ទឹម​នឹង​នេះ​ដែរ វិបត្តិ​មនុស្សធម៌​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់ Gaza ស្រប​ពេល​ដែល​ជនជាតិ​ប៉ាឡេស្ទីន​បាន​ស្រវេស្រវា កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​នេះ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​មុន​ពេល​ដែល​អ៊ីស្រាអែល​បើក​ការ​វាយប្រហារ​បែប​យោធា​ណា​មួយ​ដែល​គេ​រំពឹង​ទុក។


រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian បាន​ព្រមាន​អ៊ីស្រាអែល​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​តំបន់ Gaza ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ ដោយ​ហេតុ​ថា​ការ​វាយ​ប្រហារ​នេះ​អាច​ឈាន​ទៅ​ដល់​សង្គ្រាម​ធំ​ជាង​នេះ​រីក​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​មជ្ឈិម​បូព៌ា ប្រសិនបើ​ក្រុម Hezbollah ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ។ ករណី​នេះ​នឹង​ធ្វើ​ឱ្យ​អ៊ីស្រាអែល​រងគ្រោះ​នូវ «ភាព​ចលាចល​ធ្ងន់ធ្ងរ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ហៅ​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និង​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ «មិន​ងាករេ» របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ីស្រាអែល និង​ព្រមាន​ប្រឆាំង​នឹង​នរណា​ដែល «ស្វះស្វែង​ពង្រីក​ជម្លោះ​នេះ»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន។

លោក Biden ក៏​បាន​ជូន​ដំណឹង​ថ្មី​ចុងក្រោយ​បង្អស់​ផង​ដែរ​ដល់​លោក Netanyahu អំពី​ការ​គាំទ្រ​របស់​យោធា​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ីស្រាអែល។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Eisenhower ដែល​ជា​កង​នាវា​ចម្បាំង​ទី​ពីរ ទៅ​កាន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ។ កង​នាវា​ចម្បាំង​នេះ​នឹង​ចូលរួម​ជាមួយ​នឹង​កង​នាវា​ចម្បាំង USS Gerald R. Ford ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​នោះ​នៅ ក្នុង​សប្ដាហ៍​នេះ។

កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរ ប្រទេស​រុស្ស៊ី​បាន​ស្នើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ស្អែក​លើ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​មួយ​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ដោយ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដើម្បី​មនុស្សធម៌​និង​ថ្កោលទោស​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​និង​រាល់​ទង្វើ​ភេរវកម្ម​ទាំង​អស់។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា ពលរដ្ឋ​អាមេរិកាំង ២៩ នាក់​ពិតជា​បាន​ស្លាប់​ពិត​ប្រាកដ​មែន​នៅ​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល។


យោធា​អ៊ីស្រាអែល​បាន​លើកឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ខ្លួន​បញ្ជាក់​ថា​ជន​ស៊ីវិល​ជាង ១២០ នាក់​ពិតជា​ត្រូវ​បាន​ក្រុម​ហាម៉ាស់​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​តំបន់ Gaza មែន។

សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​អេហ្ស៊ីប អ៊ីស្រាអែល និង​កាតា​ដើម្បី​បើក​ព្រំដែន Rafah ឱ្យ​មាន​ការ​ឆ្លងកាត់​ជាមួយ​នឹង​ប្រទេស​អេហ្ស៊ីប​នៅ​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ប៉ាឡេស្ទីន​អាច​ចាកចេញ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ក្រុម​ហាម៉ាស់​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ឆ្លងកាត់​ព្រំដែន​នេះ​ឬ​ក៏​អត់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ហាម៉ាស់​ម្នាក់។

ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel-Fattah el-Sissi ដែល​ជា​សត្រូវ​សួពូជ​របស់​ក្រុម​ហាម៉ាស់ ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​ជម្លៀស​ចេញ​ទ្រង់ទ្រាយ​ធំ​ពី​តំបន់ Gaza អាច​មាន​ន័យ​ថា​ជា​ការ​បញ្ចប់​បំណង​ប្រាថ្នា​នៃ​ការ​ចង់​ក្លាយ​ជា​រដ្ឋ​ប៉ាឡេស្ទីន​មួយ។

រដ្ឋាភិបាល​អេហ្ស៊ីប​នៅតែ​ព្រួយ​បារម្ភ​ថា​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​រាប់​សែន​នាក់​អាច​រត់​ភៀស​ខ្លួន​ចូល​ក្នុង​ប្រទេស​អេហ្ស៊ីប ឬ​ក៏​ប្រទេស​អេហ្ស៊ីប​អាច​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ការទូត​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ការ​កុំ​ឱ្យ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នេះ​កាន់តែ​រីក​ធំ​ជាង​នេះ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​អាទិត្យ​នេះ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG